ហួសហេតុ​ពេក ដឹក​ទំនិញ​ខ្ពស់​ត្រ​បាក់​បង្គោល​ភ្លើង

រាជធានី​ភ្នំពេញ ៖ រថយន្ត​យី​ឌុ​ប​ដឹក​ទំនិញ​ខ្ពស់​ពេក​មួយ​គ្រឿង​បាន​ទាក់​ខ្សែភ្លើង​ដែល​អូ​សកាត់ផ្លូវ ហើយ​ទាញ​បង្គោល​ភ្លើង​ឱ្យ​ទ្រេត​ជិត​ដល់​ដី​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ ដោយហេតុ​ការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​4 កក្កដា ត្រង់​ចំណុច​មុខ​ហាង​លក់​រថយន្ត BMW ស្ថិត​ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។

តាម​ប្រភព​ព័ត៌មាន​ពី​សន្តិសុខ​ដែល​យាមកាម​នៅ​មុខ​កន្លែង​កើតហេតុ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​មាន​រថយន្ត​មួយ​គ្រឿង​ប្រភេទ​យី​ឌុ​ប មិន​ចាំ​ស្លាក​លេខ និង​ពណ៌ បាន​បើកបរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ដោយ​ដឹក​ទំនិញ​យ៉ាង​សំពីងសំពោង លុះ​មក​ដល់​ចំណុច​កើតហេតុ ដោយសារ​តែ​រថយន្ត​ខាងលើ​នោះ​ដាក់​ទំនិញ​ខ្ពស់​ពេក ក៏​បាន​ទាក់​ខ្សែភ្លើង​ដែល​អូស​កាត់​ទទឹង​ថ្នល់ បណ្ដាល​ឱ្យ​ខ្សែភ្លើង​នោះ​យឺត​ទាញ​បង្គោល​ខ្សែភ្លើង​បី​ដើម​ទៀត ដួល​ទ្រេត​មក​ថ្នល់​ធ្វើ​ឲ្យ​ខ្សែភ្លើង​ដាច់​មក​ដល់​ដី ខណៈ​ពេល​នោះ​គេ​មិន​មាន​ឃើញ​អាជ្ញាធរ​មូលដ្ឋាន​ខាង​ណា​មក​អន្តរាគមន៍​រថយន្ត​ខាងលើ​នោះ​ទេ ជា​ហេតុ​ធ្វើ​ឱ្យ​រថយន្ត​មានឱកាស​រត់គេច​ខ្លួន​បាត់​ស្រមោល ដោយ​បន្សល់​ទុក​តែ​បង្គោល​ខ្សែភ្លើង​នៅ​ទ្រេត​មក​ថ្នល់​ដែល​ជា​ផល​អាក្រក់​ដល់​អ្នក​ធ្វើ​ដំណើរ​ឆ្លងកាត់​ផ្លូវ​ខាងលើ​នោះ​អាច​នឹង​បង្ក​ជា​គ្រោះ​ដោយ​ប្រការ​ណាមួយ ៕