លួច​យក​ម៉ូតូ​គេ​ទៅ​បញ្ចាំ ទីបំផុត​ជាប់​ខ្នោះ

ខេត្តមណ្ឌលគិរី ៖ ក្មេង​ស្ទាវ​ពីរ​នាក់​ញៀន​ថ្នាំ ធ្វើ​សកម្មភាព​លួច​ម៉ូតូ​អ្នក​ភូមិ​យក​ទៅ​បញ្ចាំ ត្រូវ​ម្ចាស់​ម៉ូតូ​ដាក់​ពាក្យបណ្ដឹង​យក​បាន​វិញ ។ ហេតុការណ៍​នេះ​កើតឡើង​នៅ​ថ្ងៃ​ទី​០៣ ខែកក្កដា ឆ្នាំ​២០១៦ ស្ថិត​ក្នុងភូមិ អូរ​អាម ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ។ តាម​ប្រភព​ព័ត៌មាន​ពី​ម្ចាស់​ម៉ូតូ​ឈ្មោះ លី វី​សិ​ដ្ឋ ឲ្យ​ដឹង​ថា  ក្មេង​ស្ទាវ​ទាំង​ពីរ​នាក់​នេះ​បាន​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​ម៉ាក​វ៉េវ គ្មាន​ស្លាក​លេខ​។ ក្រោយ​ពី​បាន​ដាក់​ពាក្យបណ្ដឹង​ទៅ​អធិការរង​ស្រុក​លោក អន សា​រ៉ា បាន​ឃាត់ខ្លួន​ក្មេង​ស្ទាវ​ទាំង​ពីរ​នាក់​ប​ញ្ចូ​ន​ទៅ​អធិការដ្ឋាន​ស្រុក​ធ្វើការ​សាកសួរ ជនសង្ស័យ​ទាំង​ពីរ​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​លួច​ម៉ូតូ​នេះ​យក​ទៅ​បញ្ចាំ​ពិតមែន​។

លោក​អធិការ​បាន​ឲ្យ​ដឹង​ទៀត​ថា ដោយ​មានការ​សង្ស័យ​ក្មេង​ស្ទាវ​នេះ​មាន​ពាក់ព័ន្ធ​នឹង​សារធាតុ​ញៀន លោក​ក៏​បាន​ធ្វើការ​ពិនិត្យ​ទឹកនោម ជាក់ស្ដែង​រក​ឃើញ​ថា ក្មេង​ស្ទាវ​ទាំង​ពីរ​នេះ​មាន​ផ្ទុក​នូវ​សារធាតុ​ញៀន​។ ជនសង្ស័យ​ទាំង​ពីរ​នាក់​មានឈ្មោះ ១.​ថៃ បារាំង ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិ​ខ្មែរ និង​ទី​២.​ឈ្មោះ លី ស្លោះ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជា​ជនជាតិ​ខ្មែរ​អ៊ី​ស្លា​ម​។ បច្ចុប្បន្ន ម៉ូតូ​ដែល​ជនសង្ស័យ​យក​ទៅ​បញ្ចាំ​នោះ ត្រូវ​លោក​អធិការ​ប្រគល់​ឲ្យ​ទៅ​ម្ចាស់​វិញ ចំណែក​ជនសង្ស័យ​ទាំង​ពីរ កំពុង​កសាង​សំណុំរឿង​ប​ញ្ចូ​ន​ទៅ​ស្នងការ​ខេត្ត ដើម្បី​ពិនិត្យ​ប​ញ្ចូ​ន​ទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​៕