ចាប់​រថយន្ត​ដឹកឈើ​លេខ​១​ជាង​១០​មែ​ត្រ​គូប រក​ម្ចាស់​អត់​ឃើញ

ខេត្តក្រចេះ ៖ ឈើ​លេខ​១​សុ​ក្រំ​ប្រភេទ​ឈើមូល ដែល​គេ​ដឹង​ថា​បាន​លួច​កាប់​អារច្រៀក ក្នុង​ព្រៃ​តំបន់​អភិរក្ស​សីមា និង​ព្រៃ​ដែន​ជម្រក​សត្វ នឹង​បម្រុង​ដឹក​សំដៅ​ចូល​ទឹកដី​វៀតណាម តាម​ច្រករបៀង​ខេត្ត​ជាប់​ព្រំប្រទល់​ក្រចេះ មណ្ឌល​គី​រី ត្រូវ​បាន​កម្លាំង​អាវុធហត្ថ​ស្រុក​ស្នួល សហ​ការណ៍​ជាមួយ​មន្ត្រី​អភិរក្ស​ដែន​ជម្រក​ចាប់​បាន​កាលពី​ថ្ងៃ​ទី​០៣ ខែកក្កដា​។ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ឈើ​សុ​ក្រំ​ហ៊ុ​ប​មូល ដែល​បាន​អារកាត់​ជា​កំណាត់​តូច ធំ មាន​ចំនួន រាប់រយ​កំណាត់ មិន​ក្រោម​ជាង​១០​មែ​ត្រ​គូប ត្រូវ​បាន​ក្រុម​សមត្ថកិច្ច ចូល​បង្ក្រាប​បាន នៅ​ក្នុង​ព្រៃ​មួយ​កន្លែង ចំណុច​អូរ​ប៉ោ ឃុំ​ឃ្សឹ​ម ស្រុក​ស្នួល ខណៈ​ដែល​ឈើ​ទាំងនោះ ត្រូវ​បាន​ឈ្មួញ​ដឹក​តាម​រថយន្ត​កូរ៉េ​ចំណុះ​៥​តោន យក​មក​លាក់​ដើម្បី​រក​ឱកាស​ដឹក​ចេញ​។  ទោះជា​បែប​ណា​ក្នុង​ការ​បង្ក្រាប​រថយន្ត​កូរ៉េ​ដឹកឈើ​សុ​ក្រំ​នេះ ក្រៅពី​មាន​រថយន្ត និង​ឈើ ជា​ច្រើន​រយ​កំណាត់​ដែល​ផ្ទុក​ស្មើ​ទ្រុង​ឡាន ដែល​ត្រូវ​បាន​ចាប់​ឃាត់ គឺ​មិន​មាន​អ្វី​ផ្សេង​ទៀត​នោះ ទេ ដោយ​សមត្ថកិច្ច​អះ​អា​ថា អ្នក​បើករថយន្ត និង​ព្រូ​បាន​គេចខ្លួន​ក្រោយ​ពី​ដឹង​សភាព​ការ​មុន​។ មិន​មាន​សេចក្តីរាយការណ៍​ណាមួយ​បញ្ជាក់​ឲ្យ​ច្បាស់​ថា ឈើ​ល្មើសច្បាប់​ទាំង​ចំនួន​ជាង​១០ មែ​ត្រ​គូប​នេះ ថា​ជា​កម្ម​សិទ្ធ​របស់​ជនល្មើស ឬ​ឈ្មួញ​រូប​ណា​ឲ្យ​ប្រាកដ​នោះ​ទេ​។ បើ​យោង​តាម​ប្រភព​ព័ត៌មាន ក៏​ដូច​ជា​សេចក្តីរាយការណ៍​នានា​បាន​ឲ្យ​ដឹង​ថា ឈើ​ទាំងនេះ ត្រូវ​ឈ្មួញ​លួច​កាប់​អារ​ចេញពី​តំបន់​អភិរក្ស​សីមា ក្នុងភូមិ​សាស្ត្រ​ន​ខេត្ត​មណ្ឌល​គី​រី និង​ខ្លះ​ទៀត បាន​លួច​កាប់​អារ​នៅ​ក្នុង​តំបន់​ព្រៃ​ដែន​ជម្រក​ស្នួល​។ ហើយ​សកម្មភាព​ការ​កាប់​អារ និង​ដឹក​ជញ្ជូន ក៏​ត្រូវ​បាន​គេ​ដឹង​ថា គឺ​ធ្វើ​ឡើងជា​ប្រចាំ​ដោយ​រូបភាព​លួចលាក់​បំផុត​។ ប្រភព​ព័ត​មានបាន​ឲ្យ​ដឹង​ទៀត​ថា  ឈ្មួញ​ឈើ​ដែល​នៅ​ពីក្រោយ ការ​ដឹក​ជញ្ជូន និង​ការ​កាប់ ទិញ​លក់​នេះ​សុទ្ធ​សឹង​ជា​យោធា​ចំណុះ​ឲ្យ​វរៈ​កា​ពារ​ព្រំដែន​ដែល​មាន​ទីបញ្ជាការ​នៅ​ក្បែរ​ៗ​នោះ​។
នៅ​ជុំវិញ​ការ​បង្ក្រាប​បទល្មើស​ការ​ដឹក​ជញ្ជូន​ឈើ ពី​សំណាក់​កងកម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ស្នួល លោក​អនុសេនីយ៍ឯក ម៉ៅ សុ​ផុ​ន មេបញ្ជាការ​រង​អាវុធហត្ថ​ស្រុក​ស្នួល បានឱ្យ​ដឹង​ថា បន្ទាប់​ពី​មានការ​ចាប់​ឃាត់ រថយន្ត និង​ឈើ​ទាំងនេះ បាន​នាំ​យក​មក​រក្សារ​ទុក​នៅ​ស្នាក់​ការ អភិរក្ស​ឈើ​ទាំងនេះ​ក៏ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក ប្រគល់​ទៅ​ឲ្យ​មន្ត្រី​អភិរក្ស ដើម្បី​មាន​វិធានការ​បន្ត​។ ចំពោះ​វិធានការ​ស្រាវជ្រាវ​រក​ម្ចាស់​ឈើ ដើម្បី​មាន​វិធានការ​យ៉ាងណា​ទៀត​នោះ ត្រូវ​បាន​លោក អនុសេនីយ៍ឯក​បញ្ជាក់​ថា កិច្ច​ការងារ​នេះ​ទុក​ឲ្យ​មន្ត្រី​ជំនាញ​ជា​អ្នក​បន្ត​នីតិវិធី ៕