ជន​អត្តឃាត​ម្នាក់​វាយប្រហារ​ក្បែរ​ស្ថាន​កុងស៊ុល​អា​មេ​រិ​ក​នៅ​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត

ជន​អត្តឃាត​ម្នាក់​កាលពី​ថ្ងៃ​ទី​៤ កក្កដា បាន​ធ្វើ​ឱ្យ​ផ្ទុះ​នៅ​ជិត​ស្ថាន​កុងស៊ុល​សហរដ្ឋ​អា​េ​ម​រិ​ក​ប្រចាំ​ទីក្រុង DJEDDAH ជាប់​ឆ្នេរសមុទ្រ​ភាគ​ខាងលិច​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត ។

ក្រសួងមហាផ្ទៃ​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត រាយការណ៍​ថា ការ​ផ្ទុះ​កើត​មាននៅ​កន្លែង​ចត​រថយន្ត​នៃ​មន្ទីរពេទ្យ DR SULEIMAN FAQEEH នា​ថ្ងៃ​ទី​៤ កក្កដា វេលា​ម៉ោង​២​និង​១៥​នាទី​រំលង​អធ្រាត្រ​ម៉ោង​ក្នុងស្រុក ។ មន្ទីរពេទ្យ​នេះ ស្ថិត​នៅ​ក្បែរ​ស្ថាន​កុងស៊ុល​សហរដ្ឋ​អា​មេ​រិ​ក ។

ក្រសួង​នេះ​ក្នុង​សេចក្តី​ប្រកាស​មួយ​បន្ត​ថា បណ្តា​ភ្នាក់ងារ​សន្តិសុខ​មានការ​ចាប់អារម្មណ៍​ចំពោះ​បុរស​ម្នាក់​ដែល​ស្ថិត​នៅ ក្បែរ​កន្លែង​ចត​រថយន្ត រួច​ពេល​ពួក​គេ​ទៅ​ក្បែរ​ជន​នោះ ក៏​ធ្វើ​ឱ្យ​ផ្ទុះ​នៅ​ចំណតរថយន្ត​មន្ទីរពេទ្យ​ជាមួយ​ខ្សែក្រវាត់​មាន​គ្រឿងផ្ទុះ ។ ជន​នេះ​ត្រូវ​ស្លាប់ ហើយ​ភ្នាក់ងារ​សន្តិសុខ​២​នាក់​ត្រូវ​របួសស្រាល​បញ្ជូន​ទៅ​មន្ទីរពេទ្យ ។ ការ​ផ្ទុះ​នេះ​កើត​មាន​ចំ​ថ្ងៃ​បុណ្យ​ឯករាជ្យ​ជាតិ​អា​េ​ម​រិ​ក ថ្ងៃ​ទី​៤ កក្កដា​។ ពុំ​មាន​អ្នកដំណើរ​ណា​ម្នាក់​រង​ការ​ប៉ះពាល់ ក៏​ប៉ុន្តែ​រថយន្ត​ច្រើន​គ្រឿង​នៅ​កន្លែង​ចត​រង​ការ​ខូចខាត ។

ពួក​អ្នកស៊ើប​អង្កេត​ខិតខំ​កំណត់​អត្តសញ្ញាណ​ជន​វាយប្រហារ ខណៈ​ទូរទស្សន៍​រដ្ឋ​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត និយាយ​ថា ការ​ផ្ទុះ​កើត​មាន​ក្បែរ​ព្រះ​វិហារ​អ៊ិ​ស្លា​ម​មួយ ។

នៅ​ក្រុង​វ៉ា​ស៊ី​ន​តោន អ្នកនាំពាក្យ​ក្រសួងការបរទេស​ថ្លែង​ថា យើង​បានដឹង​ពី​ព័ត៌មាន​អំពី​ការ​ផ្ទុះ​នៅ​ក្រុង DJEDDAH ហើយ​យើង​ធ្វើការ​ជាមួយ​អាជ្ញាធរ​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត ដើម្បី​ប្រមូល​ព័ត៌មាន​ថែម​ទៀត ៕