លោក Louis Van Gaal ផ្ទុះ​កំហឹង​ដើរ​ចេញពី​សន្និសីទ​សារព័ត៌មាន

ទំនងជា​រង​សម្ពាធ​ផ្លូវចិត្ត​ខ្លាំង លោក Louis Van Gaal គ្រូបង្វឹក​ក្លិប Man Utd បាន​ឆ្លើយ​សំណួរ​អ្នកកាសែត​តែ​៣​សំណួរ​ប៉ុណ្ណោះ ហើយ​ក៏​បាន​ដើរ​ចេញ​ទៅ​បាត់ ។

អំឡុង​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃ​ពុធ ស​ប្តា​ហ៍​នេះ បុរស​វ័យ​៦៤​ឆ្នាំ​រូប​នេះ ហាក់​មិន​ពេញចិត្ត​ទាល់តែ​សោះ​ចំពោះ​សំណួរ​ទាំងឡាយ​ណា​ដែល​ផ្តោត​ទៅ​លើ​អនាគត​របស់​គាត់​ក្នុង​នាម​ជា​គ្រូបង្វឹក ។ លោក Van Gaal អង្គុយ​មិន​បាន​៥​នាទី​ផង ក៏​បាន​ក្រោក​ចេញ​ទៅ​បាត់ ។

ក្នុង​ស​ប្តា​ហ៍​នេះ ពាក្យ​ចចាមអារ៉ាម​ជា​ច្រើន​បាន​ផ្ទុះ​ឡើង​ដែល​ថា លោក Van Gaal នឹង​ត្រូវ​គេ​បណ្តេញ​ចេញពី​តំណែង ហើយ​ដាក់​ជំនួស​វិញ​ដោយ​លោក Jose Mourinho អតីត​គ្រូបង្វឹក​ក្លិប​តោ​ខៀវ Chelsea ដែល​ត្រូវ​បាន​បណ្តេញចេញ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ស​ប្តា​ហ៍​កន្លង​ទៅ ។

ក្រោម​ការ​ដឹកនាំ​របស់​លោក ក្រុម Man Utd នៅ​ក្នុង​ការ​ប្រកួត​៦​លើក​ចុង​ក្រោយ​នេះ​គឺ​ពុំដែល​ស្គាល់​ពាក្យ​ជ័យជម្នះ​ម្តងណា​ឡើយ ។ ជា​លទ្ធផល Man Utd នៅ​ពេល​នេះ​បាន​ធ្លាក់​មក​ឈរ​នៅ​លំដាប់​ទី​៥​នៃ​តារាង​ចំណាត់ថ្នាក់​ក្នុង​លី​ក ។

ទោះជា​យ៉ាងនេះ​ក្តី ប្រភព​មិន​ផ្លូវការ​មួ​ួ​យ​បាន​អះអាង​ថា បុរស​ជនជាតិ​ហូ​ឡង់​រូប​នេះ​នៅ​តែ​មានឱកាស​រក្សា​តំណែង​របស់​ខ្លួន​តទៅ​មុខ​ទៀត​បានជា​ដដែល ប្រ​សិន​រូប​លោក​អាច​ជួយ​ឱ្យ​ក្រុម​យកឈ្នះ​ការ​ប្រកួត​ចំនួន​២​លើក​បន្តបន្ទាប់​គ្នា ។

សូម​បញ្ជាក់​ថា លោក Van Gaal បាន​កាន់​តំណែង​ជា​គ្រូបង្វឹក​ក្រុម Man Utd​តាំងពី​ឆ្នាំ​២០១៤​មក​ម៉្លេះ ។ មុន​ចូល​មក​កាន់​ក្រុម​នេះ លោក​ក៏​ធ្លាប់​ធ្វើ​ជា​គ្រូបង្វឹក​ក្រុម​ធំ​ៗ​មួយ​ចំនួន​ដូច​ជា Ajax, Barcelona, Alkmaar និង Bayern ជាដើម ។ លោក​ត្រូវ​បាន​គេ​ទទួលស្គាល់​ថា ជា​គ្រូបង្វឹក​ដែល​មាន​ភាព​ច្នៃប្រឌិត​និង​រស់​រវើក ៕