អ្នកណា​នឹង​ក្លាយ​ជា​សហគ្រិន​ឆ្នើម វគ្គ​ជម្រុះ​នៃពាន​សហគ្រិន​វ័យ​ក្មេង​កម្ពុជា​២០១៦?

សភា​យុវ​ពាណិជ្ជករ​អន្តរជាតិ​កម្ពុជា(JCI) សាខា​មេគង្គ និង​សមាគម​សហគ្រិន​វ័យ​ក្មេង​កម្ពុជា(YEAC) នឹង​ធ្វើ​សន្និសីទ​កាសែត ស្តីពី «ពិធី​ប្រកាស​ជយ​លាភី​សហ​គ្រិន​វ័យ​ក្មេង​ឆ្នើម​ទាំង​១២​រូប» វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ នៅ​ថ្ងៃ​ស្អែក​នេះ វេលា​ម៉ោង ១:៣០ ដល់ ៤:៣០ រសៀល នៅ​សណ្ឋាគារ​ភ្នំពេញ ។

 

អ្នកណា​នឹង​ក្លាយ​ជា​សហគ្រិន​ឆ្នើម វគ្គ​ជម្រុះ​នៃពាន​សហគ្រិន​វ័យ​ក្មេង​កម្ពុជា​២០១៦?

 

សហគ្រិន​ឆ្នើម​ដែល​ជាប់​ក្នុង​វគ្គ​ជម្រុះ​ទំាង​១២​រូប នឹង​មាន​ឱកាស​បាន​ផ្សព្វផ្សាយ​ពី មុខ​របរ ភាព​ជោគ​ជ័យ នៅ​លើ​អាជីវកម្ម​របស់​ខ្លួន​ទៅ​កាន់​បណ្តា​សហគ្រិន និង​សាធារណៈជន​ទូទៅ តាម​រយៈ​វេទិកា​ថ្នាក់​ជាតិ​នានា និង នៅ​តាម​បណ្តាញ​សង្គម​ផង​ដែរ ។ មិន​ត្រឹម​ប៉ុណ្ណោះ សហគ្រិន​នឹង​អាច​បង្កើន​នូវ​ទំនុក​ចិត្ត​ក្នុង​នាម​ជា​ម្ចាស់​អាជីវកម្ម​វ័យ​ក្មេង​មួយ​រូប​ក្នុង​កិច្ច​ប្រឹង​ប្រែង​លើក​ស្ទួយ​​វិស័យ​សេដ្ឋកិច្ច​នៅ​កម្ពុជា។ ​

 

សហគ្រិន​ទាំង​១២​រូប ដែល​បាន​ជាប់​ជយលាភីនៅក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ នឹងមានឱកាស​ឈាន​ទៅ​ដណ្តើម​ពានរង្វាន់ប្រចាំឆ្នាំ នៅវគ្គផ្តាច់ព្រ័ត្រជាបន្តទៀត ដែលនឹងប្រព្រឹត្តិទៅ​នៅខែ សីហា​ខាង​មុខ​នេះ។

 

កម្មវិធី​ប្រកួត​ប្រជែង​ពាន​រង្វាន់​សហ​គ្រិន​វ័យ​ក្មេង​កម្ពុជា(CYEA) នឹង​ជ្រើស​រើស​សហគ្រិន​ឆ្នើម​ចំនួន​៤​រូបប្រចាំ​ឆ្នាំ​២០១៦ ។ ពាន​រង្វាន់​ទាំង​៤​នោះ​រួម​មាន៖ ពាន​រង្វាន់​សហគ្រិន​ឆ្នើម​ប្រចាំ​ឆ្នាំ​២០១៦, ពាន​រង្វាន់​សហគ្រិន​ឆ្នើម​ផ្នែក​សង្គម, ពាន​រង្វាន់​សហគ្រិន​ឆ្នើម​ស្ត្រី និង​ពាន​រង្វាន់​សហ​គ្រិន​វ័យ​ឆ្លាត​ផ្នែក​បច្ចេក​វិទ្យា៕

 

អត្ថបទៈ ដៃ​គូ​សហការ