ឡុង សុវណ្ណឌឿន ផុងក្តោងច្រមុះ ទោះឈ្នះថៃថ្ងៃបើកឆាកដូច ឡេះ តើក

កីឡាករ ឡុង សុវណ្ណឌឿន និង ឡេះ តើក សុទ្ធតែទទួលបាន៣ពិន្ទុពេញ នៅក្នុងការប្រកួត Red Bull សមរភូមិអ្នកប្រយុទ្ធ ទម្ងន់៦៩គីឡូក្រាម បន្ទាប់ពីអ្នកប្រដាល់តំណាងឲ្យកម្ពុជាទាំង២នេះ បានយកឈ្នះអ្នកប្រយុទ្ធរបស់ថៃ ដោយពិន្ទុដូចគ្នា នៅលើសង្វៀន PNN កាលពីល្ងាចថ្ងៃអាទិត្យ។

mm1

សិស្សគុនក្លិបសាលវ័ន្តកីឡា ឡុង សុវណ្ណឌឿន បានយកឈ្នះកីឡាករថៃ Sumaee Sor Weerawan ដោយពិន្ទុទាំងវេទនាបំផុត។ សុវណ្ណឌឿន ត្រូវបានថៃម្នាក់នេះវាយកែងឡើងផុងក្តោងច្រមុះតាំងពីទឹកទី២ ហើយគ្រូពេទ្យក៏បានប្រាប់ឲ្យឈប់ផងដែរ ប៉ុន្តែអ្នកប្រដាល់រូបនេះ នៅតែជម្នះប្រកួតទាំងមានឈាមចេញពីមុខរបួស។

mm2

ការព្យាយាមវាយលុកដោយការទាត់ក្រោម ពិសេសការម៉ាត់ចូលពេញៗរបស់គេ បានជួយឲ្យ ឡុង សុវណ្ណឌឿន ទទួលបានជ័យជម្នះលើកីឡាករថៃ Sumaee Sor Weerawan ដ៏មិនគួរឲ្យជឿ ខណៈដៃគូរបស់គេក៏មិនសូវពេញចិត្ត និងលទ្ធផលនេះដែរ។ ប៉ុន្តែការផុងក្តោងច្រមុះរបស់ សុវណ្ណឌឿន នៅមិនទាន់ដឹងថា គេអាចបន្តការប្រកួតទៀតបាន ឬយ៉ាងណានោះទេ។

mm3

ចំណែកកីឡាករជើងចាស់ ឡេះ តើក របស់ក្លិបពុទ្ធសេរីវង្សព្រែកតាទែន បានយកឈ្នះអ្នកប្រដាល់ថៃ Chokedee Sor Thanapetch ដោយពិន្ទុដូចគ្នា ប៉ុន្តែ ឡេះ តើក ត្រូវប្រឈមនៅការប្រកួតលំបាកៗជាច្រើនទៀតគឺជាមួយកីឡាករថៃ៣នាក់ទៀត ដើម្បីប្រជែងជាមួយមិត្តរួមជាតិ ឡុង សុវណ្ណឌឿន សរ រាជសីហ៍ និង ពេជ្រ សីហា ព្រោះព្រឹត្តិការណ៍នេះ អត់មានវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រទេ គឺយកអ្នកបានលេខ១តំណាងឲ្យកម្ពុជា ទៅប្រកួតជាមួយលេខ១តំណាងឲ្យថៃនៅវគ្គផ្តាច់ព្រ័ត្រតែម្តង៕
mm4
mm5
mm6