អាជ្ញាធរ​ខេត្ត​សៀមរាប​គ្រោង​ផ្លាស់ប្ដូរ​លំនៅឋាន​ពលរដ្ឋ​និង​គ្រួសារ​ទាហាន​ចេញ​ពី​ភ្នំ​គូលែន

អាជ្ញាធរ​ខេត្ត​សៀមរាប និង​មន្ទីរ​បរិស្ថាន​ដែល​សហការ​ជាមួយ​គណៈកម្មការ​ជំនាញ​ខ្លះ​ទៀត កំពុង​រៀបចំ​ចុះ​ស្រង់​ស្ថិតិ​ប្រជាពលរដ្ឋ និង​គ្រួសារ​ទាហាន​ដែល​ចូល​ទៅ​តាំង​ទី​លំនៅ​ក្នុង​តំបន់​ព្រះអង្គ​ធំ លើ​ខ្នង​ភ្នំ​គូលែន​ឲ្យ​បាន​ច្បាស់លាស់ ដើម្បី​ឈាន​ទៅ​ដល់​ការ​ផ្លាស់ប្ដូរ​ទីលំនៅ​របស់​ពួក​គេ​ទៅ​នៅ​តំបន់​ផ្សេង​វិញ​ក្នុង​ពេល​ខាង​មុខ។

ការ​សម្រេច​ផ្លាស់ប្ដូរ​លំនៅឋាន​របស់​ប្រជាពលរដ្ឋ និង​គ្រួសារ​ទាហាន ចេញ​ពី​តំបន់​ព្រះអង្គ​ធំ​ខ្នង​ភ្នំ​គូលែន​នេះ ក្នុង​បំណង​អភិរក្ស​ធម្មជាតិ​នៅ​ក្នុង​ឧទ្យាន​ទីនោះ​ឲ្យ​បាន​គង់វង្ស ព្រម​ទាំង​ឈាន​ទៅ​រក​ការ​ចុះ​បញ្ជី​ទីនោះ​ឲ្យ​ក្លាយ​ទៅ​ជា​សម្បត្តិ​បេតិកភណ្ឌ​របស់​ពិភពលោក។

ប្រជាពលរដ្ឋ និង​គ្រួសារ​យោធា​ប្រមាណ​ជាង ៤០០​គ្រួសារ ដែល​កំពុង​តាំង​ទី​លំនៅ​ជុំវិញ​តំបន់​ព្រះអង្គ​ធំ​លើ​ខ្នង​ភ្នំ​គូលែន នៃ​ស្រុក​ស្វាយលើ ខេត្ត​សៀមរាប កំពុង​ព្រួយ​បារម្ភ​ជុំវិញ​រឿង​អាជ្ញាធរ​បណ្ដេញ​ឲ្យ​ចាក​ចេញ​ពី​កន្លែង​ដែល​ពួក​គេ​ធ្លាប់​រស់នៅ​ជា​យូរ​មក​ហើយ។ ប្រជាពលរដ្ឋ​ជាច្រើន​នាក់​បង្ហាញ​ការ​ព្រួយ​បារម្ភ​ដូចៗ​គ្នា​ថា ពួក​គេ​មិន​ចង់​ចាក​ចេញ​ពី​តំបន់​ព្រះអង្គ​ធំ​ទេ ពីព្រោះ​បច្ចុប្បន្ន ពួក​គេ​ទីពឹង​ទៅ​លើ​មុខ​របរ​លក់​វត្ថុ​អនុស្សាវរីយ៍ និង​បាយ​ម្ហូប​ទៅ​ឲ្យ​អ្នក​ទេសចរ ដោយ​មិន​មាន​ដី​ស្រែ​ឡើយ។

ស្ត្រី​ម្នាក់​អ្នក​លក់​ដូរ​សម្លៀកបំពាក់​នៅ​ក្នុង​តូប​មួយ ស្ថិត​នៅ​តាម​ផ្លូវ​ចូល​ទៅ​វត្ត​ព្រះអង្គ​ធំ គឺ​លោកស្រី ឈាង ចន្ធូ។ នាង​មាន​ប្រសាសន៍​បណ្ដើរ ហើយ​រៀបចំ​អីវ៉ាន់​បណ្ដើរ​ថា បច្ចុប្បន្ន នាង​រស់​នៅ​លើ​ខ្នង​ភ្នំ​គូលែន គឺ​ទីពឹង​លើ​មុខ​របរ​លក់​ដូរ​អីវ៉ាន់​ទៅ​ឲ្យ​ភ្ញៀវ​ទេសចរ ដើម្បី​បាន​កម្រៃ​ចិញ្ចឹម​ជីវិត និង​ផ្គត់ផ្គង់​កូន​ឲ្យ​រៀន​សូត្រ។ នាង​គ្មាន​ដី​ស្រែ និង​ដី​ចម្ការ​ទេ ហើយ​ប្រសិន​បើ​អាជ្ញាធរ​បង្ខំ​ឲ្យ​រុះរើ​ទីលំនៅ​ទៅ​ក្រោម​ជើង​ភ្នំ​វិញ​នោះ គឺ​ប្រាកដ​ជា​ជីវភាព​ដុនដាប ពីព្រោះ​នាង​មិន​ចេះ​ធ្វើ​ស្រែ និង​ចម្ការ។ ស្ត្រី​ដដែល​បញ្ជាក់​ថា រស់នៅ​លើ​ខ្នង​ភ្នំ​គូលែន គឺ​នាង​អាច​រក​ប្រាក់​បាន​ពី ៦​ម៉ឺន​ទៅ ១០​ម៉ឺន​រៀល​ក្នុង​មួយ​ថ្ងៃៗ​តាម​រយៈ​ការ​លក់​ដូរ​អីវ៉ាន់៖ «មិន​ដឹង​រក​អី​ដែរ ទៅ​នៅ​កន្លែង​ផ្សេង។ បើ​សិន​ជា​ទៅ​នៅ​ខាង​ក្រោម​ភ្នំ ចុះ​កន្លែង​លក់​ដូរ​រក​ស៊ី​បាន​ពី​ណា? ខ្ញុំ​មិន​ចង់​ឲ្យ​ដេញ​ទៅ​ណា​ទេ»

បុរស​ម្នាក់​ទៀត​ដែល​លក់​វត្ថុ​អនុស្សាវរីយ៍​នៅ​ផ្លូវ​ចូល​ទៅ​កាន់​វត្ត​ព្រះអង្គ​ធំ​ដែរ លោក តាន់ សំណាង មាន​ប្រសាសន៍​ប្រហាក់​ប្រហែល​គ្នា​ថា លោក​មាន​ការ​ព្រួយ​បារម្ភ​ជា​ខ្លាំង បន្ទាប់​ពី​មាន​ព័ត៌មាន​ថា អាជ្ញាធរ​មាន​គម្រោង​នឹង​ផ្លាស់ប្ដូរ​លំនៅឋាន​ពួក​គាត់​ចេញ​ពី​តំបន់​ព្រះអង្គ​ធំ​នេះ។ បុរស​ដដែល​យល់​ថា ប្រសិន​បើ​រដ្ឋាភិបាល​បណ្ដេញ​ប្រជាពលរដ្ឋ​ឲ្យ​ចេញ​ពី​តំបន់​ព្រះអង្គ​ធំ គឺ​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ជាច្រើន ដូចជា​ផ្ទះ​ខ្លះ​សង់​រឹងមាំ​អស់​ទឹក​ប្រាក់​ជាច្រើន​ម៉ឺន​ដុល្លារ ឯ​ការ​ចុះ​ទៅ​នៅ​ជើង​ភ្នំ​ទៀត​សោត ក៏​អាច​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្វះ​ទឹក​ប្រើប្រាស់ ព្រម​ទាំង​មិន​មាន​សុវត្ថិភាព​ក្នុង​ការ​ឡើង​ចុះ​ភ្នំ​ជា​រៀង​រាល់​ថ្ងៃ ដើម្បី​ប្រកប​របរ​ចិញ្ចឹម​ជីវិត​ទៀត​ផង៖ «ផ្ទះ​ខ្លះ​ជា​សំណង់​មាន​ថ្ម​ក្រោម​ឈើ​លើ​អ៊ីចឹង ហើយ​បន្ទប់​ទឹក​ស្អាត​បាត សង្ហារិម​មាន​ពេញ​ផ្ទះ បើ​សិន​ជា​រុះរើ​ទៅ​ខាង​ក្រោម​ប្រហែល​ជា​អាច​ប៉ះពាល់​ច្រើន»

ការ​ព្រួយ​បារម្ភ​របស់​ប្រជាពលរដ្ឋ បាន​កើត​មាន​ឡើង​បន្ទាប់​ពី​ក្រសួង​បរិស្ថាន និង​គណៈកម្មាធិការ​សម្របសម្រួល​អន្តរជាតិ​សម្រាប់​ការ​អភិវឌ្ឍ និង​ការពារ​បេតិកភណ្ឌ ដែល​ហៅ​កាត់​ថា អាយ.ស៊ី.ស៊ី( ICC) ជំរុញ​ការ​អភិរក្ស​ធនធាន​ធម្មជាតិ​នៅ​ក្នុង​ឧទ្យាន​ជាតិ ព្រម​ទាំង​មាន​គោលដៅ​ចុះ​បញ្ជី​ទីនោះ​ឲ្យ​ក្លាយ​ទៅ​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក។

ភ្នំ​គូលែន ក្រៅ​តែ​ពី​ជា​ឧទ្យាន​ជាតិ​ដែល​ឡាយព្រះហស្ដលេខា​ដោយ​ព្រះមហាក្សត្រ​ឲ្យ​ការពារ​ធនធាន​ធម្មជាតិ វា​ក៏​ជា​ទីក្រុង​បុរាណ​ឈ្មោះ​មហិន្ទ្របព៌ត កាល​ពី​អំឡុង​សតវត្ស​ទី​៨ ទី​៩ នៃ​គ្រិស្ដសករាជ ដោយ​បាន​បន្សល់​ទុក​ទឹក​ជ្រោះ​ដ៏​ស្រស់​ស្អាត រចនាសម្ព័ន្ធ​ទីក្រុង​បុរាណ ព្រម​ទាំង​ប្រាសាទ និង​រូប​អាទិទេព​ជាច្រើន​កន្លែង​ទាក់ទង​ទៅ​នឹង​ព្រហ្មញ្ញ​សាសនា​ដែរ។

អភិបាល​រង​ខេត្ត​សៀមរាប លោក គឹម ឆៃហៀង មាន​ប្រសាសន៍​ថា ក្រសួង​បរិស្ថាន ដែល​សហការ​ជាមួយ​អាជ្ញាធរ​ខេត្ត​សៀមរាប បាន​បង្កើត​គណៈកម្មការ​ចំនួន​បី​រួច​ហើយ ដើម្បី​ពិនិត្យ​ទៅ​លើ​កិច្ច​ការពារ​ធម្មជាតិ និង​បរិស្ថាន​នៅ​លើ​ខ្នង​ភ្នំ​គូលែន ព្រម​ទាំង​បង្កើត​គណៈកម្មការ​ដើម្បី​ពិនិត្យ​គោល​នយោបាយ យក​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ខុស​ច្បាប់​ម្ដុំ​តំបន់​ព្រះអង្គ​ធំ ដោយ​ដោះ​ដូរ​ឲ្យ​ទៅ​រស់នៅ​កន្លែង​ថ្មី​ផង។ លោក គឹម ឆៃហៀង ឲ្យ​ដឹង​ថា តាម​ការ​ស្រាវជ្រាវ​មួយ​រយៈ​មក​នេះ​គេ​រក​ឃើញ​ថា បច្ចុប្បន្ន​មាន​ប្រជាពលរដ្ឋ និង​គ្រួសារ​ទាហាន​ប្រមាណ​ពី ៤០០​គ្រួសារ​ទៅ ៥០០​គ្រួសារ​ដែល​ចូល​ទៅ​រស់នៅ​ខុស​ច្បាប់​ម្ដុំ​តំបន់​ព្រះអង្គ​ធំ។ អាជ្ញាធរ​មាន​គម្រោង​ផ្លាស់ប្ដូរ​លំនៅឋាន​អ្នក​ទាំង​នោះ​ឲ្យ​មក​រស់នៅ​តំបន់​ជើង​ភ្នំ​វិញ ក៏ប៉ុន្តែ​មិន​ដឹង​ថា​ការ​អនុវត្ត នឹង​ចាប់​ផ្ដើម​នៅ​ពេល​ណា​ប្រាកដ​នៅ​ឡើយ។ លោក គឹម ឆៃហៀង បញ្ជាក់​ថា ថ្វីត្បិតតែ​អាជ្ញាធរ​មាន​គម្រោង​ផ្លាស់ប្ដូរ​លំនៅឋាន​ប្រជាពលរដ្ឋ និង​គ្រួសារ​ទាហាន​ទាំង​នោះ ក៏ប៉ុន្តែ​អាជ្ញាធរ​នឹង​រៀបចំ​តូប​លក់​ដូរ​ឲ្យ​ពួក​គេ​បាន​រក​ស៊ី​នៅ​តំបន់​ព្រះអង្គ​ធំ​ដូច​ធម្មតា៖ «តាម​គោលការណ៍​ដោយ​មាន​ការ​យល់ព្រម​ពី ICC អង្គរ​ផង គេ​ឲ្យ​យើង​រៀបចំ​តំបន់​ហ្នឹង​ឲ្យ​បាន​ស្អាត​ដើម្បី​អភិរក្ស​ធម្មជាតិ បរិស្ថាន​ជីវចម្រុះ»

ចំណែក​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​សៀមរាប លោក ភួង លីណា មាន​ប្រសាសន៍​ថា តំបន់​ខ្នង​ភ្នំ​គូលែន​បច្ចុប្បន្ន ត្រូវ​បាន​អ្នក​ជំនាញ​រក​ឃើញ​ថា វា​មិន​មែន​ត្រឹម​តែ​ជា​តំបន់​ធម្មជាតិ​ប៉ុណ្ណោះ​ទេ ក៏​ជា​តំបន់​វប្បធម៌​ដែល​ទាមទារ​ឲ្យ​មាន​កិច្ច​ការពារ​ដែរ៖ «អ៊ីចឹង​រដ្ឋាភិបាល​កំពុង​តែ​ឲ្យ​ធ្វើ​ផែនការ​គ្រប់គ្រង​វា ក៏​ដូច​ការ​ត្រៀម​ចង់​ដាក់​តំបន់​នេះ​ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​នៃ​ពិភពលោក»

ទោះ​បី​ជា​យ៉ាង​ណា ប្រជាពលរដ្ឋ​ខ្លះ​បាន​សម្ដែង​ការ​មិន​សប្បាយ​ចិត្ត​ចំពោះ​ផែនការ ដែល​ត្រៀម​នឹង​បណ្ដេញ​ពួក​គេ​ឲ្យ​ចាក​ចេញ​ពី​លើ​ខ្នង​ភ្នំ​នេះ​ទេ។

នៅ​លើ​ខ្នង​ភ្នំ​គូលែន ពេល​នេះ មិន​មែន​មាន​តែ​ឧបសគ្គ​ដែល​ប្រជាពលរដ្ឋ​ខ្លះ​មិន​ព្រម​ចាក​ចេញ​ប៉ុណ្ណោះ​ទេ ឧបសគ្គ​មួយ​ទៀត គឺ​កុមារ​មួយ​ចំនួន​ក៏​នឹង​បោះបង់​ចោល​ការ​សិក្សា។

នាយិកា​សាលា​បឋម​សិក្សា ហ៊ុន សែន ភ្នំ​គូលែន អ្នកស្រី និត គន្ធា មាន​ប្រសាសន៍​ថា កុមារ​ដែល​រស់​នៅ​លើ​ខ្នង​ភ្នំ​គូលែន គឺ​ខុស​គ្នា​ពី​កុមារ​ដែល​រស់នៅ​តំបន់​ដទៃ​ទៀត ដោយ​ពួក​គេ​ចាប់​អារម្មណ៍​នឹង​ការងារ​តាម​ឪពុក​ម្ដាយ ចូល​ព្រៃ​ដើម្បី​កាប់​ចម្ការ ច្រើន​ជាង​ការ​ចូល​សាលា។ នាយិកា​សាលា​ដដែល​យល់​ថា ប្រសិន​បើ​រដ្ឋាភិបាល​ដោះ​ដូរ​កន្លែង​រស់នៅ​របស់​ប្រជាពលរដ្ឋ​នៅ​លើ​ខ្នង​ភ្នំ​គូលែន ឲ្យ​ទៅ​រស់នៅ​ខាង​ក្រោម​វិញ​នោះ គឺ​អ្នកស្រី​ព្រួយ​បារម្ភ​ខ្លាច​ក្រែង​កុមារ​ជាច្រើន​បោះបង់​ចោល​ការ​សិក្សា ពីព្រោះ​ទីកន្លែង​កាន់​តែ​ឆ្ងាយ គឺ​ឪពុក​ម្តាយ​របស់​ពួក​គេ​ត្រូវ​ចំណាយ​ពេល​ច្រើន​ជាង​មុន ដើម្បី​ធ្វើ​ដំណើរ​ទៅ​ចម្ការ មិន​មាន​ពេល​គ្រប់គ្រាន់​ជូន​ពួក​គេ​មក​សាលា​ផង និង​មិន​មាន​ពេល​នៅ​ផ្ទះ​សម្រាប់​ធ្វើ​អាហារ​ទុក​ឲ្យ​ពួក​គេ​នៅ​ពេល​ត្រឡប់​មក​ពី​រៀន​វិញ​ផង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។