ឃឹម បូរី ​ឈ្នះ​ពាន​អ្នក​ដឹក​នាំ​ល្អ នៅ Premium Cup

កីឡាករ ឃឹម បូរី ​បាន​ឈ្នះ​ពាន​រង្វាន់​អ្នក​ដឹក​នាំ​ក្រុម​ល្អ​ជាង​គេ ក្នុង​ការ​ប្រកួត​ពាន​រង្វាន់​មិន​អាជីព Premium Cup 2016 ​បើ​ទោះ​បី​ជា​ក្រុម​របស់​លោក​បាន​ចំណាត់​ថ្នាក់​លេខ​៤​ក៏​ដោយ។

 

ឃឹម បូរី ​ឈ្នះ​ពាន​អ្នក​ដឹក​នាំ​ល្អ នៅ Premium Cup

 

ពាន​រង្វាន់ Premium Cup 2016 ​បាន​បញ្ចប់​រដូវ​កាល​របស់​ខ្លួន​ហើយ​កាល​ពី​ល្ងាច​ម្សិលមិញ​នេះ ដោយ​ក្រុម​ Victory FC ​ជា​ម្ចាស់​ជើង​ឯក អម​ដោយ​ប្រាក់​រង្វាន់​៣​លាន​រៀន ក្រុម​ Dai Ek FC ​បាន​ចំណាត់​ថ្នាក់​លេខ​២ ​បាន​ប្រាក់​រង្វាន់ ១​លាន​រៀល ​ក្រុម​ Anachak Baitong FC ​បាន​ចំណាត់​ថ្នាក់​លេខ​៣ ​បាន​ប្រាក់​រង្វាន់​៥០​ម៉ឺន​រៀល ​និង​ក្រុម World Cup FC ​ដែល​ដឹក​នាំ​ដោយ​លោក ឃឹម បូរី ​បាន​លេខ​៤ បាន​ប្រាក់​រង្វាន់​២៥​ម៉ឺន​រៀល។

 

ឃឹម បូរី ​ឈ្នះ​ពាន​អ្នក​ដឹក​នាំ​ល្អ នៅ Premium Cup

 ក្រុមជើងឯក Victory FC លើកពាន Premium Cup

 

បើ​ទោះ​បី​ជា​ដឹក​នាំ​ក្រុម​បាន​លេខ​៤​មែន ​ប៉ុន្តែ​គណៈកម្មាធិការ​រៀប​ចំ​ការ​ប្រកួត​បាន​មើល​ឃើញ​ថា ឃឹម បូរី ​អាច​ដឹក​នាំ​ក្រុម​បាន​យ៉ាង​ល្អ ជា​ពិសេស​ស្មារតី​ទុក​ចិត្ត ​និង​ការ​រៀបចំ​ក្រុម ទើប​ពួកគេ​បាន​សម្រេច​ចិត្ត​បោះ​ឆ្នោត​ឱ្យ កីឡាករ​លេង​នៅ​ក្រុម​ណាហ្គាវើល​រូប​នេះ​ឈ្នះ​ពាន​រង្វាន់​អ្នក​ដឹក​នាំ​ល្អ។​

 

ទន្ទឹម​គ្នា​នឹង​លទ្ធផល​ល្អ​នេះ​ដែរ ឃឹម បូរី ​ធ្លាប់​បាន​និយាយ​ដែរ​ថា​ខ្លួន​ចង់​ក្លាយ​ជា​គ្រូ​បង្វឹក​ទៅ​ថ្ងៃ​អនាគត ក៏​ដូចជា​ដឹក​នាំ​ក្រុម​លេង​នៅ​លីគ​កំពូល​កម្ពុជា បន្ទាប់​ពី​ខ្លួន​ចូល​និវត្តន៍​ទៅ។ ដូច្នេះ​មាន​ន័យ​ថា​បំណង​ប្រាថ្នា​របស់​គេ ទៅ​ថ្ងៃ​អនាគត​កំពុង​តែ​ដំណើរ​ការ​យ៉ាង​រលូន​ទៅ​ហើយ ដោយ​ចាប់​ផ្ដើម​ពី​ការ​ដឹក​នាំ​ក្រុម​មិន​អាជីព​នេះ​ទៅ។

 

ឃឹម បូរី ​ឈ្នះ​ពាន​អ្នក​ដឹក​នាំ​ល្អ នៅ Premium Cup

លោក យ៉ន សម្បត្ត

 

ក្រោយ​បញ្ចប់​ការ​ប្រកួត​ពាន​រង្វាន់ Premium Cup 2016 ​នេះ​ទៅ ​លោក យ៉ន សម្បត្តិ ​ដែល​ជា​អ្នក​ចាត់ការ​ទូទៅ​នៅ​តារាង​បាល់ទាត់ Premium Sport ​បាន​បង្ហើប​ទៀត​ថា​លោក​មាន​គម្រោង​ថ្មី​សម្រាប់​ការ​បង្កើត​ពាន​រង្វាន់​ទៅ​ថ្ងៃ​មុខ​ទៀត។ ដោយ​គម្រោង​នោះ ខាង​លោក​នឹង​បង្កើត​ពាន​រង្វាន់​៣​ផ្សេង​ទៀត រួម​មាន​ Futsal ​លើ​ក្ដា ការ​ប្រកួត​ពាន​រង្វាន់​ U19 ​និង​មួយ​ទៀត​គឺ​ Futsal ​មាន​គ្នា​៩​នាក់៕

 

អត្ថបទ៖ មុន្នី រម្យ