សមត្ថកិច្ច​គួរ​ឆែក​ប័ណ្ណបើកបរ​ឲ្យ​ល្អិតល្អន់ លើ​ក្រុមហ៊ុន​ទឹកកក​សេះ​ហោះ​មានជ័យ​

សមត្ថកិច្ច​គួរ​ឆែក​ប័ណ្ណបើកបរ​ឲ្យ​ល្អិតល្អន់ លើ​ក្រុមហ៊ុន​ទឹកកក​សេះ​ហោះ​មានជ័យ​



បាត់ដំបង ៖ អ្នកបើកបរ​ដ៏​វ័យក្មេង​ម្នាក់​របស់​ក្រុមហ៊ុន​ទឹកកក​អនាម័យ សេះ​ហោះ​មានជ័យ ​ត្រូវ​បាន​សមត្ថកិច្ច​ចុះទៅ​នាំ​ខ្លួន​ដល់​ចំណុច​កើតហេតុ ខណៈ​ដែល​អ្នកបើកបរ​រូបនេះ​បាន​បើកបរ​រថយន្ត​របស់​ក្រុមហ៊ុន​យ៉ាង​លឿន ហើយ​បាន​រេ​ចង្កូត​ធ្លាក់​ក្រឡាប់​ក្បែរ​ចិញ្ចើម​ផ្លូវ។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩ និង​៤៥​នាទី ព្រឹក​ថ្ងៃ​ទី​៤ ខែកក្កដា ឆ្នាំ២០១៦ ត្រង់​ចំណុច​ក្បែរ​ភ្លើងស្តុប​ពេទ្យ ព​២ ស្ថិត​ក្នុង​ភូមិ​ដំណាក់​ហ្លួង សង្កាត់​វត្ត​គរ ក្រុងបាត់ដំបង ខេត្ត​បាត់ដំបង ដោយសារ​តែ​មាន​រថយន្ត​ដឹក​ទឹកកក​អនាម័យ​មួយ​គ្រឿង​របស់​ក្រុមហ៊ុន សេះ​ហោះ​មានជ័យ ដែល​មាន​ទីតាំងនៅ​ភូមិ​ខ្សាច់​ពោ​យ សង្កាត់​វត្ត​គរ​ បាន​បើកបរ​យ៉ាង​លឿន​ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង ហើយ​បាន​ធ្លាក់​ផ្លូវ​បះជើង នៅ​ក្បែរ​ភ្លើងស្តុប​នោះ​តែម្តង។

ភ្លាមៗ​នោះ​ដែរ ប្រភព​ដែល​នៅ​ក្បែរ​ទីនោះ​បាន​និយាយ​ថា គេ​ឃើញ​មាន​ក្មេង​ប្រុស​ម្នាក់​ដែល​គេ​ដឹង​ថា ​ជា​អ្នកបើកបរ​ដ៏​ក្មេងខ្ចី និង​នារី​ម្នាក់ បាន​បើកទ្វារ​រថយន្ត​ចេញ​មក​ទាំង​២​នាក់​ដោយ​មិន​មាន​នរណា​ម្នាក់​រង​របួស​ឡើយ។ នៅ​ក្នុង​ហេតុការណ៍​នេះ ​ ក៏​មាន​កម្លាំង​នគរបាល​ចរាចរណ៍​ ​​ចុះ​មកដល់​ព្រមទាំង​បាន​នាំ​ខ្លួន​អ្នក​បើកបរ​យក​ទៅ​កាន់​ការិយាល័យ​ ទំនងជា​យក​ទៅ​សាកសួរ ឬក៏​អាច​ថា យក​ទៅ​ត្រួតពិនិត្យ​លើ​ប័ណ្ណបើកបរ​ដោយ​ចង់​ដឹង​ថា តើ​អ្នកបើកបរ​វ័យក្មេង​នេះ​មាន​ដែរឬទេ?

ក្រោយមក​គេ​ក៏​ឃើញ​ភាគី​ខាង​ក្រុមហ៊ុន បាន​យក​រថយន្ត​មួយ​គ្រឿង​ទៀត​មក​សាង​យក​ទឹកកក​ដែល​នៅ​ក្នុង​រថយន្ត​នោះ​ចេញ​ ដើម្បី​ធ្វើការ​ស្ទូច​យក​ទៅ​ជួសជុល ប៉ុន្តែ​យើង​មិនទាន់​ដឹង​ថា ​តើ​អ្នកបើកបរ​នោះ​ត្រូវ​ជាប់​លើ​បញ្ហា​អ្វីខ្លះ​នោះ​ទេ ដោយ​គ្រាន់​តែ​មាន​ប្រភព​ជាច្រើន​បាន​ក្រើនរំលឹក​ដល់​សមត្ថកិច្ច​ថា កន្លងមក​ក្រុមហ៊ុន ទឹកកក​សេះ​ហោះ​មានជ័យ​នេះ ​ធ្លាប់​បាន​បង្ក​បញ្ហា​ជាច្រើនលើក​ច្រើនសា​មក​ហើយ ដោយសារតែ​អ្នកបើកបរ​រថយន្ត​របស់​ពួកគេ​មាន​វ័យ​ក្មេងៗ​ពេក ដោយ​គិតតែ​ពី​ជាន់​គ្មាន​សំចៃ​ជើង​បន្តិច​ណា​សោះឡើយ​ដែល​ធ្វើ​ឲ្យ​ជួប​នឹង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ជា​ញឹកញាប់ ដូច្នេះ​គួរតែ​កម្លាំង​ជំនាញ​ចាត់វិធានការ​ឲ្យ​បាន​តឹងរ៉ឹង​បន្តិច​ដល់​ក្រុមហ៊ុន​នេះ៕

សមត្ថកិច្ច​គួរ​ឆែក​ប័ណ្ណបើកបរ​ឲ្យ​ល្អិតល្អន់ លើ​ក្រុមហ៊ុន​ទឹកកក​សេះ​ហោះ​មានជ័យ​ សមត្ថកិច្ច​គួរ​ឆែក​ប័ណ្ណបើកបរ​ឲ្យ​ល្អិតល្អន់ លើ​ក្រុមហ៊ុន​ទឹកកក​សេះ​ហោះ​មានជ័យ​