អា​មេ​រិ​កថា​វិស័យ​សុខាភិបាល​កម្ពុជា​គ្រាន់បើ​ជាង​មុន

រាជធានី​ភ្នំពេញ ៖ USAID គឺជា​ទីភ្នាក់ងារ​ផ្តល់​ជំនួយ​អន្តរជាតិ​របស់​សហរដ្ឋអាមេរិក ដែល​មាន​វត្ត​មាននៅ​ក្នុង​ប្រទេស​កម្ពុជា​ច្រើន​ជាង​២​ទសវត្សរ៍​មក​ហើយ ។ ក្នុង​ចំណោម​គម្រោង​ជំនួយ​ជា​ច្រើន ទាំង​ផ្នែក​ថវិកា និង​ផ្នែក​បច្ចេកទេស វិស័យ​សុខាភិបាល គឺជា​គោលដៅ​ជំនួយ​អភិវឌ្ឍន៍​ដ៏​ធំ​មួយ​របស់ USAID នៅ​ក្នុង​ប្រទេស​កម្ពុជា ។

លោកស្រី គ្រី​ស្ទី​ណា ឡោ​វ (Christina Lau) នាយិកា​រង​នៃ​ការិយាល័យ​ផ្នែក​សុខភាព​សាធារណ​: និង​អប់រំ​របស់ USAID  ប្រចាំ​នៅ​កម្ពុជា បាន​ថ្លែង​ថា ប្រទេស​កម្ពុជា គឺ​មាន​ភាព​រីក​ចម្រើន​ច្រើន​ទាក់ទង​នឹង​វិស័យ​សុខាភិបាល​សាធារណ​:​របស់​ខ្លួន ដែល​ប្រជាជន​កម្ពុជា​នៅ​ពេល​នេះ គឺ​អាច​ប្រើប្រាស់​សេវាកម្ម​សុខាភិបាល​ល្អ​ជាង​មុន​បាន ។

លោកស្រី​បាន​និយាយ​ថា ៖ « វិស័យ​សុខាភិបាល​របស់​កម្ពុជា​មានការ​រីក​ចម្រើន​យ៉ាង​ខ្លាំង​ក្នុង​រយៈពេល​ប្រមាណ​១៥​ឆ្នាំ​ចុង​ក្រោយ​នេះ ដែល​បច្ចុប្បន្ន ប្រជាជន​កម្ពុជា​ដែល​ស្ថិត​នៅ​ក្រោម​បន្ទាត់​ភាព​ក្រីក្រ​ជា​ច្រើន​លាន​នាក់ អាច​ប្រើប្រាស់​សេវាកម្ម​សុខាភិបាល​ដែល​មានគុណ​ភាពល្អ​ជាង​មុន​បាន ហើយ​គម្រោង​ជំនួយ​ផ្នែក​សុខាភិបាល​របស់​យើង​ជា​ចំណែក​មួយ​នៃ​សមិទ្ធផល​មួយ​នេះ » ។

លោកស្រី​បាន​បន្ថែម​ថា កម្ពុជា​គួរតែ​សាទរ​ចំពោះ​ដំណើរ​វិវត្តន៍​របស់​ខ្លួន​ផ្នែក​សុខាភិបាល ដោយ​កម្ពុជា​ទទួល​បាន​ជោគជ័យ​ក្នុង​គម្រោង​អភិវឌ្ឍន៍​ផ្នែក​វិស័យ​សុខាភិបាល​ឱ្យ​បាន​មុន​ឆ្នាំ​២០១៥​កន្លង​មកនេះ ។ ជំនួយ​របស់ USAID ក្នុង​វិស័យ​សុខាភិបាល​នៅ​ក្នុង​ប្រទេស​កម្ពុជា ក៏​បាន​ផ្តោត​ទៅ​លើ​សុខភាព​មាតា​និង​ទារក និង​ជំងឺឆ្លង​ផ្សេង​ៗ​ទៀត​រួម​មាន ជំងឺរបេង ជំងឺអេដស៍​និង​កាមរោគ និង​ជំងឺគ្រុនចាញ់​ជាដើម ។

បើ​ទោះបីជា​វិស័យ​សុខាភិបាល​នៅ​ប្រទេស​កម្ពុជា​មានការ​រីក​ចម្រើន​គួរ​ឲ្យ​កត់សម្គាល់ ក៏​យើង​នៅ​តែ​មានរឿង​ជា​ច្រើន​ផ្សេង​ទៀត​ដែល​កម្ពុជា និង USAID ត្រូវធ្វើ ។
លោកស្រី គ្រី​ស្ទី​ណា បាន​បន្ថែម​ថា ៖ «​មានរឿង​ជា​ច្រើន​ដែល​កម្ពុជា​ត្រូវធ្វើ ដូច​ជា​អត្រា​ស្លាប់​របស់​ទារក​និង​ម្តាយ​នៅ​តែ​មាន​កម្រិត​ខ្ពស់​នៅឡើយ បើ​ប្រៀបធៀប​ទៅ​នឹង​ប្រទេស​ជិតខាង ឬ​ក៏​ពិភពលោក​ទាំងមូល ទោះជា​វា​បាន​ថយ​ចុះ​ច្រើន​ហើយ​ក៏​ដោយ » ។

លោកស្រី​ក៏​បាន​បញ្ជាក់​ថា អ្វី​ដែល​កម្ពុជា​គួរ​ធ្វើ​បន្ត​លើ​វិស័យ​សុខាភិបាល​នោះ គឺ​អភិវឌ្ឍន៍​វិស័យ​សុខាភិបាល​សាធារណៈ​បន្ត​ទៀត ហើយ​ក៏​ត្រូវ​គិតគូរ និង​រឹត​បន្តឹង​ការ​ត្រួតពិនិត្យ និង​គ្រប់គ្រង​លើ​ការ​ផ្តល់​សេវាកម្ម​សុខាភិបាល​ឯកជន​ផង​ដែរ ដោយសារ​ប្រជាជន​កម្ពុ​ជាមួយ​ចំនួន​ធំ មាន​ទំនោរ​ប្រើប្រាស់​សេវាកម្ម​ឯកជន​ទាំងនោះ ។

នៅ​កម្ពុជា USAID ធ្វើការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ទាក់ទង​នឹង​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​សុខាភិបាល និង​មួយវិញទៀត USAID ក៏​បាន​សហការ​ជាមួយ​បណ្តា​អង្គការក្រៅរដ្ឋាភិបាល​ជា​ច្រើន​ដែល​ធ្វើការ​ទាក់ទង​នឹង​វិស័យ​សុខាភិបាល ។

គួរ​បញ្ជាក់​ថា តាំងពី​ឆ្នាំ​១៩៩២​មក USAID បាន​ផ្តល់​ជំនួយ​មក​ដល់​កម្ពុជា​ច្រើន​ជាង​១​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក ដែល​ជំនួយ​ទាំងនោះ​ត្រូវ​បាន​ប្រើប្រាស់​ទៅ​លើ​វិស័យ​ជា​ច្រើន ហើយ​កញ្ចប់​ថវិកា​មួយ​ភាគ​ធំ គឺ​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​អភិវឌ្ឍន៍​វិស័យ​សុខាភិបាល​នៅ​កម្ពុជា ៕