អតីត​ប្រធាន​FIFA និង UEFA​គ្រោង​ប្ដឹង​ឧទ្ធរណ៍​ពី​ទោស​បំរាម​ប្រឡូក​ក្នុង​មជ្ឈដ្ឋាន​បាល់ទាត់​រយៈពេល​8​ឆ្នាំ

លោក​សេ​ប ប៊្លេត​ធ័​រ អតីត​ប្រធាន​សហព័ន្ធ​បាល់ទាត់​អន្តរជាតិ (FIFA) និង​លោក​មី​ឆេ​ល ផ្លា​ទី​នី  ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​អឺរ៉ុប (UEFA) បាន​សម្ដែង​ការ​មិន​ពេញចិត្ត​លើ​សេចក្ដីសម្រេច​របស់​តុលាការ​ដែល​ហាម​មិន​ឱ្យ​ពួក​លោក​ប្រឡូក​ក្នុង​មជ្ឈដ្ឋាន​បាល់ទាត់​រយៈពេល​៨​ឆ្នាំ និង​ត្រៀម​ប្ដឹង​ទៅ​ឧទ្ធរណ៍​ទៀត​ផង​។

ក្រោយ​ពី​ទទួល​ការ​ចោទប្រកាន់​ពី​គណៈកម្មការ​ស្ដីទី​របស់​FIFA​ថា លោក​ផ្លា​ទី​នី​បាន​ទទួល​ប្រាក់​ពី​លោក​សេ​ប ប៊្លេត​ធ័​រ​ចំនួន​១,៣៤​លាន​ផោន​ក្នុងអំឡុងពេល​ធ្វើ​ជាទី​ប្រឹក្សា​ឆ្នាំ​២០១១​មក អ្នក​ទាំង​២​ត្រូវ​បាន​ហាមឃាត់​មិន​ឱ្យ​ចូល​ប្រឡូក​ក្នុង​មជ្ឈដ្ឋាន​បាល់ទាត់​រយៈពេល​៨​ឆ្នាំ ។ សេចក្ដីសម្រេច​ខាងលើ​ដែល​មានការ​ពិន័យ​ជា​ប្រាក់​ផង​បាន​ចូល​ជា​ធរមាន​ភ្លាម​ៗ​មាន​ន័យ​ថា អ្នក​ទទួល​ការ​ចោទប្រកាន់​គ្មាន​សិទ្ធិ​ប្រជែង​យក​តំណែង​ប្រធាន FIFA ដែល​នឹង​បោះ​ឆ្នោត​រើស​នៅ​ឆ្នាំ​ក្រោយ​ទេ ។ ទោះបី​យ៉ាងណា លោក​ផ្លា​ទី​នី បាន​បញ្ជាក់​ថា លោក​មិន​ចុះ​ញ៉ម​ឡើយ លោក​នឹង​ប្ដឹង​ទៅ​ឧទ្ធរណ៍​ដើម្បី​បង្ហាញ​ពី​ភាព​ស្មោះត្រង់​របស់​ខ្លួន​បន្ត​ទៀត ។

ចំណែក​លោកប៊្លេត​ធ័​រ ក៏​មិន​យល់ព្រម​ដូច​គ្នា​ដោយ​បញ្ជាក់​ថា លោក​គ្មាន​ស៊ីសំណូក និង​មិន​បាន​ទទួល​ការ​ជួយ​ឧបត្ថម្ភ​អ្វី​ពី​UEFA​នៅ​ក្នុង​ការ​បោះ​ឆ្នោត​កាលពី​ឆ្នាំ​២០១១​ទេ ដូច្នេះ​លោក​ត្រូវ​តែ​ប្ដឹង​ទៅ​ឧទ្ធរណ៍​បន្ត​ទៀត​ដែរ​៕