ឯកអគ្គរដ្ឋទូត​មី​យ៉ាន់​ម៉ា​ថ្មី ចូល​ជួប​សំដែង​ការគួរសម​ចំពោះ​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​

ឯកអគ្គរដ្ឋទូត​មី​យ៉ាន់​ម៉ា​ថ្មី ចូល​ជួប​សំដែង​ការគួរសម​ចំពោះ​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​



ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អនុញ្ញាត​ឲ្យ លោក Myint Soe ឯកអគ្គរដ្ឋទូត​មី​យ៉ាន់​ម៉ា​ប្រចាំ​កម្ពុជា​ចូល​ជួប​សំដែង​ការគួរសម នា​ព្រឹក​ថ្ងៃ​ទី៤ ខែកក្កដា ឆ្នាំ២០១៦ នៅ​វិមាន​សន្តិភាព​ទីស្តី​ការ​នាយករដ្ឋមន្ត្រី។

លោក អ៊ាង សុផល្លែត ជំនួយការ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន បាន​មានប្រសាសន៍ ប្រាប់​អ្នក​សារព័ត៌មាន​បន្ទាប់ពី​ជំនួប​នោះ​ថា ក្នុង​ជំនួប​នោះ លោក Myint Soe បាន​ជម្រាបជូន​សម្តេច​តេ​ជោ ហ៊ុន សែន ថា មុន​ពេល​មកកាន់​ប្រទេស​កម្ពុជា លោក​បាន​ធ្វើជា​អនុប្រធាន​បេសកកម្ម​នៅ​ក្រុង សឺ​ណែវ ហើយ​បេសកកម្ម​របស់​លោក​មក​កាន់​ប្រទេស​កម្ពុជា​នា​ពេល​នេះ​គឺ​ធ្វើ​យ៉ាង​ណា​ជំរុញ​ពង្រឹង​បន្ថែម​ទៀត​នូវ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ ជាពិសេស​កសាង​នៅ​លើ​ទំនាក់ទំនង​មូលដ្ឋាន​ដែល​មាន​ស្រាប់​រវាង​ប្រទេស​យើង​ទាំងពីរ។

លោក​ក៏បាន​ជម្រាប​ជូន​សម្តេច​តេ​ជោ ហ៊ុន សែន ពី​គោលនយោបាយ​របស់​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​នា​ពេល​បច្ចុប្បន្ន ផងដែរ។

ជា​ការ​ឆ្លើយតប​សម្តេច​តេ​ជោ ហ៊ុន សែន បាន​សំដែង​នូវ​ការ​អបអរសាទរ​ចំពោះ​លោក Myint Soe ដែល​ត្រូវ​បាន​តែងតាំង​ជា​ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង ពេញ​សមត្ថភាព​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​នា​ពេល​នេះ​ ហើយ​ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​ព័ត៌មាន​ពាក់​ព័​ន្ធ​នឹង​គោ​លន​យោ​បាល​របស់​ប្រទេស​មី​យ៉ាន់​ម៉ា និង​អរគុណ​ចំពោះ​ការ​ផ្តល់ជូន​នូវ​អាហារូបករណ៍​ជូន​ដល់​ព្រះសង្ឃ​កម្ពុជា​ក្នុង​ការ​បន្ត​ការសិក្សា​នៅ​ទីនោះ​។ ដោយឡែក​ចំពោះ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​វិញ សម្តេច​តេ​ជោ​បាន​ឯកភាព​ជាមួយ​លោក Myint Soe ថា​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​ដែល​មាន​ជា​យូរ​ណាស់​មក​ហើយ និង មាន​ប្រវត្តិ​វប្បធម៌​ប្រហាក់ប្រហែល​នឹង​កម្ពុជា​ដែរ។ ចុង​បញ្ចប់​សម្តេច​បាន​ជូនពរ​លោក Myint Soe ឲ្យ​ទទួល​បាន​ជោគជ័យ​ក្នុង​បេសកកម្ម​ការទូត​របស់​លោក៕