លោក​ប្រធាន​ទូត​អាឡឺម៉ង់​ប្រចាំ​កម្ពុជា​ចប់​អាណត្តិ​ចូល​ជម្រាបលា សម្តេច​តេ​ជោ ហ៊ុន សែន

លោក​ប្រធាន​ទូត​អាឡឺម៉ង់​ប្រចាំ​កម្ពុជា​ចប់​អាណត្តិ​ចូល​ជម្រាបលា សម្តេច​តេ​ជោ ហ៊ុន សែន



ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អនុញ្ញាត​ឲ្យ​លោក ចាវ​ជី​ម បា​រ៉ុ​ន វ៉ុ​ន ម៉ាស​ស្សែ​ល​(Joachim Baron von Marschall)​ឯកអគ្គរដ្ឋទូត​អាឡឺម៉ង់ ប្រចាំ​កម្ពុជា​ចូល​ជួប​សំដែង​ការគួរសម​ និង ​ជម្រាបលា​នា​ព្រឹក​ថ្ងៃ​ទី ៤ ខែកក្កដា ឆ្នាំ ២០១៦ នៅ​វិមាន​សន្តិភាព​ទីស្តីការ​នាយករដ្ឋមន្ត្រី។

លោក អ៊ាង សុផល្លែត ជំនួយការ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន បាន​មានប្រសាសន៍ ប្រាប់​អ្នក​សារ​ព័ត៌មាន​បន្ទាប់ពី​ជំនួប​នោះ​ថា នៅ​ក្នុង​ជំនួប​នេះ​លោក ម៉ាស​ហ្សែ​ល បាន​គោរព​ថ្លែងអំណរគុណ​ជូន​ចំពោះ​សម្តេច​តេ​ជោ​ ក៏ដូចជា​សហការី​ទាំងអស់​ដែល​បាន​គាំទ្រ​លោក​នៅ​ក្នុង​ពេល​ដែល​លោក​បំពេញ​បេសកកម្ម​ការទូត​នៅ​កម្ពុជា ដែល​ធ្វើ​ឲ្យ​បេសកកម្ម​របស់​លោក​ទទួល​បាន​ជោគជ័យ​ជា​បន្តបន្ទាប់។

លោក​មានប្រសាសន៍ថា លោក​ក៏​សូម​គោរព​ថ្លែងអំណរគុណ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​តែងតែ​យកចិត្តទុកដាក់​និង​ផ្តល់​នូវ​ការ​ទទួល​រាក់ទាក់​យ៉ាង​ស្និទ្ធស្នាល​ជាទីបំផុត​នូវ​រាល់​មន្ត្រី​ថ្នាក់ដឹកនាំ​អាល្លឺម៉ង់ ដែល​បាន​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា។

លោក​បាន​មានប្រសាសន៍​ផង​ដែរ​ថា នៅ​ក្នុង​បេសកកម្ម​ការទូត​របស់​លោក​មកកាន់​កម្ពុជា​លោក​មាន​ចំណុច ៣ ដែល​តែងតែ​ដក់​ក្នុង​ចិត្ត​របស់​លោក​ដែល​លោក​តែងតែ​ចងចាំ​នោះ​ទី​១-​គឺ​ប្រទេស​ទាំងពីរ កម្ពុជា​និង​អាល្លឺម៉ង់​បាន​ឆ្លងកាត់​នូវ​ការ​បង្រួបបង្រួម​ជាតិ​ដូចគ្នា​ក្នុង​ពេល​ប្រហាក់ប្រហែល​គ្នា​ដែរ។ ទី​២- ប្រទេស​ទាំងពីរ​បាន​ឆ្លងកាត់​នូវ​សោកនាដកម្ម​ពី​អតីតកាល និង​ទី​៣-​ប្រទេស​ទាំងពីរ​ គឺ​ត្រូវ​យកចិត្តទុកដាក់​ទៅលើ​យុវជន​ជាពិសេស​លើ​វិស័យ​អប់រំ​តែម្តង។

ជា​ការ​ឆ្លើយតប សម្តេច​តេ​ជោ​បាន​មានប្រសាសន៍ថា ជា​ការ​ពិតណាស់​ប្រទេស​យើង​ទាំង​ពីរបាន​ឆ្លងកាត់​នូវ​អ្វីៗ​ប្រហាក់ប្រហែល​គ្នា។ ប៉ុន្តែ​មាន​ទម្រង់​ខុសគ្នា​ដោយ​កម្ពុជា​ត្រូវ​ដោះស្រាយ​រាល់​បញ្ហា​ដែល​បន្សល់ទុក​ពី​អតីតកាល​ហើយ​បញ្ហា​នោះ​ត្រូវ​យក​ជីវិត​មក​ប្តូរ​ដើម្បី​ដោះស្រាយ ហើយ​ការ​ដោះស្រាយ​នោះ​សោត គឺ​ត្រូវតែ​រក្សា​នូវ​អ្វី​ដែល​យើង​បាន​ដោះស្រាយ​រួច​ហើយ​នោះ។ សម្តេច​ក៏បាន​ឯកភាព​លើ​បញ្ហា​ការ​អភិវឌ្ឍ​ធនធានមនុស្ស​ដោយ​បាន​មានប្រសាសន៍ថា ទោះបី​យើង​មាន​គម្រោង​ការ​ល្អ​យ៉ាងណាក៏ដោយ​បើ​គ្មាន​ធនធានមនុស្ស​ទេ​នោះ​ គឺ​យើង​មិន​អាច​អនុវត្ត​ផែនការ​ដ៏​ល្អ​នោះ​បាន​ឡើយ។

ក្នុង​នេះ​ដែរ​ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​រដ្ឋាភិបាល​អាល្លឺម៉ង់​ដែល​តែងតែ​ជួយ​ដល់​កម្ពុជា​ក្នុង​ការ​អភិវឌ្ឍ សេដ្ឋកិច្ច សង្គម។ សម្តេច​ក៏បាន​ថ្លែងអំណរគុណ​ចំពោះ លោក ម៉ា ស​ស្សែ​ល ដែល​បាន​ប្រឹងប្រែង​អស់ពី​កម្លាំងកាយ​ចិត្ត​ដើម្បី​ជំរុញ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង៕