រដ្ឋមន្ត្រី​ចូលរួម​ដុត​កម្ទេច​ទំនិញ​ខូចគុណភាព

ខេត្ត​ប៉ៃលិន ៖ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​លោក ប៉ាន សូរ​ស័ក្តិ បាន​ជម្រុញ​ឱ្យ​មន្ត្រី​ពាណិជ្ជកម្ម​ទាំងអស់​មិន​ត្រូវ​ផ្តោត​តែ​ទៅ​លើ​ផលិតផល​ប៉ុណ្ណោះ​ទេ ឥឡូវនេះ​យើង​មាន​សេវាកម្ម​ល្អ មាន​បច្ចេកទេស​ថ្មី​ៗ ដែល​ទាំងនេះ​សុទ្ធតែ​មាន​សារសំខាន់​ខ្លាំង​នា​សត្ស​វត្ស​ទី​២១ នេះ ។ ម្យ៉ាងវិញទៀត សេដ្ឋកិច្ច​ដែល​ទទួល​បាន​ជោគជ័យ​មួយ​ចំនួន គឺជា​សេដ្ឋកិច្ច​ដែល​បាន​ត​ភ្ជាប់​ខ្សែ​សង្វា​ក់​តម្លៃ​ពិភពលោក ដែល​ទទួល​បាន​មក​ពី​ការ​ធ្វើ​ពាណិជ្ជកម្ម និង​វិនិយោគ ។ ដូចនេះ​ហើយ យើង​ត្រូវ​តែ​ធ្វើការ​សម្របសម្រួល ដោយ​ពិនិត្យ​ឲ្យ​បាន​ជាក់លាក់ ។

លោក​ថ្លែង​ដូចនេះ នៅ​ក្នុង​ពិធី​ដុត​កម្ទេច​ទំនិញ​ខូចគុណភាព និង​ហួស​កាលបរិច្ឆេទ កាលពី​វេលា​ព្រឹក​ថ្ងៃ​ទី​០៣ កក្កដា ២០១៦ ស្ថិត​នៅ​ក្បែរ​បរិវេណ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​ប៉ៃលិន ក្នុងភូមិ​ប៉ា​ហ៊ី​ត្បូង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​លោក កើត សុធា អភិបាលខេត្ត​ប៉ៃលិន លោក ថ​ល គឹ​ម​ហ៊ឹង ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត លោក​អភិបាលក្រុង ស្រុក ព្រមទាំង​មន្ត្រី​មក​ពី​មន្ទី រ​ជុំវិញ​ខេត្ត​យ៉ាងច្រើន​កុះករ​ផង​ដែរ ។ លោក​រដ្ឋមន្ត្រី​បាន​បន្ត​ទៀត​ថា មន្ត្រី​ពាណិជ្ជកម្ម​ត្រូវ​តែ​ឧស្សាហ៍​ចុះ​ទៅ​ត្រួតពិនិត្យ​នៅ​តាម​សហគ្រាស ក៏​ដូច​ជា​កន្លែង​ស្តង់​នានា ដែល​ប្រជាពលរដ្ឋ​ធ្វើ​បាន​កន្លង​មក កាន់តែ​ល្អ​ប្រសើរ និង​ត្រូវ​ទៅ​តាម​ស្តង់ដា​អន្តរជាតិ ។ ម្យ៉ាងវិញទៀត ការ​នាំ​ចូល​នូវ​ទំនិញ​ខាង​កាំកុងត្រូល​ត្រូវ​តែ​ធ្វើការ​ត្រួតពិនិត្យ​ឱ្យ​បាន​ដិត​ដល់ ដើម្បី​ចៀសវាង​ទំនិញ​ហួស​កាលបរិច្ឆេទ​ដែល​ប្រជាពលរដ្ឋ​ទិញ​យក​ទៅ​ទទួលទាន​នាំ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​ព​ផង​ដែរ ។