FBI សម្ភាស​លោកស្រី Clinton អំពី​សារ​អេ​ឡិច​ត្រូ​និ​ច​ឯកជន​របស់​លោកស្រី​ និពន្ធដោយ : VOA       July-04-2016, 9:39 pm         47

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132FBI សម្ភាស​លោកស្រី Clinton អំពី​សារ​អេ​ឡិច​ត្រូ​និ​ច​ឯកជន​របស់​លោកស្រី​​អ្នកនាំពាក្យ​ក្រុម​អ្នក​ឃោសនាបោះឆ្នោត​ជូន​លោកស្រី Hillary Clinton បាន​និយាយថា លោកស្រី​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​រូបនេះ​បាន​ជួប​ជាមួយ​ពួក​មន្ត្រី​ការិយាល័យ FBI កាលពី​ថ្ងៃ​សៅរ៍ ដើម្បី​បង្ហាញ​អំពី​ការប្រើប្រាស់​សារ​អេ​ឡិច​ត្រូ​និ​ច (Email) ឯកជន​មួយ​នៅពេល​លោកស្រី​កាន់តំណែង​ជា​រដ្ឋមន្ត្រីការបរទេស​ស​.​រ​.​អា​.​។​

​ការធ្វើ​បទសម្ភាសន៍​ជិត​បី​ម៉ោង​កន្លះ​នេះ បាន​ប្រព្រឹត្តទៅ​នៅ​ទីស្នាក់ការ​ធំ​របស់ FBI ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​។​

​លោក Nick Merrill អ្នកនាំពាក្យ​ក្រុម​អ្នក​ឃោសនាបោះឆ្នោត​បាន​សរសេ​រ​នៅក្នុង​សារ​អេ​ឡិច​ត្រូ​និ​ចមួយ​ផ្ញើ​ទៅឱ្យ​បណ្តាញ​ផ្សាយ​ព័ត៌មាន​ថា «​លោកស្រី​រដ្ឋមន្ត្រី Clinton បានផ្តល់​សេចក្តី​សម្ភាសន៍​ដោយ​ស្ម័គ្រចិត្ត​មួយ​កាលពី​ព្រឹក​មិញ​នេះ​អំពី​ការប្រើប្រាស់ សារ​អេ​ឡិច​ត្រូ​និ​ច​របស់​លោកស្រី​នៅពេល​លោកស្រី​កាន់តំណែង​រដ្ឋមន្ត្រីការបរទេស​។ លោកស្រី​មានការ​ពេញចិត្ត​ដោយមាន​ឱកាស​ជួយ​ក្រសួង​យុត្ត​ធម៌​ក្នុង​ការសួរនាំ​និង​ការពិនិត្យ​សើរើ​ជាថ្មី​នេះ​ដើម្បី​ឆ្ពោះទៅកាន់​ទីបញ្ចប់​»​។​

​លោក Merrill សរសេរថា «​ដោយ​គោរព​ដល់​ដំណើរការ​ស៊ើបអង្កេត​នេះ លោកស្រី​នឹងមិន​ធ្វើ​អត្ថាធិប្បាយ​បន្ថែម​អំពី​ការសម្ភាសន៍​លោកស្រី​ទេ​»​។​

​ជំនួប​នេះ​មាន​ឡើង​ក្រោយពេល​មាន​សេចក្តីប្រកាស​របស់លោក​ស្រី Loretta Lynch រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌​ស​.​រ​.​អា​.​អំពី​បំណង​លោកស្រី​ក្នុងការ​ទទួលយក​អនុសាសន៍​ពី​ពួក​បុគ្គលិក​ប្រចាំ​អាជីព​នៃ​ក្រសួង​យិ​ត្ត​ធម៌​និង​ពួក​ភ្នាក់ងារ​សហព័ន្ធ​ដែល​ពិនិត្យមើល​អំពី​ការប្រើប្រាស់​សារ​អេ​ឡិច​ត្រូ​និ​ច​ឯកជន​របស់​លោកស្រី Clinton​។​

​គេ​រំពឹងថា ពួក​មន្ត្រី FBI នឹង​បញ្ចប់​ការស៊ើបអង្កេត​របស់​ពួកគេ​ក្នុងពេល​ឆាប់ៗ​នេះ​។ ពួក​អ្នកជំនាញការ​ខាងច្បាប់​បាន​និយាយថា ពួកគេ​មិន​រំពឹងថា​នឹងមាន​ការចោទប្រកាន់​ពីបទ​ព្រហ្មទណ្ឌ​ណាមួយ​ប្រឆាំងនឹង​លោកស្រី Clinton ដែល​បាន​ត្រូវ​សន្មត​ថា​ជា​បេក្ខជន​ប្រធានាធិបតី​ស​.​រ​.​អា​.​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ទេ​។​

​ថ្លែង​នៅក្នុង​សន្និសីទ​កំពូល​មួយ​នៅក្នុង​រដ្ឋ Colorado កាលពី​ថ្ងៃ​សុក្រ លោកស្រី Lynch បាន​មានប្រសាសន៍ថា ពួក​ភ្នាក់ងារ​ប្រចាំ​អាជីព​និង​ពួក​អ្នកស៊ើប​អង្កេត​ដែល​ធ្វើការ​ជាមួយ​ក្រសួងយុត្តិធម៌​បានធ្វើ​សកម្មភាព​ដោយ​ឯករាជ្យ​ហើយ​ថា​ការស៊ើបអង្កេត​របស់​ពួកគេ​ធ្វើឡើង​តាំង​មុនពេល​លោកស្រី​កាន់តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​៕