អគ្គលេខាធិការ​រង​សហព័ន្ធ IAAF លាលែង​តំណែង

លោក Nick Davies អគ្គលេខាធិការ​រង​សហព័ន្ធ​កីឡាអត្តពលកម្ម​ពិភពលោក​ហៅ​កាត់ IAAF បាន​សម្រេចចិត្ត​ចាក​ចេញពី​តួនាទី​របស់​ខ្លួន ខណៈ​ការ​ស៊ើបអង្កេត​មួយ​លើ​ផែនការ​ពន្យារ​ការ​ប្រកាស​ឈ្មោះ​អត្ត​ព​លិ​ក​រុ​ស្ស៊ី​ដែល​ជាប់​ទោស​ពី​បទ​ប្រើប្រាស់​សារធាតុ​ហាមឃាត់​កំពុង​ដំណើរការ ។

នៅ​ក្នុង​សេចក្តី​ប្រកាស​មួយ​ចេញផ្សាយ​កាលពី​ថ្ងៃ​អង្គា​រស​ប្តា​ហ៍​នេះ លោក Davies បាន​បញ្ជាក់​ថា​៖ «​ខ្ញុំ​សម្រេចចិត្ត​ចាក​ចេញពី​តួនាទី​ដើម្បី​ទុក​ពេល​ឱ្យ​ក្រុមប្រឹក្សា​ស្វែងរក​ការ​ពិត​ធ្វើការ​លើ​បញ្ហា​នេះ​ឱ្យ​បាន​ត្រឹមត្រូវ ហើយ​សម្រេចចិត្ត​ថា តើ​រូប​ខ្ញុំ​ត្រូវ​ទទួលខុសត្រូវ​លើ​ការ​រំលោភច្បាប់​របស់​សហព័ន្ធ​ដែរ​ឬ​យ៉ាងណា​។ អ្វី​ដែល​បាន​កើតឡើង​គឺថា ខ្ញុំ​បាន​ក្លាយជា​ប្រធានបទ​មួយ​» ។

បុរស​ជនជាតិ​អង់គ្លេស​រូប​នេះ​បាន​បដិសេធ​ថា ខ្លួន​មិន​បាន​ធ្វើ​ខុស​អ្វី​នោះ​ទេ ។ លោក​បាន​ពន្យល់​ថា នៅ​ក្នុង​សារ​អេ​ឡិច​ត្រូ​និក​មួយ​ដែល​លោក​បាន​ផ្ញើ​ទៅ​កាន់​អតីត​អ្នក​ពិគ្រោះ​យោបល់​ទីផ្សារ​របស់​សហព័ន្ធ IAAF កាលពី​២​ឆ្នាំ​កន្លង​ទៅ គឺ​បាន​សរសេរ​រៀបរាប់​ពី​ផែនការ​របស់​លោក​ដែល​ចង់​ចាត់ការ​ទៅ​លើ​អត្ត​ព​លិ​ក​រុ​ស្ស៊ី​មិន​ស្អាតស្អំ ។

សូម​បញ្ជាក់​ថា អំឡុង​រយៈពេល​៤​ខែ សហព័ន្ធ​កីឡាអត្តពលកម្ម​ពិភពលោក​បាន​ប្រកាស​ដាក់​ទណ្ឌកម្ម​ប្រឆាំង​អត្ត​ព​លិ​ក​រុ​ស្ស៊ី​ចំនួន​១៦​រូប ពោល​គឺ​បន្ទាប់​ពី​ព្រឹត្តិការណ៍​ប្រកួត​ជ្រើសរើស​ជើងឯក​ពិភពលោក 2013 World Championship ដែល​រុ​ស្ស៊ី​ធ្វើ​ជា​ប្រទេស​ម្ចាស់ផ្ទះ ហើយ​ឈ្នះ​មេដាយមាស​ច្រើន​ជាងគេ​បំផុត​។ កាលពី​ខែ​មុន រុ​ស្ស៊ី​បាន​ក្លាយជា​ប្រទេស​ទី​១​ដែល​ត្រូវ​បាន​ហាម​មិន​ឱ្យ​ចេញ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ ។ បម្រាម​នោះ​បាន​កើតឡើង​បន្ទាប់​ពី​ភ្នាក់ងារ​ប្រឆាំង​សារធាតុ​ញៀន​ពិភពលោក​រក​ឃើញ​ថា ការ​ប្រើប្រាស់​សារធាតុ​ហាមឃាត់​ក្នុង​ចំណោម​បណ្តា​អត្ត​ព​លិ​ក​រុ​ស្ស៊ី គឺ​បាន​កើត​ឡើងជា​លក្ខណៈ​ប្រព័ន្ធ ៕