នារី​ម្នាក់​ងើប​ចេញពី​ទឹក​ដោយ​មាន​ត្រី​ឆ្លាម​មួយ​ខាំ​ជាប់ដៃ​នៅ​ផ្ល​រី​ដា

នៅ​រដ្ឋ​ផ្ល​រី​ដា​ភាគ​អាគ្នេយ៍​សហរដ្ឋ​អា​មេ​រិ​ក​នៅ​កន្លែង​កម្សាន្ត​មាត់សមុទ្រ BOCA RATON យុវនារី​អាយុ​២៣​ឆ្នាំ​ម្នាក់ រង​ការ​វាយប្រហារ​ដោយ​ត្រី​ឆ្លាម​តូច​មួយ​ក្បាល​កាលពី​ថ្ងៃ​ទី​២ កក្កដា ពេល​នាង​កំពុង​ហែល​ទឹក​លេង ។ នារី​រូប​នេះ​ត្រូវ​បាន​បញ្ជូន​ភ្លាម​ៗ​ទៅ​មន្ទីរពេទ្យ​ជាមួយ​ត្រី​ឆ្លាម​ដែល​នៅ​ខាំ​ជាប់ដៃ​នាង ។

ត្រី​ឆ្លាម​មាន​ប្រវែង​៦០​សង្ទីម៉ែត្រ​នេះ​បាន​ខាំ​ជាប់​ពុំ​ព្រម​លែង​ចំណី​របស់​ខ្លួន​ឡើយ ។ ជាមួយ​ការ​តក់ស្លុត យុវនារី​រូប​នេះ​ត្រូវ​បាន​មិត្ត​ប្រុស​នាំ​មក​កាន់​មន្ទីរពេទ្យ ដោយ​មិត្ត​ប្រុស​ទ្រ​ត្រី​ឆ្លាម​ដែល​ខាំ​ជាប់ដៃ​នាង ។ សាក្សី​ម្នាក់​និយាយ​ថា ពេល​នៅ​លើគោក​បែប​នេះ​ត្រី​ឆ្លាម​ពិបាក​ដកដង្ហើម តែ​នៅ​ពុំ​ព្រម​ហាមាត់​លែង​ចេញពី​ដៃ ។

ត្រី​ឆ្លាម​ប្រភេទ​នេះ​ពេល​វា​ធំ​តាម​ធម្មតា មាន​ប្រវែង​ដល់​៣​ម៉ែត្រ ហើយ​មាន​ច្រើន​តាម​បណ្តោយ​ឆ្នេរសមុទ្រ​អា​ត្ល​ង់​ទិ​ក រដ្ឋ​ផ្ល​រី​ដា ហើយ​ជា​ទូទៅ​ពុំ​បង្ក​គ្រោះថ្នាក់​ឡើយ ។ ជា​ពពួក​ត្រី​រកស៊ី​ពេល​យប់ ចាប់​ត្រី​តូច​ៗ និង​សត្វ​សមុទ្រ​ឯទៀត​ៗ​ស៊ី ៕