អ្នក​រ៉េប​អេស្ប៉ាញ​បទ “ភ្លៀង”​ ឈឺ​ខ្លាំង​ចង់​ជួប ហេង ​ពិទូ

នាង សុខមនោ (Morno) ​អ្នក រ៉េប (Rap) ជា​ភាសា​អេស្ប៉ាញ ក្នុង​បទ “ភ្លៀង” របស់​លោក ហេង ពិទូ ថ្លែង​មក​កាន់​ Sabay ទាំង​កំពុង​គេង​ក្នុង​មន្ទីរ​ពេទ្យ​កាល់ម៉ែត្រ​​ថា ​កាល​លោក​ឈឺ​ខ្លាំង​​ ហើយ​គិត​ថា​ខ្លួន​ឯង​មិន​អាច​មាន​ជីវិត​រស់​នៅ​បន្ត​ទៀត​ បំណង​ប្រាថ្នា​ចុង​ក្រោយគឺ​ចង់​ជួប​ ហេង ពិទូ ​​ដែល​ជា​អ្នក​មាន​គុណ​ទី២​របស់​លោក។

​​​

“ថ្ងៃ​សៅរ៍​ កាល​ខ្ញុំ​ឈឺ​ខ្លាំង​ ហើយ​គិត​ថា​​ខ្លួន​ឯង​ប្រហែល​ជា​មិន​រស់​ទេ ​ព្រោះ​ពេល​នោះ​ចង់​តែ​ដាច់​ខ្យល់​ម្តងៗ​ហើយ​បង។ ចឹង​គិត​ថា​មុន​នឹង​ស្លាប់​ខ្ញុំ​ត្រូវ​ជួប​គាត់​ និង​ចង់​និយាយ​ជាមួយ​គាត់​ចុង​ក្រោយ ​ព្រោះខ្ញុំ​មាន​គេ​ស្គាល់​សព្វ​ថ្ងៃ​ក៏​ដោយសារ​បង​ ហេង ពិទូ ជា​អ្នក​មាន​គុណ​ជួយ​ខ្ញុំ​ក្នុង​វិស័យ​សិល្បៈ​មួយ​នេះ​ដែរ”។​ និស្សិត​ផ្នែក​ច្បាប់ Morno ថ្លែង។

 

អ្នក​រ៉េប​អេស្ប៉ាញ​បទ “ភ្លៀង”​ ឈឺ​ខ្លាំង​ចង់​ជួប ហេង ​ពិទូ

 

អតីត​បេក្ខជន​ក្នុង​កម្មវិធី Cambodia’s Got Talent ​រូប​នេះ​ បន្ត​ឲ្យ​ដឹង​ទៀត​ថា ​ពី​មុន​គ្មាន​អ្នក​ណា​ចាប់​អារម្មណ៍​នឹង​រូប​លោក​ ហើយ​ថែម​ទាំង​មាន​អ្នក​មើល​ងាយ​​លោក​គ្រប់​សព្វ​បែប​យ៉ាង ​ក្នុង​វិស័យ​សិល្បៈ​រហូត​ដល់​យំ​ក៏​មាន​ ប៉ុន្តែ​​ក្រោយ​ពី​បាន​ការ​ជួយ​ជ្រោម​ជ្រែង​ពី​ ហេង ពិទូ ទើប​លោក​មាន​គេ​ស្គាល់​​មក​ដល់​សព្វ​ថ្ងៃ។

 

និស្សិត​ផ្នែក​ច្បាប់ បន្ថែម៖ “និយាយ​រួម​ទៅ​បង​ ពិទូ គាត់​មិន​ត្រឹម​តែ​ជួយ​ស្រោច​ស្រង់​ខ្ញុំ​មក​ច្រៀង​ រ៉េប​ ជាមួយ​គាត់​ប៉ុណ្ណោះ​ទេ គាត់​ជា​អ្នក​មាន​គុណ ជា​គ្រូ​ដែល​បាន​ជួយ​បង្រៀន​ខ្ញុំ​គ្រប់​បែប​យ៉ាង​ នៅ​ក្នុង​វិស័យ​សិល្បៈ​នេះ”។

 

អ្នក​រ៉េប​អេស្ប៉ាញ​បទ “ភ្លៀង”​ ឈឺ​ខ្លាំង​ចង់​ជួប ហេង ​ពិទូ

 

ជាមួយ​គ្នា​នេះ​ លោក ហេង​ ពិទូ​ ក៏​បាន​បញ្ជាក់​មក​កាន់​ Sabay ​មុន​នេះ​ដែរ​ថា​ លោក​បាន​ដឹង​ពី​បញ្ហា​នេះ​ហើយ ហើយ​លោក​ក៏​មាន​បំណង​ទៅ​សួរ​សុខ​ទុក្ខ​ផ្ទាល់​នៅ​មន្ទីរ​ពេទ្យ​ដែរ​ ប៉ុន្តែ​ដោយសារ​រវល់​ការងារ​ខ្លាំង លោកបាន​ត្រឹម​សួរ​សុខ​ទុក្ខ​បន្ត​ពី​ក្រុម​ការងារ​ដែល​បាន​ទៅ​ចុះ​ទៅ​ផ្ទាល់​នៅ​មន្ទីរ​ពេទ្យ​ប៉ុណ្ណោះ​។

 

​ម្ចាស់​បទ “ទីបំផុត” បន្ត​​ពាក់​ព័ន្ធ​រឿង​ នាង សុខមនោ ដែល​ចាត់​ទុក​លោក​ជា​អ្នក​មាន​គុណ​ទី​២​ ពិទូ​ប្រាប់​ថា​ មិន​មែន​ជា​គុណ​ស្រ័យ​អ្វី​ឡើយ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​ដោយសារ​សមត្ថភាព​ផ្ទាល់​របស់​អ្នក​រ៉េប​ភាសា​អេស្ប៉ាញ​ខ្លួន​ឯង​ទៅ​វិញ​ទេ​។​

 

អ្នក​រ៉េប​អេស្ប៉ាញ​បទ “ភ្លៀង”​ ឈឺ​ខ្លាំង​ចង់​ជួប ហេង ​ពិទូ

 

“ការពិត​បង​​គ្មាន​គុណ​ស្រ័យ​អី​ធំដុំទេ​ ហើយ​ក៏​មិន​បាន​ជួយ​គាត់​អី​ច្រើន​ដែរ ប៉ុន្តែ​ដោយសារ​​គាត់​​ខ្លួន​ឯង​មាន​សមត្ថភាព​គួប​ផ្សំ​ផង​ទេ​។ ហើយ​គេ​ស្គាល់​គាត់​ច្រើន​ក៏​ដោយសារ​ប្រហែល​ជា​គាត់​ច្រៀង​ជាមួយ​ខ្ញុំ​បទ “ភ្លៀង”​ ហ្នឹង​ឯង​អូន​”។

 

សុខមនោ​ បញ្ជាក់​ផង​ដែរ​ថា​ ឥឡូវ​សុខ​ភាព​លោក​បាន​ធូរ​ស្បើយ​​ហើយ ​ក្រោយ​​មាន​ការ​ពិនិត្យ​​ពី​គ្រូ​ពេទ្យ​ បន្ទាប់​ពីលោក​​មាន​អាការៈ​ថប់​ដង្ហើម​ និង​បេះដូង​លោត​ខុស​ធម្មតា​ កាល​ពី​យប់​ថ្ងៃ​សៅរ៍​។ យ៉ាង​ណា​មិញ​ អ្នក​រ៉េប​ភាសា​អេស្ប៉ាញ​ក្នុង​បទ​ “ភ្លៀង” របស់​លោក​ ហេង ពិទូ ប្រាប់​ថា​មិន​ទាន់អាច​ចេញ​ពី​មន្ទីរ​ពេទ្យ​បាន​ទេ ដោយសារ​ក្រុម​គ្រូពេទ្យ​កំពុង​តាម​ដាន​ ចង្វាក់​បេះដូង និង​សួត​បន្ត​ទៀត​៕

 

អត្ថបទ៖ ថា ម៉ាលីដា​​​