លោក​ផៃ ស៊ីផាន​៖ ការ​ព្រមាន​ផ្តាច់​ជំនួយ​របស់​អាមេរិក គ្មាន​ឥទ្ធិពល​លើ​រដ្ឋាភិបាល​កម្ពុជា​ឡើយ

គណៈកម្មាធិការថវិកានៃព្រឹទ្ធសភាអាមេរិកកាលពីសប្តាហ៍មុន បានអនុម័តសេចក្តីព្រាងថវិកាមួយដោយបានព្រមានចង់ផ្តាច់ជំនួយដល់កម្ពុជា ដោយសារតែមានការប្រើអំពើហិង្សា និងការយាយីលើគណបក្សប្រឆាំង និងសង្គមស៊ីវិល។ លោកផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីកម្ពុជា បានប្រតិកម្មថា ការព្រមាននេះ គឺអាមេរិកអាងខ្លួនឯងជាមហាអំណាច តែវាមិនប៉ះពាល់ដល់រដ្ឋាភិបាលកម្ពុជានោះឡើយ។

រដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា ការព្រមានផ្តាច់ជំនួយរបស់អាមេរិកនេះ មិនមានប្រសិទ្ធភាពអ្វីនោះទេ ហើយក៏មិនប៉ះពាល់អ្វីនោះដែរ។ មិនប៉ះពាល់ បើតាមលោកផៃ ស៊ីផាន ក៏ព្រោះថា ជំនួយរបស់អាមេរិកភាគច្រើនគឺផ្តល់ទៅឲ្យអង្គការមិនមែនរដ្ឋាភិបាល ដើម្បីផ្តល់ជាប្រាក់ខែដល់បុគ្គលិក និងអនុវត្តគម្រោងនានារបស់ខ្លួនប៉ុណ្ណោះ។ ត្រង់ចំណុចនេះ លោកផៃ ស៊ីផាន បានព្រមានតបថា បើអាមេរិកផ្តាច់ជំនួយមែននោះ ផលប៉ះពាល់មិនមែនកើតឡើងលើរដ្ឋាភិបាលកម្ពុជាឡើយ ប៉ុន្តែគឺធ្លាក់ទៅលើអង្គការមិនមែនរដ្ឋាភិបាលឯណោះទៅវិញទេ។

សូមបញ្ជាក់ថា គណៈកម្មាធិការថវិកានៃព្រឹទ្ធសភាអាមេរិកកាលពីថ្ងៃទី២៩ មិថុនាកន្លងទៅ បានអនុម័តសេចក្តីព្រាងថវិកាចំនួនជាង ៧៧,៨លានដុល្លារសម្រាប់ផ្តល់ឲ្យកម្ពុជានៅក្នុងឆ្នាំ២០១៧ខាងមុខ ប៉ុន្តែត្រូវមានលក្ខខណ្ឌ។ សេចក្តីព្រាងថវិកានោះ បានសរសេរថា គ្មានកញ្ចប់ថវិកាណាមួយសម្រាប់ផ្តល់ឲ្យប្រទេសកម្ពុជាទេ  លុះត្រាតែរដ្ឋមន្ត្រីក្រសួងការបរទេសកំណត់  និងរាយការណ៍ជូនគណៈកម្មាធិការព្រឹទ្ធសភាថា រដ្ឋាភិបាលកម្ពុជាបានបញ្ឈប់ការប្រើប្រាស់អំពើហិង្សា និងការយាយីលើសង្គមស៊ីវិលនៅក្នុងប្រទេសកម្ពុជា រួមទាំងគណបក្សប្រឆាំងតទៅទៀត។

គណៈកម្មាធិការថវិកាព្រឹទ្ធសភាអាមេរិក ក៏បានសម្តែងការព្រួយបារម្ភថា ការបង្ក្រាបរបស់រដ្ឋាភិបាលកម្ពុជាទៅលើសង្គមស៊ីវិល និងគណបក្សប្រឆាំងគឺចង់ធ្វើឲ្យប៉ះពាល់ដល់ដំណើរការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅក្នុងឆ្នាំ២០១៧។ ជាមួយគ្នានេះ គណៈកម្មាធិការថវិកាព្រឹទ្ធសភាអាមេរិកក៏បានសម្រេចផងដែរថា ការផ្តល់ជំនួយថវិកាដល់សាលាក្តីក្រហម គឺនឹងត្រូវផ្តល់ជូនតែក្នុងករណីតុលាការពិចារណាលើសំណុំរឿង០០៣ ប្រឆាំងលោកមាស មុត ដែលជាអតីតមេបញ្ជាការកងទ័ពជើងទឹកតែប៉ុណ្ណោះ។

លោកផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា អាមេរិកមិនអាចយកថវិកាទាំងនេះ មកទិញតុលាការកម្ពុជាបានទេ។ លោកថា ការព្រមាននេះ គ្មានមូលដ្ឋានច្បាស់លាស់ ហើយវាគ្រាន់តែជាការបង្កើតបរិយាកាសឲ្យស្រុកខ្មែរបែកបាក់គ្នា បាត់បង់សណ្តាប់ធ្នាប់ និងបាត់បង់ការគោរពច្បាប់តែប៉ុណ្ណោះ។ បើទោះបីរងការព្រមានផ្តាច់ជំនួយយ៉ាងណាក៏ក្តី ក៏លោកអ្នកនាំពាក្យរូបនេះនៅតែអះអាងថា តុលាការខ្មែរនឹងនៅតែអនុវត្តទៅតាមនីតិវិធីរបស់ខ្លួនជាធម្មតាដដែល៕

ប្រភពៈ RFI