រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម ពន្យល់​និស្សិត​ឲ្យ​យល់ ដឹង​ពី​អាស៊ាន និង​សារៈសំខាន់​នៃ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​

រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម ពន្យល់​និស្សិត​ឲ្យ​យល់ ដឹង​ពី​អាស៊ាន និង​សារៈសំខាន់​នៃ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​



ភ្នំពេញ ៖ លោក ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ចូលរួម​ជា​វាគ្មិន ក្នុង​សិក្ខាសាលា​ស្ដីពី “​ការ​យល់ដឹង​ពី​អាស៊ាន និង​សារៈសំខាន់​​នៃ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​”​និង​សារៈសំខាន់​នៃ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន នៅ​សាកលវិទ្យាល័យ​មានជ័យ ខេត្ត​បន្ទាយមានជ័យ កាលពី ព្រឹក​ថ្ងៃទី​២ ខែកក្កដា ឆ្នាំ​២០១៦។

លោក​រដ្ឋមន្ត្រី បាន​ជម្រាប ដល់ សិស្សានុសិស្ស និស្សិត នៃ​សកល​វិទ្យាល័យ​ចំនួន ៥ ក៏ដូចជា​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​បន្ទាយមានជ័យ និង​ខេត្ត​ជិតខាង សមាជិក​សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា ថា កម្ពុជា​យើង​ជា​ប្រទេស​អភិវឌ្ឍន៍​តិចតួច​បំផុត​មួយ នៅ​ក្នុង​ចំណោម​ប្រទេស អភិវឌ្ឍន៍​តិចតួច​បំផុត​មួយ​ចំនួនទៀត របស់​សមាជិក​អាស៊ាន ក៏​ប៉ុន្តែ​ការចូលរួម​ក្នុង​សមាគម​ប្រជាជាតិ អាស៊ីអាគ្នេយ៍ ឬ អាស៊ាន ជា​ឱកាស​មួយ​សម្រាប់​កម្ពុជា​យើង​បាន​ចូលរួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស នឹង​ការ​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច តាមរយៈ​ការអនុវត្ត​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ​អាស៊ាន ស្តីពី​ទំនិញ សេវាកម្ម កិច្ចព្រមព្រៀង​វិនិយោគ​ទូលំទូលាយ​អាស៊ាន និង​ការចរចា​បង្កើត​កិច្ចព្រមព្រៀង​នានា ជាមួយនឹង ប្រទេស​ជា​ដៃគូ​សេដ្ឋកិច្ច​អាស៊ាន ដែល​មាន​ដូចជា ចិន កូរ៉េ ជប៉ុន អូស្ត្រាលី ណូ​វែ​ល​ហ្សេ​ឡង់ និង​ឥណ្ឌា។

ក្នុង​បរិបទ​ពាណិជ្ជកម្ម ការអនុវត្ត​ផែនការ​លម្អិត​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន (AEC) ក៏បាន​ផ្តល់​ឱកាស ឲ្យ​កម្ពុជា​យើង បាន​ពង្រីក​ទីផ្សារ​ទៅ​ខាង​ក្រៅ និង​ពង្រឹង​តួនាទី​របស់​ខ្លួន​ក្នុង​សង្វាក់​ផលិតកម្ម​តំបន់ និង សកល​ផង​ដែរ​។ សិក្ខាសាលា​នេះ​ក៏​ផ្ដល់​ឱកាស​ឲ្យ​ប្អូនៗ​សិស្ស និស្សិត ចោទ​ជា​សំនួរ​ជូន​ទៅ​ឯកឧត្ដម​រដ្ឋមន្ត្រី ដើម្បី​ទទួល​នូវ​ការ​បង​ស្រាយ​ឲ្យ​កាន់​តែ​ច្បាស់ អំពី​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន ជារួម។

ឆ្លើយតប​និង សំនួរ​របស់​ប្អូនៗ​សិស្ស និស្សិត​ពេលនោះ គឺ​ផ្ដោត​លើ​ភាព​ប្រឈម​របស់​កម្ពុជា​ក្នុង​ការ​ប្រកួតប្រជែង​ជាមួយ​ប្រទេស​ក្នុង​តំបន់ និង​ផលប្រយោជន៍​អ្វីខ្លះ​ដែល​កម្ពុជា អាច​ទាញ​យក​ពី​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​។​លោ​កម​រដ្ឋមន្ត្រី មានប្រសាសន៍ថា ការ​បង្កើត​ជា​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​គឺ​មាន​គោលបំណង ឲ្យ​អាស្រ័យ​លើ​គ្នា​ទៅវិញទៅមក (complementary to one another) ដូច្នេះ​ហើយ​ផលប្រយោជន៍​គឺ​មាន​ទៅវិញទៅមក ដោយ​កម្ពុជា​អាច​ទទួល​បាន​បច្ចេកវិទ្យា​ថ្មីៗ និង​ជំនាញ​ថ្មី​តាមរយៈ​ការវិនិយោគ​ពី​ប្រទេស​ក្នុង​តំបន់ និង​សកលលោក​។ រដ្ឋមន្ត្រី ក៏បាន​លើកឡើង​ផងដែរ​អំពី​ភាពជា​ដៃគូ​សេដ្ឋកិច្ច​ទូលំទូលាយ​ថ្នាក់​តំបន់ (Regional Comprehensive Economic Partnership (RCEP)) ដែលជា​យន្តការ​មួយ​សម្រាប់​ឲ្យ​កម្ពុជា​ចូលរួម​ក្នុងការ​ចរចារ​ក្នុងនាម​អាស៊ាន ជាមួយ​បណ្ដា​ប្រទេសក្រៅ​អាស៊ាន​ដូចជា ចិន ឥណ្ឌា ជប៉ុន កូរ៉េ អូស្ត្រាលី នូ​វែ​ល​ហ្សេ​ឡង់​។​ ដោយ​ពេលវេលា​មានកំណត់ លោក រដ្ឋមន្ត្រី បាន​ជំរុញ​ឲ្យ​សិស្ស និស្សិត​ទាំងអស់​ដែលមាន​ចំណាប់អារម្មណ៍​បន្ថែម ពី​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ធ្វើការ​ស្រាវជ្រាវ ហើយក៏​អាច​ទំនាក់ទំនង​មក​ក្រសួងពាណិជ្ជកម្ម​ផងដែរ ប្រសិនជា​ត្រូវការ​ឯកសារ​នានា​៕​