បង្ក្រាប​បទល្មើស​នេសាទ ក្នុងភូមិ​សាស្ត្រ​៣​គោលដៅ

ខេត្តកំពង់ឆ្នាំង ៖ សមត្ថកិច្ច​ចម្រុះ ដឹកនាំ​ដោយ​នាយ​រង​ខណ្ឌ រដ្ឋបាល​ជលផល​កំពង់ឆ្នាំង  នៅ​ព្រឹក​ថ្ងៃ​ទី០៤ ខែកក្កដា ឆ្នាំ​២០១៦ បាន​ចែក​គ្នា​ជា​៣​គោលដៅ ដើម្បី​ទៅ​បង្ក្រាប​បទល្មើស​នេសាទ ក្នុង​រដូវ​បិទ នេសាទ ដើម្បី​រក្សា​ការពារ ក្នុង​ខែ​ត្រី​ពង កូន​។ លោក ម៉ុ​ប សា​ម៉ុ​ន នាយ​រង​ខណ្ឌ​រដ្ឋបាល​ជលផល កំពង់ឆ្នាំង​បាន​ឲ្យ​ដឹង​ថា ក្នុង​រដូវ​បិទ​នេសាទ ដែល​ហាមឃាត់​ប្រជាពលរដ្ឋ នេសាទ​ដោយ​ខុសច្បាប់ នៅ​ព្រឹក​ថ្ងៃ​ទី​៤ ខែកក្កដា​នេះ ។

សមត្ថកិច្ច​ចម្រុះ ដឹកនាំ​ដោយ​នាយ​រង​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ឆ្នាំង ចែក​ចេញ​ជា​៣​គោលដៅ ចេញ​បង្ក្រាប​បទល្មើស​នេសាទ ក្នុង​នោះ​មាន​គោលដៅ​ក្នុងភូមិ​សាស្ត្រ​ស្រុក​កំពង់លែង គោលដៅ​ស្រុក​កំពង់ត្រឡាច និង​គោលដៅ​ក្រុង​កំពង់ឆ្នាំង បូក​ស្រុក​រលាប្អៀរ ។ ជា​លទ្ធផល​ទាំង​៣​គោលដៅ​សរុប​រួម​បាន បំផ្លាញ​ចោល របាំង​ស្បៃ​មុង របាំង​រាំង​ផ្ជឹ​ត​ព្រែក លប​ប្រើស​១០០ និង​លប​លូ ជាដើម ដោយ​បាន​បំផ្លាញ​ចោល​របាំង​ស្បៃ​មុង និង​របាំង​រាំង​កាត់​ព្រែក ចំនួន​៤៦​កន្លែង ស្មើ​នឹ​ប្រវែង​១០១០​ម៉ែត្រ លប​,​លូ ៦០​មាត់ បង្គោល ៣៧០​ដើម និង​ចាក់​លែង ត្រី​ចម្រុះ ៥០​គីឡូក្រាម ។

កិច្ច​ប្រតិបត្តិការ​ខាងលើ បាន​ប្រើប្រាស់​កម្លាំង​សរុប ៣០​នាក់ មធ្យោបាយ និង​កាណូត​បា​ឡា​ស្មាច់ ៧​គ្រឿង ។ លោកនាយ​រង​ខណ្ឌ​រដ្ឋបាល ជលផល បានអោយ​ដឹង​ដែរ​ថា ក្នុង​ការ​បង្ក្រាប បទល្មើស​ខាងលើ គឺ​បទល្មើស​មិនសូវ​កើតឡើង​នោះ​ទេ ដោយ​មូលហេតុ​ថា ទឹកទន្លេ​មិន​ទាន់​ឡើង​លិច​ខ្នង​កោះ​ខ្លាំង​នៅឡើយ​ទេ កន្លែង​ខ្លះ​លិច​ដែរ តែ​នៅ​តិចតួច ម្លោះ​ហើយ​បទល្មើស​ក៏​មិន​ទាន់​កើត​មាន​ដែរ ចំណែក​កន្លែង​ខ្លះ​ទៀត​ដែល​ឆ្នាំ​កន្លង​ទៅ សំបូរ​បទល្មើស ទឹក​មិន​ទាន់​មាននៅ​ឡើយ ទើប​ធ្វើ​ឲ្យ​បទល្មើស​គ្មាន​។ លោក​ក៏​បាន​បញ្ជាក់​ដែរ​ថា ប៉ុន្មាន​ថ្ងៃ កន្លង​ទៅ​នេះ ទឹកទន្លេ​បាន​ឡើង​ខ្លាំង តែ​ពេល​នេះ​បាន​ស្រក​ទៅ​វិញ​ប្រមាណ​ជាង​៣​តឹក ហើយ​បើសិន​មាន​ភ្លៀង​ធ្លាក់​ផ្ទួន​គ្នា​គ្រប់កន្លែង​ទៀត ទឹកនឹង​ឡើង​លិច​ខ្នង​កោះ គ្រប់កន្លែង​តែ​ម្តង ។

ដោយឡែក​លោក សោម ភា​រុណ នាយ​ខណ្ឌ​រដ្ឋបាល​ជលផល ដែល​កំពុង​មាន​ភារកិច្ច នៅ​ភ្នំពេញ ក៏​បាន​ប្រាប់​តាម​ទូរ​សព្ទ័​ថា លោក​សូម​អំពាវនាវ ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់ បញ្ឈប់​ការ​នេសាទ​ខុសច្បាប់ ក្នុង​រដូវ​បិទ​នេសាទ​នេះ ដោយ​ទុក​ឱកាស​ឲ្យ​ត្រី ពង​កូន និង​ម្យ៉ាងវិញទៀត សូម​អំពាវនាវ ដល់​ប្រជាពលរដ្ឋ សូម​ចូលរួម​ទាំងអស់​គ្នា បើ​ឃើញ​បទល្មើស​កើតឡើង​នៅ​កន្លែង​ណា សូម​រាយការណ៍​មក​មន្ត្រី​ជំនាញ ឲ្យ​ទាន់​ពេលវេលា ៕