ចិន​នឹង​ចាប់ផ្តើម​ប្រមាញ់​ជីវិត​ក្រៅ​ភព​នៅ​ខែកញ្ញា​ខាងមុខ ខណៈ​ការ​តម្លើង​កែវ​យឺត​យក្ស​បាន​ចប់​រួច​សព្វគ្រប់​

    ​ប្រព័ន្ធ​ផ្ស​ព​ផ្សាយ​រដ្ឋ​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា ចិន​កាលពី​ថ្ងៃអាទិត្យ​បាន​ស្ទូច​ផ្នែក​ចុងក្រោយ​ទៅ​ដា​ក់នៅ​ទីតាំង​លើ​កែវ​យឺត​រលក​វិទ្យុ​ធំ​បំផុត​របស់​ពិភពលោក ដែល​នឹង​ប្រើប្រាស់​ដើម្បី​រុករក​អវកាស និង​ជួយ​ប្រមាញ់​ជីវិត​មនុស្ស​ក្រៅ​ភព​។ 

​    ​កែវ​យឺត​ឈ្មោះ FAST ប្រវែង ៥០០ ម៉ែត្រ (​ឈ្មោះ​ពេញ Five-hundred-metre Aperture Spherical Telescope) គឺមាន​ទំហំ​ស្មើ​តារាង​បាល់ទាត់ ៣០ និង​ត្រូវបាន​ខួង​ទីតាំង​ចេញពី​ភ្នំ​មួយ​នៅ​ភាគ​និរតី​នៃ​ខេត្ត​ក្រីក្រ គួ​យ​ចូ​វ​។  

ចិន​នឹង​ចាប់ផ្តើម​ប្រមាញ់​ជីវិត​ក្រៅ​ភព​នៅ​ខែកញ្ញា​ខាងមុខ ខណៈ​ការ​តម្លើង​កែវ​យឺត​យក្ស​បាន​ចប់​រួច​សព្វគ្រប់​

​    ​លោក ចេង សៀវ​នៀ​ន (Zheng Xiaonian) អនុប្រធាន​ម​ជ្ឈ​ម​ណ្ឌ​អង្កេត​តារាសាស្ត្រ​ជាតិ​ស្ថិតក្រោម​ចំណុះ​បណ្ឌិត្យសភា​វិទ្យាសាស្ត្រ​ចិន​បាន​ប្រាប់ ទីភ្នាក់ងារសារព័ត៌មាន​ស៊ិន​ហួរ​ថា ក្រុម​អ្នកវិទ្យាសាស្ត្រ​ឥឡូវនេះ​នឹង​ចាប់ផ្តើម​ស្វែងរក​កំហុស​បច្ចេកទេស និង​ធ្វើតេស្ត​កែវ​យឺត​យក្ស​នេះ​។  

​    ​លោក​ចេង​បាន​និយាយថា "​គម្រោង​នេះ​មាន​សក្តានុពល​ក្នុងការ​ស្វែងរក​វត្ថុ​ចម្លែក​ជាច្រើន​ដើម្បី​ស្វែងយល់​កាន់តែ​ប្រសើរ​អំពី​ប្រភពដើម​នៃ​ចក្រវាល និង ដើម្បី​ជំរុញ​ការ​ប្រមាញ់​ជា​សកល​នូវ​ជីវិត​ក្រៅ​ភព​"​។ 

​    ​លោក​ចេង​បាន​បន្ថែមថា កែវ​យឺត​រលក​វិទ្យុ​តម្លៃ ១៨០ លាន​ដុល្លារ​នេះ​នឹង​ក្លាយជា​អ្នក​នាំមុខគេ​លើ​សកលលោក​សម្រាប់​រយៈ​ពេល ១ ទៅ ២ ទសវត្សរ៍​ទៀត​។ 

​    ​កែវ​យឺត​ដែល​ចំណាយពេល​សាងសង់​រយៈពេល ៥ ឆ្នាំ នេះ​គ្រោង​នឹង​ចាប់ផ្តើម​ប្រតិបត្តិការ​ក្នុង​ខែកញ្ញា​ខាងមុខ​។​

ចិន​នឹង​ចាប់ផ្តើម​ប្រមាញ់​ជីវិត​ក្រៅ​ភព​នៅ​ខែកញ្ញា​ខាងមុខ ខណៈ​ការ​តម្លើង​កែវ​យឺត​យក្ស​បាន​ចប់​រួច​សព្វគ្រប់​

​    ​ការធ្វើ​ទំនើបកម្ម​នូវ​កម្មវិធី​អវកាស​ចិន​គឺជា​អាទិភាព​សម្រាប់​រដ្ឋា​ភិ​បាល​ក្រុង​ប៉េកាំង ជាមួយ​ប្រធានាធិបតី​ស៊ី ជី​ពីង អំពាវនាវ​ឱ្យ​ប្រទេស​នេះ​ប្រែក្លាយ​ខ្លួនឯង​ជា​មហាអំណាច​អវកាស​មួយ​។ 

​    ​មហិច្ឆតា​ចិន​រួមមាន ការដាក់​មនុស្ស​នៅលើ​ឋាន​ព្រះ​ចន្ទ​នៅត្រឹម​ឆ្នាំ ២០៣៦ និង ការកសាង​ស្ថានីយ​អវកាស​មួយ ជាការ​ងារ​ដែល​កំពុង​ចាប់ផ្តើម​បណ្តើរៗ​ហើយ​សព្វថ្ងៃនេះ​។ 

​    ​ចិន​បាន​ទទូចថា កម្មវិធី​របស់ខ្លួន​គឺ​សម្រាប់​គោលបំណង​សន្តិភាព ប៉ុន្តែ​ក្រសួងការពារជាតិ​អាមេរិក​បាន​គូសបញ្ជាក់​អំពី​ការបង្កើន​សមត្ថភាព​អវកាស​របស់​ចិន ដោយ​និយាយថា ចិន​កំពុង​បន្តសកម្មភាព​ទាំងនេះ​ក្នុង​គោលបំណង​ទប់ស្កាត់​សត្រូវ​ពី​ការប្រើប្រាស់​អត្ថប្រយោជន៍​នៅ​អវកាស​ក្នុងពេល​មាន​វិបត្តិ​៕

ចិន​នឹង​ចាប់ផ្តើម​ប្រមាញ់​ជីវិត​ក្រៅ​ភព​នៅ​ខែកញ្ញា​ខាងមុខ ខណៈ​ការ​តម្លើង​កែវ​យឺត​យក្ស​បាន​ចប់​រួច​សព្វគ្រប់​