ចាប់ខ្លួន​ជនល្មើស​ម្នាក់​តាម​ដីកា​បង្គាប់​របស់​សាលា​ដំ​បូង​រាជធានី​ភ្នំពេញ ពី​បទ​ឆក់​កាបូប

ចាប់ខ្លួន​ជនល្មើស​ម្នាក់​តាម​ដីកា​បង្គាប់​របស់​សាលា​ដំ​បូង​រាជធានី​ភ្នំពេញ ពី​បទ​ឆក់​កាបូប



ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ប៉ូលិស​ខណ្ឌ​ទួលគោក​ធ្វើការ​ឃាត់ខ្លួន​តាម​ដីកា​បង្គាប់​របស់​សាលា​ដំ​បូង​រាជធានី​ភ្នំពេញ ពី​បទ​ឆក់​កាបូប ក្រោយពី​បុរស​ម្នាក់​នេះ​ធ្វើ​សកម្មភាព​ឆក់​កាបូប​កាលពី​៣​ខែ​មុន។

ជនសង្ស័យ​ត្រូវ​បាន​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង ១២និង៣០​នាទី ​នៅ​ចំណុច​មណ្ឌល​សំចត សង្គមកិច្ច​រាជធានី​ភ្នំពេញ ផ្លូវជាតិ​លេខ​៣ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ មន្ត្រី​ផ្នែក​ព្រហ្មទណ្ឌ​ ខណ្ឌទួលគោក បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​៤ ខែកក្កដា ឆ្នាំ២០១៦ វេលា​ម៉ោង ១២និង៣០​នាទី កម្លាំង​ផ្នែក​នគរបាល​យុត្តិធម៌ ខណ្ឌ​ទួលគោក បាន​ចាប់ខ្លួន​ជនល្មើស​០១​នាក់ នៅ​ចំណុច​មណ្ឌល​សំចត សង្គមកិច្ច​រាជធានី​ភ្នំពេញ ផ្លូវជាតិ​លេខ​៣ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែនជ័យ រាជធានី​ភ្នំពេញ តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​លេខ​៣២៧ (​ត​) ដ​ច​ន ចុះ​ថ្ងៃ​ទី​៣០ ខែឧសភា ឆ្នាំ២០១៦ ពី​បទ​លួច ( ឆក់​កាបូប ) ប្រព្រឹត្ត​នៅ​ចំណុច​មុខ​ផ្ទះ​លេខ​១៥៣ ផ្លូវ​លេខ​២៨៨ ក្រុម​ទី​៥២ ភូមិ​១៣ សង្កាត់​បឹងកក់​ទី​១ ខណ្ឌ​ទួលគោក រាជធានី ភ្នំពេញ កាលពី​ថ្ងៃ​ទី​២១-០៤-២០១៦។

ជនល្មើស​ឈ្មោះ សែម ភក្តី ហៅ ក្តី អាយុ២៤​ឆ្នាំ ជនជាតិ​ខ្មែរ ស្នាក់​នៅផ្ទះ​លេខ​២០​សេ ផ្លូវ​លេខ​៥១៤ ក្រុម​ទី​៥២ ភូមិ​១៣ សង្កាត់​បឹងកក់​ទី​១ ខណ្ឌ​ទួល គោក រាជធានី​ភ្នំពេញ។

បច្ចុប្បន្ន​ជនល្មើស​កំពុង​ឃាត់ខ្លួន​ជា​បណ្តោះ​អាសន្ន នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក ដើម្បី​ចាត់​បញ្ជូន​ទៅ​តុលាការ ចាត់ការ​តាម​ផ្លូវ​ច្បាប់៕