ងោក​មួយភាំង ក្រឡាប់​រថយន្តក្រុង​ផ្ងារជើង​ឡើង​លើ

ខេត្តស្វាយរៀង ៖ គ្រោះថ្នាក់​ចរាចរណ៍​ដ៏​អាក្រក់​មួយ​បាន​កើតឡើង​ដោយសារ​តែ​អ្នកបើកបរ​ងោក​មួយភាំង​ធ្វើ​ឲ្យ​រថយន្តក្រុង​មួយ​គ្រឿង​រេ​ចង្កូត​ធ្លាក់​ពី​ផ្លូវជាតិ​ក្រឡាប់​ផ្ងារជើង​បណ្ដាល​ឲ្យ​រង​របួសធ្ងន់​ស្រាល​៣៧​នាក់ ។ ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​អាក្រក់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១ និង​១៥​នាទី​ព្រឹក ថ្ងៃ​ទី​០៤ ខែកក្កដា​ឆ្នាំ​២០១៦ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេង​១ ត្រង់​ចំណុច​ភូមិ​តា​ប៉ោ ឃុំ​តា​សួ​ស ស្រុក​ស្វាយ​ជ្រំ ។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្តក្រុង​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 3A-3371 របស់​ក្រុមហ៊ុន​អ៊ិ​ច​ប្រេស បើកបរ​ពី​ទិស​ខាង​លិចទៅ​កើត​យ៉ាង​លឿន​លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​ក៏​រេ​ចង្កូត​ធ្លាក់​ពីលើ​ថ្នល់​ក្រឡាប់​ផ្ងារជើង​តែ​ម្តង បណ្តាល​ឲ្យ​អ្នក​ធ្វើ​ដំណើ​នៅ​ក្នុង​រថយន្ត​រង​របួសធ្ងន់​-​ស្រាល​ចំនួន​៣៧​នាក់ ក្នុង​នោះ​ជនបរទេស​២៣​នាក់ ។

ក្រោយ​ពេល​កើតហេតុ​ភ្លាម​ៗ សមត្ថកិច្ច​បាន​ហៅ​រថយន្ត​សា​មុ​យ​ដឹក​ជន​រង​គ្រោះ​ទៅ​មន្ទីរពេទ្យ​ខេត្តស្វាយរៀង​ដើម្បី​សង្គ្រោះ ៕