រថយន្តក្រុង​ព្រលះ​ម៉ូតូ​ពេញទំហឹង ម្តាយ​ត្រូវ​បាក់ជើង និង​កូនតូច​រង​របួស​

រថយន្តក្រុង​ព្រលះ​ម៉ូតូ​ពេញទំហឹង ម្តាយ​ត្រូវ​បាក់ជើង និង​កូនតូច​រង​របួស​



បាត់ដំបង ៖ ស្ត្រី​ម្នាក់​បាន​រង​របួស​រហូត​បាក់ជើង​ម្ខាង​ដោយ​ដេក​ស្តូកស្តឹង​នៅ​កណ្តាល​ទ្រូង​ថ្នល់ និង​កូនស្រី​ដ៏​តូច​ម្នាក់​ក៏បាន​រង​របួស​ដែរ ខណៈ​ដែល​ម្តាយ និង​កូន​នេះ​កំពុង​ជិះ​ម៉ូតូ​នៅ​ចំណែក​ខាងស្តាំ​ដៃ​របស់​ខ្លួន ហើយ​ត្រូវ​បាន​រថយន្តក្រុង​រេ​មក​បុក​យ៉ាង​ពេញទំហឹង​តែម្តង។

ហេតុការណ៍​នេះ ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០ និង​៣០​នាទី ព្រឹក​ថ្ងៃ​ទី​៤ ខែកក្កដា ឆ្នាំ២០១៦ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥៩​បេ ក្នុង​ភូមិ​អូរ​ដា ឃុំ​អូរ​ដា ស្រុក​កំរៀង ខេត្តបាត់ដំបង រវាង​រថយន្ត​ក្រុងរ​បស់​ក្រុមហ៊ុន​K S O ពណ៌​ស​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ 3C-9364 ក្នុង​ទិសដៅ​ពី​លិចទៅ​កើត ជា​មួយនឹង​ម៉ូតូ ម៉ាក​ហុងដា​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ប៉ៃលិន 1A-0535 ទិសដៅ​ផ្ទុយគ្នា។

សមត្ថកិច្ច​បាន​បញ្ជាក់​ថា នៅ​ពេល​ដែល​រថយន្តក្រុង​បើក​មកដល់​ត្រង់​ចំណុច​កើតហេតុ​ក៏​ស្រាប់តែ​រេ​ចង្កូត​ឆ្លង​គំនូស​ទ្រូង​ថ្នល់ ទៅ​បុក​លើ​ម៉ូតូ​ទាំង​កំរោល ​​បណ្តាល​ឲ្យ ស្ត្រី​ជា​ម្តាយ ដែល​ជា​អ្នកបើកបរ​ឈ្មោះ ជា សុខុម អាយុ​២៨​ឆ្នាំ មុខ​របរ​ជា​កសិករ រស់​នៅ​ភូមិ​កំរៀង ឃុំ​កំរៀង ស្រុក​កំរៀង រង​របួស​ដោយ​បាក់ជើង​ឆ្វេង​ម្ខាង ដោយឡែក​កូនស្រី​ឈ្មោះ ទី ស្រី​និ​ត ដែល​ទើប​តែមាន​អាយុ​៦​ឆ្នាំ ក៏បាន​រង​របួស​ស្រាល​ដែរ ព្រម​ទាំង​បាន​យំ​ស្រែក​ដោយ​ភាព​ភ័យខ្លាច​ផង និង​ដោយសារតែ​ឃើញ​ម្តាយ​របស់ខ្លួន​ដេក​ស្តូកស្តឹង​នៅ​ខាងមុខ​រថយន្ត​ផង។

ភ្លាមៗ​នោះ​ដែរ អ្នកបើកបរ​រថយន្ត​ក្រុង​បាន​បិទ​សាប៊ូ​ដាក់​មេ​ផាយ​បាត់ស្រមោល ​រីឯ​ជនរងគ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ដឹក​បញ្ជូន​ទៅ​សង្គ្រោះបន្ទាន់​នៅ​មណ្ឌល​សុខភាព​ឃុំ​ត្រាង​ជា​បណ្តោះអាសន្ន​ផង​ដែរ ចំណែក​ម៉ូតូ​ និង ​រថយន្ត​បាន​បញ្ជូន​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កំរៀង​ដើម្បី​រង់ចាំ​ការ​ដោះស្រាយ៕