Khmer United ឡើងទៅជួបក្រុមស្ថាបនា នៅវគ្គផ្តាច់ព្រ័ត្រ

ក្រុម Khmer United នឹងឡើងទៅជួបក្រុមស្ថាបនា នៅវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ខ្មែររៀលអ៊ីស្ទេត លើកទី៥ ឆ្នាំ២០១៦ (Khmer Real Estate Cup 2016) ជាលើកដំបូង បន្ទាប់ពីក្រុមទាំង២នេះបានយកឈ្នះក្រុម RFL និង V.K United ក្នុងការប្រកួតពាក់កណ្តាលផ្តាច់ព្រ័ត្រ កាលពីម្សិលមិញ។

mm1

សម្រាប់ការប្រកួត ដែលធ្វើនៅកីឡដ្ឋានវេស្ទើន កាលពីថ្ងៃអាទិត្យនោះ Khmer United និងក្រុម RFL បានធ្វើការវាយបកគ្នាទៅវិញទៅមកយ៉ាងស្វិតស្វាញបំផុត។ យ៉ាងណាក៏ដោយ Khmer United នៅតែអាចរកឃើញការឈ្នះក្នុងលទ្ធផល ២-១ លើក្រុម RFL ដើម្បីឡើងទៅវគ្គផ្តាច់ព្រ័ត្រជាលើកដំបូង ខណៈការចូលរួម៤ឆ្នាំកន្លងមក ពួកគេបានត្រឹមធ្លាក់ទៅវិញត្រឹមវគ្គ៨ក្រុមនោះ។

mm2

ចំណែកក្រុមស្ថាបនា បានបន្តយកឈ្នះក្រុមមានប្រភពចេញពីពូលBជាមួយគ្នា V.K United ក្នុងលទ្ធផល ៦-២ ដោយមិនសូវមានភាពតានតឹងប៉ុន្មានឡើយ។ ស្ថាបនា ធ្លាប់បានយកឈ្នះក្រុម V.K United ៥-៣ ក្នុងការប្រកួតវគ្គជម្រុះតាមពូលម្តងហើយ ប៉ុន្តែការទទួលបានជ័យជម្នះរៀងៗខ្លួន ក្នុងវគ្គ៨ក្រុមចុងក្រោយ កាលពីរពីសប្តាហ៍មុន ធ្វើឲ្យក្រុមទាំង២បានឡើងមកជួបគ្នាម្តងទៀត ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ។

mm3

ជាមួយលទ្ធផលនេះ ក្រុមស្ថាបនា និង Khmer United នេងឡើងទៅដណ្តើមពានមួយនេះ នៅវគ្គផ្តាច់ព្រ័ត្រ នារសៀលម៉ោង៤ ថ្ងៃអាទិត្យ ចុងសប្តាហ៍នេះ គឺបន្ទាប់ពីការប្រកួតដណ្តើមយកលេខ៣ និងលេខ៤រវាងក្រុម RFL និងក្រុម V.K United។ ប៉ុន្តែក្រុមស្ថាបនា ហាក់មានការបារម្ភទៅលើភាពខ្លាំងរបស់ក្រុម Khmer United ដែលមានកីឡាករបរទេសចូលរួមច្រើន ខណៈក្រុមពួកគេ មិនបានដាក់កីឡាករអាជីពចំនួន២នាក់ តាមការអនុញ្ញាតរបស់គណៈកម្មការរៀបចំការប្រកួតនោះ៕
mm4
mm5