ពលរដ្ឋ​មួយ​ចំនួន​ខក​ចិត្ត​នឹង​អាជ្ញាធរ​ស្រុក​រុក្ខគិរី​ដែល​កុហក​ឲ្យ​ទៅ​ចូលរួម​វេទិកា​កញ្ញា ធី សុវណ្ណថា

ប្រជាពលរដ្ឋនៅស្រុករុក្ខគិរី ខេត្តបាត់ដំបង អះអាងថា អាជ្ញាធរមូលដ្ឋានស្រុកនេះបានប្រាប់ពួកគាត់ឲ្យទៅចូលរួមប្រជុំនៅក្នុងវត្តស្ដុកប្រវឹក ប៉ុន្តែនៅពេលទៅដល់ជាក់ស្ដែង បែរជាចូលរួមក្នុងវេទិការបស់កញ្ញា ធី សុវណ្ណថា ទៅវិញ។ ក៏ប៉ុន្តែមេឃុំស្ដុកប្រវឹក បញ្ជាក់ថា អាជ្ញាធរឲ្យពលរដ្ឋទៅចូលរួមក្នុងវេទិកា គឺជារឿងល្អ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍនៅក្នុងសង្គមជាតិ។

ប្រជាពលរដ្ឋមួយចំនួនទាំងអ្នកដែលបានទៅចូលរួមក្នុងវេទិកា និងអ្នកដែលមិនបានចូលរួម សម្ដែងការសោកស្ដាយចំពោះអាជ្ញាធរភូមិ និងអាជ្ញាធរឃុំស្ដុកប្រវឹក ថាមិនគួរបោកបញ្ឆោតពួកគាត់ឲ្យទៅចូលរួមក្នុងវេទិកាខុសពីការពិតឡើយ។

ពលរដ្ឋសុំមិនឲ្យបញ្ចេញឈ្មោះម្នាក់រស់នៅឃុំស្ដុកប្រវឹក ស្រុករុក្ខគិរី ថ្លែងថា សកម្មជនគណបក្សប្រជាជនកម្ពុជា ភូមិព្រៃអម្ពាន់ ឃុំស្ដុកប្រវឹក កាលពីរសៀលថ្ងៃទី២ កក្កដា បានមកប្រាប់រូបគាត់ឲ្យទៅចូលរួមប្រជុំនៅវត្តស្ដុកប្រវឹក នៅព្រឹកថ្ងៃទី៣ កក្កដា។ ពលរដ្ឋរូបនេះបញ្ជាក់ទៀតថា នៅពេលដែលរូបគាត់ទៅចូលរួម ស្រាប់តែឃើញវេទិកាសាធារណៈរបស់កញ្ញា ធី សុវណ្ណថា ទៅវិញ។ ពលរដ្ឋរូបនេះអះអាងថា ប្រសិនបើរូបគាត់ដឹងថា កម្មវិធីនោះជាវេទិកាសាធារណៈដែលរៀបចំដោយអាជ្ញាធរមូលដ្ឋាននោះ ពួកគាត់នឹងមិនទៅចូលរួមឡើយ៖ «ខ្ញុំទៅចូលរួមដោយមិនដឹងខ្លួនទេ ប៉ុន្តែជ្រុលតែបានចូលរួមទៅ ខ្ញុំក៏បាននៅអង្គុយស្ដាប់គេរហូតដល់ចប់កម្មវិធី»។

វេទិកាសាធារណៈនេះ ធ្វើឡើងនៅក្នុងបរិវេណវត្តស្ដុកប្រវឹក ឃុំស្ដុកប្រវឹក ស្រុករុក្ខគិរី ខេត្តបាត់ដំបង និងមានប្រជាពលរដ្ឋចូលរួមប្រមាណ ៣០០នាក់។ ពលរដ្ឋដែលបានចូលរួមអះអាងថា នៅក្នុងកម្មវិធីនោះមានកញ្ញា ធី សុវណ្ណថា លោក ស្រី ចំរើន មន្ត្រីនគរបាល មេភូមិ មេឃុំស្ដុកប្រវឹក និងមន្ត្រីនៅក្នុងស្រុករុក្ខគិរី មួយចំនួនទៀតចូលរួមប្រមាណ ២០នាក់។

ពុំមែនមានតែពលរដ្ឋម្នាក់ប៉ុណ្ណោះទេដែលប្រតិកម្មនឹងអាជ្ញាធរឃុំស្ដុកប្រវឹក ដែលបញ្ឆោតឲ្យពួកគាត់ទៅចូលរួមក្នុងវេទិកាខុសពីការពិតនោះ។ ជាក់ស្ដែង ពលរដ្ឋនៅឃុំស្ដុកប្រវឹក ម្នាក់ទៀតថ្លែងថា អាជ្ញាធរបានប្រាប់រូបគាត់ឲ្យទៅចូលរួមប្រជុំនៅវត្តស្ដុកប្រវឹក ប៉ុន្តែរូបគាត់ជាប់រវល់មិនបានទៅចូលរួមនោះទេ។ បើទោះមិនបានទៅចូលរួមក៏ដោយ ប៉ុន្តែពលរដ្ឋរូបនេះអះអាងថា លោកស្រីសោកស្ដាយដែលអាជ្ញាធរមិនប្រាប់ការពិតឲ្យពួកគាត់បានដឹងជាមុន ថាជាកម្មវិធីវេទិកាសាធារណៈ ដើម្បីឲ្យពួកគាត់ត្រៀមខ្លួនមិនឲ្យខកបំណង៖ «គេឲ្យខ្ញុំបើកគោយន្តទៅចូលរួមក្នុងកម្មវិធី គេនឹងចេញថ្លៃប្រេងឲ្យ ២ម៉ឺនរៀល តែខ្ញុំប្រាប់ថាមិនបានទៅចូលរួមទេ»។

ឆ្លើយតបនឹងបញ្ហានេះ មេឃុំស្ដុកប្រវឹក លោក អ៊ូ អៀង ទទួលស្គាល់ថា អាជ្ញាធរឃុំពិតជាបានប្រាប់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឲ្យចូលរួមប្រជុំប្រាកដមែន។ លោកអះអាងថា មូលហេតុដែលអាជ្ញាធរធ្វើបែបនេះ ដោយសារលោកទទួលដំណឹងថា ជាកម្មវិធីរបស់អង្គការសង្គមស៊ីវិល ប៉ុន្តែលោកមិនចាំថាឈ្មោះអង្គការអ្វីនោះទេ បានសំណូមពរសុំឲ្យលោកអញ្ជើញប្រជាពលរដ្ឋចូលប្រជុំ ដើម្បីបញ្ចេញយោបល់ពីទុក្ខលំបាករបស់ពួកគាត់។ លោកបន្តថា ពលរដ្ឋដែលបានចូលរួមភាគច្រើនទទួលស្វាគមន៍កញ្ញា ធី សុវណ្ណថា ដែលជាវាគ្មិននៅក្នុងវេទិកានោះ៖ «បាទ! ទៅប្រជុំវេទិកាយុវជន។ វេទិកានោះគេចង់ឲ្យប្រជាពលរដ្ឋសួរទាក់ទងនឹងទង្វើរបស់អាជ្ញាធរ និងរដ្ឋាភិបាល ឬមានបញ្ហាអីស្មុគស្មាញ ពួកគាត់ដាក់សំណួរទៅខាងអង្គការ គេនឹងបកស្រាយ។ ហើយប្រជាពលរដ្ឋបានទះដៃស្វាគមន៍ជាប់ជានិច្ច»។

ទោះបីជាយ៉ាងនេះក្ដី មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តបាត់ដំបង លោក យិន ម៉េងលី មានប្រសាសន៍ថា ប្រសិនបើការងារនេះអាជ្ញាធរពិតជាបានប្រាប់ប្រជាពលរដ្ឋឲ្យទៅចូលរួមនៅក្នុងវេទិកានោះមែន គឺជាអំពើខុសឆ្គងមួយរបស់អាជ្ញាធរមូលដ្ឋាន ពីព្រោះលោកបញ្ជាក់ថា អង្គការក្រៅរដ្ឋាភិបាលមិនអាចធ្វើនយោបាយបានឡើយ។ លោកបន្ថែមថា ករណីនេះ អាជ្ញាធរអាចមានទំនាក់ទំនងផ្នែកនយោបាយត្រូវរ៉ូវគ្នាជាមុនជាមួយនឹងអ្នករៀបចំវេទិកានោះ៖ «អ៊ីចឹងយើងសូមឲ្យមានការត្រួតពិនិត្យឡើងវិញ ពាក់ព័ន្ធនឹងអង្គការក្រៅរដ្ឋាភិបាលដែលជាប់ពាក់ព័ន្ធនឹងការធ្វើនយោបាយនេះ ព្រោះកន្លងទៅ រដ្ឋាភិបាលតែងតែចោទប្រកាន់ថា អង្គការក្រៅរដ្ឋាភិបាលជ្រកក្រោមស្លាកអង្គការ តែពីក្រោយគណបក្សនយោបាយ»។

នេះជាវេទិកាលើកទី១១ របស់កញ្ញា ធី សុវណ្ណថា ដែលបានរៀបចំឡើងនៅតាមបណ្ដាខេត្តទូទាំងប្រទេស។ វេទិកានៅស្រុករុក្ខគិរី ខេត្តបាត់ដំបង បានបញ្ចប់ទៅវិញនៅព្រឹកថ្ងៃទី៣ កក្កដា ដដែល។ ប្រជាពលរដ្ឋដែលបានចូលរួមក្នុងកម្មវិធីនោះ ទទួលបានក្រមាម្នាក់មួយ ទទួលបានការពិនិត្យជំងឺ និងថ្នាំពេទ្យភ្លាមៗ ក្រោយពេលគ្រូពេទ្យពិនិត្យដោយឥតគិតថ្លៃ៕

ប្រភពៈ RFA