អ្នក​វិភាគ​និង​ពលរដ្ឋ​មួយ​ចំនួន​ខក​ចិត្ត​នឹង​លោក ហ៊ុន សែន ចំពោះ​ការ​ប្រើ​ពាក្យ «អា​គុក»

អ្នកវិភាគ និងប្រជាពលរដ្ឋមួយចំនួនបានសម្ដែងការខកចិត្តចំពោះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលការពារពាក្យសម្ដីរបស់ខ្លួនថា ការហៅពាក្យ «អាគុក» គឺជាពាក្យធម្មតាសម្រាប់អ្នកស្រែ។ ពួកគេថា ការប្រើប្រាស់ពាក្យសម្ដីក្នុងនាមជាមេដឹកនាំ ជានាយករដ្ឋមន្ត្រី គួរតែធ្វើគំរូដល់អ្នកដទៃ និងមិនត្រូវបែងចែកអ្នកស្រែ និងអ្នកក្រុងនោះទេ។

ពាក្យ «អាគុក» ដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជេរលោក កឹម សុខា ហើយថាភាសាជេរនេះជារឿងសាមញ្ញរបស់ពលរដ្ឋខ្មែរនោះ កំពុងក្លាយជាប្រធានបទដែលគេលើកយកទៅជជែកយ៉ាងផុសផុល ទាំងនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក (Facebook) និងមជ្ឈដ្ឋានទូទៅ។

ប្រជាពលរដ្ឋ និងអ្នកវិភាគ សម្ដែងការសោកស្ដាយយ៉ាងខ្លាំង និងហាក់មិនចង់ជឿថា លោកនាយករដ្ឋមន្ត្រីហ៊ានបញ្ចេញពាក្យអសុរោះនៅទីសាធារណៈ ហើយថែមទាំងចុងក្រោយពន្យល់ថា ពាក្យ «អាគុក» គឺសម្រាប់អ្នកស្រុកស្រែនិយាយលេងឡើយ។

កសិករម្នាក់នៅខេត្តស្វាយរៀង និយាយថា លោកមិនអាចទទួលយកភាសាជេរប្រមាថរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដូច្នេះឡើយ។ បុរសម្នាក់នេះបញ្ជាក់ថា ក្នុងនាមជានាយករដ្ឋមន្ត្រី គួរតែប្រើភាសាអប់រំ និងផ្តល់គំរូល្អឲ្យខ្មែរចេះស្រឡាញ់គ្នា៖ «មិនសមគាត់ប្រើភាសានេះទេ ព្រោះជាថ្នាក់ដឹកនាំ គួរតែនិយាយឲ្យខ្មែរចេះរួបរួម ខ្មែរចេះស្រឡាញ់គ្នា។ ហើយគាត់ថាភាសានេះជាសម្ដីរាស្ត្រសាមញ្ញ។ អ៊ីចឹងបានន័យថា គាត់មើលមករាស្ត្រមិនស្មើបាតជើងរបស់គាត់ផង»។

រីឯប្រជាពលរដ្ឋផ្សេងទៀតលើកឡើងថា កុំថាឡើយថ្នាក់ដឹកនាំ សូម្បីតែនៅក្នុងគ្រួសាររបស់លោកនោះ ក៏តែងតែអប់រំមិនឲ្យសមាជិកគ្រួសារប្រើពាក្យអសីលធម៌នោះដែរ។ ក្នុងនាមជាពលរដ្ឋម្នាក់ បុរសរូបនេះសម្ដែងការខ្មាសអៀននៅពេលដែលនាយករដ្ឋមន្ត្រីខ្លួនឯង តែងតែបង្ហាញអាកប្បកិរិយា និងពាក្យសម្ដីខ្វះសីលធម៌បែបនេះ៖ «ពាក្យខ្លះឥតមានការអប់រំ ហើយយើងអប់រំតែផ្លូវឥតល្អអីអ៊ីចឹង ដូចជាភាសាអសុរោះ ភាសាហិង្សាអីអ៊ីចឹង ខ្ញុំមានការសោកស្ដាយតិចដែរ។ ថ្នាក់ដឹកនាំត្រូវធ្វើជាគំរូគេទាំងអស់»។

បុរសរូបនេះបន្ថែមទាំងហួសចិត្តថា លោកនាយករដ្ឋមន្ត្រីគិតថាពាក្យ «អាគុក» គឺជាពាក្យសាមញ្ញសម្រាប់អ្នកស្រែ ប៉ុន្តែបើអ្នកស្រែហៅលោកនាយករដ្ឋមន្ត្រីវិញនោះ ប្រហែលជាអាចជាប់ប្រឈមមុខនឹងផ្លូវច្បាប់ទៀតផង។ ជាក់ស្តែងថ្មីៗនេះ គោរមងារសម្ដេចក៏ត្រូវបានក្រសួងព័ត៌មាន ដែលជាសេនាធិការរបស់រដ្ឋាភិបាល ដាក់កំហិតឲ្យគ្រប់អង្គភាពសារព័ត៌មានទាំងអស់ប្រើពាក្យសម្ដេចនៅក្នុងអត្ថបទរបស់ខ្លួន ហើយថែមទាំងព្រមានថា បើនៅតែរឹងទទឹងនោះ នឹងមានវិធានការក្តៅដូចជាបញ្ចប់ ឬមិនផ្ដល់អាជ្ញាប័ណ្ណបន្តទៀតចំពោះស្ថាប័នព័ត៌មានទាំងឡាយណា ដែលចុះបញ្ជីជាមួយក្រសួងព័ត៌មាន។ ជាងនេះទៀត ក្រសួងនឹងមិនអនុញ្ញាតឲ្យស្ថានីយវិទ្យុ អែហ្វ.អិម (FM) ក្នុងស្រុក ជួលម៉ោងផ្សាយទៅឲ្យវិទ្យុបរទេសណាដែលមិនប្រើគោរមងារសម្ដេចទៀតផង៖ «យើងអប់រំគេឲ្យហៅគោរមងារ តែធ្វើគំរូមើលងាយគេអ៊ីចឹង គឺខ្មាសគេ»។

ប្រតិកម្មពីប្រជាពលរដ្ឋនេះ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រីបានហៅលោក កឹម សុខា ថា «អាគុក» ក្រោយពីលោក កឹម សុខា បានផ្តល់បទសម្ភាសន៍ដល់សារព័ត៌មាន Reuters ថាលោកនាយករដ្ឋមន្ត្រីភ័យខ្លាចការចាញ់ឆ្នោតនាពេលខាងមុខ។ លុះនៅថ្ងៃទី១ ខែកក្កដា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្យាយាមពន្យល់សាធារណជនអំពីការប្រើប្រាស់ពាក្យជេរប្រមាថមួយឃ្លានេះ ថាគ្រាន់តែលោកច្រឡោតចំពោះអ្នកចាក់ក្រឡេក និងញុះឲ្យលោកខឹងតែប៉ុណ្ណោះ ហើយពាក្យនេះគឺជារឿងសាមញ្ញសម្រាប់អ្នកស្រែ។

សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយ លោក សូ ចន្ថា មានប្រសាសន៍ថា លោកមិនគាំទ្រឲ្យមេដឹកនាំប្រទេសបញ្ចេញកំហឹងតាមរយៈការប្រើភាសាអសុរោះនៅតាមវេទិកាសាធារណៈនោះទេ។ លោក សូ ចន្ថា បញ្ជាក់ថា ការប្រើប្រាស់ភាសាទ្រគោះបោះបោកដូច្នេះ គឺនឹងជះឥទ្ធិពលអាក្រក់ដល់សង្គមជាតិទាំងមូល ជាពិសេសគឺឆ្លុះបញ្ចាំងឲ្យឃើញថា មេដឹកនាំនោះមានកម្រិតវប្បធម៌អប់រំមិនល្អ និងអសីលធម៌៖ «ភាសាអសុរោះបែបនេះ ក្នុងនាមជាមេដឹកនាំមិនគួរប្រើប្រាស់ទាល់តែសោះ ព្រោះឆ្លុះបញ្ចាំងនូវអាកប្បកិរិយានយោបាយមួយមិនល្អ ហើយជាការដាក់តម្លៃអ្នកស្រែចម្ការទាបបំផុត នៅពេលដែលអ្នកដឹកនាំនិយាយភាសាមិនល្អហើយ ប្រៀបធៀបថាជាសម្ដីអ្នកស្រែចម្ការនោះ។ អ្នកនយោបាយកម្ពុជា គួរឈប់ប្រើភាសានេះនៅតាមវេទិកាសាធារណៈរបស់រដ្ឋ ព្រោះធ្វើឲ្យឡើងកម្តៅនយោបាយ»។

ក្រុមអង្គការស៊ីវិល និងប្រជាពលរដ្ឋ អំពាវនាវឲ្យអ្នកនយោបាយ និងថ្នាក់ដឹកនាំប្រទេស ឈប់ប្រើប្រាស់ពាក្យសម្ដីជេរប្រមាថ និងឈប់លាបពណ៌គ្នាតទៅទៀត ដើម្បីជាគំរូល្អដល់យុវជនជំនាន់ក្រោយ។ ទន្ទឹមគ្នានេះ ពួកគេចង់ឃើញគណបក្សប្រជាជនកម្ពុជា យល់ព្រមចូលតុចរចាជាមួយគណបក្សសង្គ្រោះជាតិ ដើម្បីដោះស្រាយបញ្ចប់ជម្លោះនយោបាយដែលកំពុងកើតឡើង ហើយងាកទៅរកគិតគូរអភិវឌ្ឍប្រទេសជាតិតាមការសន្យារបស់ខ្លួន កាលពីពេលឃោសនាបោះឆ្នោតកន្លងមកប្រសើរជាង៕

ប្រភពៈ RFA