សមត្ថកិច្ច​ចម្រុះ​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ក្នុង​ភូមិ​សាស្ត្រ​ក្រុង​ស្រុក​៤ បំផ្លាញ​របាំង​ស្បៃ​មុង របាំង​លប​ដាក់​កាត់​ព្រែក​ចំនួន​៤៦​កន្លែង ប្រវែង​ជាង​១០០​ម៉ែត្រ

សមត្ថកិច្ច​ចម្រុះ​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ក្នុង​ភូមិ​សាស្ត្រ​ក្រុង​ស្រុក​៤ បំផ្លាញ​របាំង​ស្បៃ​មុង របាំង​លប​ដាក់​កាត់​ព្រែក​ចំនួន​៤៦​កន្លែង ប្រវែង​ជាង​១០០​ម៉ែត្រ



កំពង់ឆ្នាំង ៖ របាំង​ស្បៃ​មុង និង​របាំង​ព្រួល​ដាក់​លប​កាត់​ព្រែក​ចំនួន​៤៦​កន្លែង ស្មើ​និង​ប្រវែង​១០១០​ម៉ែត្រ ដែល​ជា​ឧបករណ៍​នេសាទ​ខុសច្បាប់​នៅ​ក្នុង​រដូវ​បិទ​នេសាទ នៅ​ក្នុង​ក្រុង​ និង ​ស្រុក​ចំនួន​៤ ត្រូវ​បាន​សមត្ថកិច្ច​រដ្ឋ​បាល​ជលផល សហការ​ជាមួយ​សមត្ថកិច្ច​ចម្រុះ​តាម​មូលដ្ឋាន​ស្រុក ចុះ​រុះរើ​បំផ្លាញ​ចោល នៅ​ក្នុង​ថ្ងៃ​ទី​០៤ ខែកក្កដា ឆ្នាំ​២០១៦​នេះ។

លោក សោម ភិ​រុណ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​កំពង់​ឆ្នាំង​បាន​ឲ្យ​ដឹង​ថា ដោយ​ទទួល​បាន​ព័ត៌មាន​ពី​អាជ្ញាធរ ប្រជាពលរដ្ឋ និង​សហគមន៍​នេសាទ នៅ​តាម​មូលដ្ឋាន​អំពី​បទល្មើស​ដែល​កើតមាន​នៅ​ក្នុង​បិទ​នេសាទ ដែល​ជា​រដូវ​ត្រី​ពង​កូន​នេះ នៅ​ថ្ងៃ​ទី​០៤ ខែកក្កដា​នេះ លោក​បាន​ចាត់តាំង​ឲ្យ​នាយរង​ខណ្ឌ​រដ្ឋបាល​ជលផល​៣​នាក់ ដឹកនាំ​កម្លាំង​ចម្រុះ​៣​ក្រុម​ចុះ​បង្ក្រាប​នៅ​ក្នុង​ភូមិសាស្ត្រ​ស្រុក និង​ក្រុង​ចំនួន​៤​ គឺ​១​ក្រុង​កំពង់ឆ្នាំង ២​ស្រុក​កំពង់លែង ៣​ស្រុក​រលាប្អៀរ និង​៤​ស្រុក​កំពង់ត្រាច ដោយ​បាន​ប្រើប្រាស់​កម្លាំង​សរុប​ចំនួន​៣០​នាក់ កាណូត​បា​ឡា​៧​គ្រឿង។

ជា​លទ្ធផល គឺ បាន​រុះរើ​បំផ្លាញ​ចោល​របាំង​ស្បៃ​មុង របាំង​ព្រួល​ដាក់​លប​កាត់​ព្រែក និង​លប​ប្រើស​១០០​ចំនួន​៤៦​កន្លែង ស្មើ​និង​ប្រវែង ១០១០​ម៉ែត្រ លប​លូ​៦០​មាត់ បង្គោល​៣៧០​ដើម និង​បាន​ចាក់​លែង​កូន​ត្រី​ចម្រុះ​ចូល​ក្នុង​ទន្លេ​វិញ​បាន​ចំនួន​៥០​គីឡូក្រាម។

លោក សោម ភិ​រុណ បាន​ឲ្យ​ដឹង​ទៀត​ថា កាលពី​៤, ៥​ថ្ងៃ​មុន​នេះ ទឹកទន្លេ​បាន​ឡើង​ដោយសារ​ទឹកភ្លៀង​ប្រមាណ​៨​តឹក ប៉ុន្តែ​រយៈពេល​២​ថ្ងៃនេះ​ បាន​ស្រក​ចុះ​វិញ​ជាង​៣​តឹក​។ នៅ​ក្នុង​រដូវ​ទឹក​ឡើង​បែបនេះ តែងតែ​មាន​ជនល្មើស​លប​លួច​បោះ​របាំង​កាត់​កូន​ព្រែក​តូច ដើម្បី​ដាក់​លប​ចាប់​យក​ត្រី​។

ទង្វើ​បែបនេះ​ គឺ​ល្មើស​នឹង​ច្បាប់​ជលផល ដែរ​សមត្ថកិច្ច​ជំនាញ​ត្រូវតែ​បង្ក្រាប​រុះរើ​បំផ្លាញ​ចោល មិន​ទុក​ឲ្យ​កើតមាន​ឡើយ​។ ព្រោះ​ថា ពេល​ទឹក​ឡើង​ហូរ​ចូល​តាម​ព្រែក​តូច​ៗ គឺ​ត្រី​ពង​កូន​ក៏​ធ្វើ​ចរាចរណ៍​ចូល​ទៅ​រក​ជម្រក​ព្រៃ​លិច​ទឹក​សម្រាប់​ពង​កូន​របស់​វា​ផងដែរ។

លោក​ក៏​សូម​អំពាវនាវ​ដល់ សហគមន៍​នេសាទ ប្រជាពលរដ្ឋ និង​អាជ្ញាធរ​គ្រប់​មូលដ្ឋាន ចូលរួម​សហការ​ជាមួយ​សមត្ថកិច្ច​ជលផល ឬ ​រាយការណ៍​ពី​ទីតាំង​នៃ​បទល្មើស​ឲ្យ​ច្បាស់លាស់​និង​បាន​ទាន់​ពេល​វេលា ដើម្បី​បង្ក្រាប​ និង ​បំផ្លាញ​ចោល​ឧបករណ៍​នេសាទ​ខុសច្បាប់​ឲ្យអស់ ដើម្បី​ទុក​ឱកាស​ឲ្យ​ត្រី​ពង​កូន​បាន​ច្រើន សម្រាប់​ដោះស្រាយ​ជីវភាព​យើងទាំងអស់​គ្នា​។ ទន្ទឹម​នេះ​ដែរ​លោក​ក៏​សុំ​អំពាវនាវ​ផង​ដែរ​ដ​ល់​ប្រជាពលរដ្ឋ​កុំ​ប្រើ​ឧបករណ៍​លប​ប្រើស​១០០ ដែល​ច្បាប់​ហាមឃាត់​ដែល​អាចមាន​ទោស​ទណ្ឌ​ដល់​ខ្លួន​ទៀត​ផង​។

ដោយ​ឡែក​អាជីវករ​ដែល​លក់​លប​ប្រើស​១០០​តាម​ទីផ្សារ ក្នុង​ក្រុង​កំពង់ឆ្នាំង​គួរ​តែ​បញ្ឈប់​ការទិញ​មក​លក់ដូរ​ព្រោះ​ខាងមុខនេះ សមត្ថកិច្ច​ជំនាញ និង​ស្នើសុំ​គោល​ការ​ពី​ថ្នាក់​ជាតិ​បង្ក្រាប​ឧបលរណ៍​នេសាទ​ប្រើស​១០០​នេះ ​នៅ​តាម​ទីផ្សារ មិន​ឲ្យ​ធ្វើ​ចរាចរណ៍​លក់ដូរ​ឡើយ ព្រោះ​វា​ជា​ឧបករណ៍​បែប​ថ្មី គ្មាន​នៅ​ក្នុង​ប្រកាស​ក្រសួងកសិកម្ម ដែល​ច្បាប់​ត្រូវ​ហាមឃាត់​៕

សមត្ថកិច្ច​ចម្រុះ​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ក្នុង​ភូមិ​សាស្ត្រ​ក្រុង​ស្រុក​៤ បំផ្លាញ​របាំង​ស្បៃ​មុង របាំង​លប​ដាក់​កាត់​ព្រែក​ចំនួន​៤៦​កន្លែង ប្រវែង​ជាង​១០០​ម៉ែត្រ សមត្ថកិច្ច​ចម្រុះ​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ក្នុង​ភូមិ​សាស្ត្រ​ក្រុង​ស្រុក​៤ បំផ្លាញ​របាំង​ស្បៃ​មុង របាំង​លប​ដាក់​កាត់​ព្រែក​ចំនួន​៤៦​កន្លែង ប្រវែង​ជាង​១០០​ម៉ែត្រ សមត្ថកិច្ច​ចម្រុះ​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ក្នុង​ភូមិ​សាស្ត្រ​ក្រុង​ស្រុក​៤ បំផ្លាញ​របាំង​ស្បៃ​មុង របាំង​លប​ដាក់​កាត់​ព្រែក​ចំនួន​៤៦​កន្លែង ប្រវែង​ជាង​១០០​ម៉ែត្រ