អនាគត​គ្រូបង្វឹក​ថ្មី Bayern មិន​ពេញចិត្ត​នឹង​ទម្រង់​លេង​បច្ចុប្បន្ន​របស់​ក្លិប

លោក Carlo Anceltti ដែល​នឹង​ក្លាយជា​គ្រូបង្វឹក​ថ្មី​ក្លិប Bayern បាន​ទទួលស្គាល់​ថា ខ្លួន​ធ្លាប់​រិះគន់​និង​មិន​ពេញចិត្ត​លើ​ទម្រង់​លេង​របស់​ក្លិប​ឡើយ ។

កាលពី​២​ខែ​មុន បុរស​សញ្ជាតិ​អុ​ី​តា​លី វ័យ​៥៦​ឆ្នាំ​រូប​នេះ​បាន​សារភាព​ថា ខ្លួន​មិន​ចូល​ចិត្ត​ទស្សនាការ​ប្រកួត​ក្របខ័ណ្ឌ​អា​ល្លឺ​ម៉​ង់​ប៊ុ​ន​ដេ​ស្ល៊ី​ហ្គា​ឡើយ ។ លោក​ថា រាល់​ការ​ប្រកួត​ទាំងអស់​ហាក់ដូចជា​ខ្វះ​ការ​ប្រជែង​ពិតប្រាកដ​មួយ ។

លោក​បន្ត​ថា​៖ «​ខ្ញុំ​សារភាព​ថា ខ្ញុំ​មិន​ចូល​ចិត្ត​ទម្រង់​លេង​របស់​ក្រុម Bayern ឡើយ ។ វា​មើលទៅ​ហាក់ដូចជា​មានការ​ប្រកួតប្រជែង​គ្នា​តិចតួច​បំផុត​» ។

លោក Anceltti ដែល​ជា​អតីត​គ្រូបង្វឹក​ក្លិប​Chelsea, Real Madrid, Paris SG និង Milan ទទួល​បាន​កុងត្រា​ថ្មី​រយៈពេល​៣​ឆ្នាំ​ពី Bayern កាលពី​ពេល​កន្លង​មកនេះ ហើយ​លោក​នឹង​ចូល​កាន់​តំណែង​នៅ​រដូវក្តៅ​ខាង​មុខ ពោល​គឺ​បន្ទាប់​ពី​កុងត្រា​ចាស់​រយៈពេល​៣​ឆ្នាំ​របស់​លោក​Pep Guardiola ផុតកំណត់ ។

លោក​បាន​ថ្លែង​ថា ៖«​ខ្ញុំ​មាន​កិត្តិយស​ធំ​ណាស់​ដែល​នឹង​ក្លាយជា​គ្រូបង្វឹក​ក្រុម​ធំ​មួយ​ចាប់ពី​រដូវ​កាល​ក្រោយ​ទៅ ។ Bayern នឹង​ឈ្នះ​ជើងឯក​ប៊ុ​ន​ដេ​ស្ល៊ី​ហ្គា​ដោយ​មិនបាច់​ប្រឹង ។ នៅ​ពេល​ខ្ញុំ​បានដឹង​ពី​គោលដៅ​របស់​ក្លិប ខ្ញុំ​នឹង​មិន​ទាមទារ​អ្វី​ទៀត​ពី​ក្លិប​នោះ​ទេ ។ ខ្ញុំ​សូម​ជូនពរ​ឱ្យ​ក្លិប​ព្រមទាំង​សម្លាញ់​ខ្ញុំ Pep Guardiola​ដណ្តើម​បាន​លទ្ធផល​ល្អ​សម្រាប់​រដូវ​កាល​នៅ​សេសសល់​» ។

ចំណែក លោក Karl-Heinz អគ្គនាយក​ក្លិប​ជឿជាក់​ថា Anceltti នឹង​នាំ​ភាព​ជោគជ័យ​ជូន​ក្លិប ។ លោក​បន្ត​ថា ៖«​លោក Anceltti ធ្លាប់​ទទួល​បាន​ជោគជ័យ​ក្នុង​នាម​ជា​គ្រូបង្វឹក​គ្រប់​ទីកន្លែង ។ លោក​ជា​បុគ្គល​ស្ងប់ស្ងាត់ ប៉ិន​ប្រសប់​ដោះស្រាយ​បញ្ហា​ជាមួយ​កូនក្រុម​ក៏​ដូច​ជា​ដឹកនាំ​ការ​ប្រកួត​ដែល​ប្រកបដោយ​ភាព​សម្បូរ​បែប​» ៕