អង្គការ​ជន​ពិការ​កម្ពុជា​ស្នើ​សុំ គ​.​ជ​.​ប​ថ្មី គួរ​បង្កើត​ស្នាដៃ ជា​ប្រវត្តិសាស្ត្រ ក្នុង​ការ​ដាក់​តារាង​ជន​ពិការ​ទៅ​ក្នុង​បញ្ជី​ចុះឈ្មោះ​បោះឆ្នោត​!

អង្គការ​ជន​ពិការ​កម្ពុជា​ស្នើ​សុំ គ​.​ជ​.​ប​ថ្មី គួរ​បង្កើត​ស្នាដៃ ជា​ប្រវត្តិសាស្ត្រ ក្នុង​ការ​ដាក់​តារាង​ជន​ពិការ​ទៅ​ក្នុង​បញ្ជី​ចុះឈ្មោះ​បោះឆ្នោត​!



ភ្នំពេញ ៖ នាយក​គ្រប់គ្រង​អង្គការ​ជន​ពិការ​កម្ពុជា​ បាន​ស្មើ​សុំ​ដល់​ គ​.​ជ​.​ប ថ្មី​ ក្នុង​ការ​បង្កើត​តារាង ជន​ពិការ ទៅ​ក្នុង​បញ្ជី​ចុះឈ្មោះ​បោះឆ្នោត ដើម្បី​បង្កើត​ស្នាដៃ​ជា​ប្រវត្តិសាស្ត្រ សម្រាប់​ជួយ​សម្រប​សម្រួល ដល់​ការគ្រប់គ្រង និង​ការ​ក្តាប់​បាន​នូវ​ព័ត៌មាន​របស់​បងប្អូន​ជន​ពិការ​ជា​កត្តា​សំខាន់។

នេះ​ជា​ការ​លើកឡើង​របស់​លោក ងិន សៅ​រ័ត្ន នាយក​ប្រតិបត្តិ​អង្គការ​ជន​ពិការ​កម្ពុជា បាន​ថ្លែង​លើកឡើង នៅ​ក្នុង​សន្និសីទ សារព័ត៌មាន អបអរសាទរ​ខួប​លើក​៧​ឆ្នាំ នៃ​ការប្រើប្រាស់​ច្បាប់​ជា​ផ្លូវការ និង​ការ​លើកកម្ពស់​សិទ្ធិ​ជន ពិការ​នៅ​ថ្ងៃ​ទី​៤ ខែ​កក្កដា ឆ្នាំ​២០១៦។ លោក​បាន​បញ្ជាក់​ថា ទាក់ទិន​នឹង​បញ្ហា​ការ​ដាក់​ជន​ពិការ​បញ្ចូល​ទៅ​ក្នុង​តារាង ចុះឈ្មោះ​បោះឆ្នោត នា​ពេល​ថ្មីៗ​នេះ តំណាង​អង្គការ​ជនពិការ​កម្ពុជា​បាន​ទៅ​ជួប គ​.​ជ​.​ប ដើម្បី​ស្នើ​សុំ ការ​ដាក់​ជនពិការ​ទៅ​ក្នុង​តារាង​ចុះឈ្មោះ​បោះឆ្នោត ប៉ុន្តែ​ត្រូវ គ​.​ជ​.​ប បាន​បដិសេធ​មិន​ព្រម​ដាក់​ចូល ក្នុង​តារាង​ចុះឈ្មោះ​របស់​ជន​ពិការ​នោះ​ទេ ដោយ​សំអាង​ទៅលើ​បច្ចេកទេស។

លោក​បាន​បន្ថែម​ទៀត​ថា បើ​សិន​ពិបាក​លើ​កំហុស​បច្ចេកទេស ក្នុង​ការ​ដាក់បញ្ចូល​ជន​ពិការ​នោះ លោក​ក៏បាន​សុំ​ស្នើ​ឲ្យ គ​.​ជ​.​ប គួរ​អនុញ្ញាត​ឲ្យ​មាន​ជនពិការ​ពីរ​ប្រភេទ​បាន​ចូលរួម គឺ​ប្រភេទ​ជនពិការ ជិះ​រទេះ​រុញ និង​ជន​ពិការភ្នែក ដើម្បី​ជួយ​សម្រួល​កាន់តែ​ប្រសើរ ដល់​ការគ្រប់គ្រង​ទិន្នន័យ​របស់ គ​.​ជ​.​ប ដើម្បី​បំបែក​ឯតទគ្គកម្ម​ជា​ប្រវត្តិសាស្ត្រ ក្នុង​ការ​ដាក់បញ្ចូល​តារាង​ចុះឈ្មោះ​បោះឆ្នោត​ដល់​ជន​ពិការ ។

ទន្ទឹម​នឹង​នេះ​ដែរ លោក ពេជ្រ សារឿន តំណាង​អង្គការ ជន​ពិការ​ខេត្ត​បាត់ដំបង​បាន​លើក​ឡើង​ថា ទាក់ទិន​នឹង​បញ្ហា​ចុះឈ្មោះ​បោះឆ្នោត​របស់​បងប្អូន​ជន​ពិការ នៅ​ក្នុង​អាណត្តិ​បោះឆ្នោត​មុនៗ លោក សង្កេតឃើញ ការគ្រប់គ្រង​របស់ គ​.​ជ​.​ប គឺ​មាន​តារាង​គ្រប់គ្រង​ជនពិការ​បាន​យ៉ាង​ប្រសើរ ប៉ុន្តែ​នៅ ក្នុង​រយៈពេល​បោះឆ្នោត​ក្រោយ​មកនេះ គឺ​ពុំបាន​បង្ហាញ​តារាង​ចុះឈ្មោះ​បោះឆ្នោត​ទៀត​នោះ​ឡើយ។

បញ្ហា​ជុំវិញ​ការ​ដាក់បញ្ចូល​ជន​ពិការ​ទៅ​ក្នុង​បញ្ជី​បោះឆ្នោត​នេះ លោក ងិន សៅ​រ័ត្ន បាន​លើក ឡើង​ថា សម្រាប់​ជន​ពិការ​ម្នាក់ៗ គឺ​ចង់​បង្ហាញ​នូវ​ទឹកចិត្ត​នៃ​ការចូលរួម​បោះឆ្នោត​ដូច​មនុស្ស​មិន​ពិការ ប៉ុន្តែ​បើ​ទៅ​ចុះឈ្មោះ​បោះឆ្នោត​មានការ​ស្មុគស្មាញ ក៏​ធ្វើ​ឲ្យ​ពួកគាត់​មិន​ចង់​ទៅ​ចុះឈ្មោះ​ផងដែរ ព្រោះ ជន​ពិការ​មានការ​ពិបាក​ធ្វើដំណើរ​ចុះឡើង។ លោក​បន្ត​ថា​ ចំពោះ​ការ​ស្នើ​​សុំ​ដល់ គ​.​ជ​.​ប នេះ គឺ​ក្នុង​គោលបំណង ចង់​ឲ្យ​ជន​ពិការ​បាន​ចូលរួម ព្រោះ​ជន​ពិការ​ម្នាក់​អាច​ផ្តល់​សំឡេង​​ដូច​មនុស្ស ដែល​មិន​ពិការ​ផង​ដែរ៕