អ្នក​កាសែត​ម្នាក់​នៅ​ក្រុង​ប៉ោយប៉ែត​ចូល​បំភ្លឺ​តាម​ការ​កោះ​ហៅ​របស់​អាជ្ញាធរ

អ្នក​យក​ព័ត៌មាន​ឲ្យ​កាសែត​ខ្មែរ​ដេលី​ម្នាក់​ប្រចាំ​ខេត្ត​បន្ទាយមានជ័យ នៅ​ព្រឹក​ថ្ងៃ​ទី​៤ កក្កដា បាន​ចូល​ទៅ​បំភ្លឺ​តាម​ការ​កោះ​ហៅ​ពី​សំណាក់​អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត បន្ទាប់​ពី​រូប​គេ​បាន​សរសេរ​ករណី​ទំនាស់​ដីធ្លី​របស់​ប្រជាពលរដ្ឋ​ចំនួន ២៧​គ្រួសារ​នៅ​ក្រុង​ប៉ោយប៉ែត ហើយ​បង្ហោះ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook)។ អភិបាល​ក្រុង​ប៉ោយប៉ែត បញ្ជាក់​ថា អាជ្ញាធរ​ហៅ​អ្នក​កាសែត​ដើម្បី​ស្ដាប់​ការ​ដោះស្រាយ ជៀសវាង​ចុះ​ផ្សាយ​ព័ត៌មាន​ខុស។

អ្នក​យក​ព័ត៌មាន​កាសែត​ខ្មែរ​ដេលី នៅ​ក្រុង​ប៉ោយប៉ែត ប្រតិកម្ម​ភ្លាមៗ​នឹង​អាជ្ញាធរ​ក្រុង​នេះ ថា​ជា​ការ​សាកសួរ​បំភ័យ​ដល់​អ្នក​សារព័ត៌មាន។

អ្នក​យក​ព័ត៌មាន​កាសែត​ខ្មែរ​ដេលី លោក ព្រាប ឥន្ទវឌ្ឍនៈ ថ្លែង​នៅ​ថ្ងៃ​ទី​៤ កក្កដា ថា អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត បាន​សាកសួរ​រូប​គេ​ប្រមាណ ១​ម៉ោង​នៅ​សាលា​ក្រុង ពាក់ព័ន្ធ​នឹង​ករណី​ទំនាស់​ដីធ្លី​របស់​ប្រជាពលរដ្ឋ​នៅ​ភូមិ​ចាន់គីរី សង្កាត់​ប៉ោយប៉ែត ដែល​លោក​បាន​បង្ហោះ​តាម​បណ្ដាញ​សង្គម​កាល​ពី​ដើម​ខែ​មិថុនា កន្លង​ទៅ។ លោក​ហៅ​ការ​សាកសួរ​នេះ ថា​ជា​ការ​គំរាម​កំហែង​បំភ័យ​រូប​គេ ដើម្បី​កុំ​ឲ្យ​ចុះ​ផ្សាយ​ព័ត៌មាន​នៅ​ពេល​ក្រោយ​ទៀត៖ «អាជ្ញាធរ​ក្រុង​គាត់​និយាយ​ថា​រឿង​នេះ​បាន​ឮ​ទៅ​ដល់​សម្ដេច​តេជោ ហ៊ុន សែន ហើយ​បាន​ប្រតិកម្ម​ចំពោះ​បញ្ហា​នេះ។ ខ្ញុំ​គិត​ថា​វា​ជា​រឿង​ល្អ​ទៅ​វិញ​ទេ​ដែល​សម្ដេច​បាន​ដឹង នឹង​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ»

ឆ្លើយ​តប​នឹង​បញ្ហា​នេះ អភិបាល​ក្រុង​ប៉ោយប៉ែត លោក ង៉ោ ម៉េងជ្រួន មាន​ប្រសាសន៍​យ៉ាង​ខ្លី​ថា អាជ្ញាធរ​ពុំ​បាន​ហៅ​អ្នក​កាសែត​ទៅ​សាកសួរ​ដូច​ការ​អះអាង​នោះ​ឡើយ ក៏ប៉ុន្តែ​លោក​បញ្ជាក់​ថា ជា​ការ​អញ្ជើញ​អ្នក​កាសែត​រូប​នោះ​ឲ្យ​ចូល​ស្ដាប់​ការ​ពន្យល់​ពី​សំណាក់​អាជ្ញាធរ​ពាក់ព័ន្ធ ដើម្បី​កុំ​ឲ្យ​ចុះ​ផ្សាយ​ព័ត៌មាន​ខុស​បន្ត​ទៀត៖ «ពីព្រោះ​បញ្ហា​នេះ គឺ​ជា​ការ​ដោះស្រាយ​ទំនាស់ ហើយ​ឲ្យ​មក​ចូលរួម ដើម្បី​សាលា​ក្រុង​គេ​ដោះស្រាយ​របៀប​ម៉េច អនុវត្ត​របៀប​ម៉េច? ហើយ​កុំ​ឲ្យ​គាត់​ផ្សាយ​ទៅ​វា​ខុស​បាទ

ទោះ​បី​ជា​យ៉ាង​ណា មន្ត្រី​សម្របសម្រួល​អង្គការ​លីកាដូ (LICADHO) ប្រចាំ​ខេត្ត​បន្ទាយមានជ័យ លោក ភួន ឈិន មាន​ប្រសាសន៍​ថា អាជ្ញាធរ​ក្រុង​មិន​ត្រូវ​ហៅ​អ្នក​កាសែត​ទៅ​សាកសួរ ដោយសារ​តែ​រូប​គាត់​បាន​បង្ហោះ​ព័ត៌មាន​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​នោះ​ទេ។ លោក​បញ្ជាក់​ថា ការ​ហៅ​អ្នក​កាសែត​បែប​នេះ គឺ​ជា​ការ​ដាក់​សម្ពាធ​ស្មារតី​ទៅ​លើ​អ្នក​សារព័ត៌មាន ពីព្រោះ​ប្រសិន​បើ​អ្នក​សារព័ត៌មាន​ផ្សាយ​ខុស គឺ​អាជ្ញាធរ​អាច​ធ្វើ​ជា​លិខិត​ឲ្យ​រូប​គាត់​កែ​តម្រូវ​ព័ត៌មាន​នោះ​ឡើង​វិញ​បាន៖ «អាជ្ញាធរ​គួរ​តែ​ពិនិត្យ​មើល​ច្បាប់ ហើយ​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ ជៀសវាង​ការ​ប្រើ​អំណាច​បុគ្គល​បំពាន​ទៅ​លើ​សិទ្ធិ​សេរីភាព​ប្រជាពលរដ្ឋ គឺ​ជា​រឿង​មិន​ត្រឹមត្រូវ​ទេ»

ខ្លឹមសារ​សំខាន់​ដែល​អ្នក​យក​ព័ត៌មាន​ខ្មែរ​ដេលី បង្ហោះ​ក្នុង​បណ្ដាញ​សង្គម​កាល​ពី​ខែ​មិថុនា បាន​សរសេរ​ថា «មាន​អាម៉ីអាថោង​នៅ​ពី​ក្រោយ​រឿង​ទំនាស់​ដីធ្លី​នោះ មាន​ដូចជា​អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត ជាដើម។ សូម​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជូន​អន្តរាគមន៍​ជា​បន្ទាន់ ដើម្បី​កុំ​ឲ្យ​ប្រជាពលរដ្ឋ​បាត់បង់​ដីធ្លី​របស់​ពួក​គាត់​ដោយសារ​តែ​បញ្ហា​នេះ»។ ក្រោយ​មក រឿង​នេះ​បាន​ឮ​ទៅ​ដល់​ក្រុម​ការងារ​តាមដាន​ហ្វេសប៊ុក​របស់​លោក​នាយក​រដ្ឋមន្ត្រី ហើយ​ក៏​បាន​សាកសួរ​ទៅ​អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត រហូត​មាន​ប្រតិកម្ម​កើត​ឡើង​តែ​ម្ដង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។