ជប៉ុន​គ្រោង​ចំណាយ​ប្រាក់​1,23​ពាន់​លាន​$​សង់​ពហុ​កីឡដ្ឋាន​អូ​ឡាំ​ពិ​ក​ថ្មី

លោក Shinzo Abe នាយក​រដ្ឋមន្ត្រី​ជប៉ុន កាលពី​ថ្ងៃ​ទី​២២ ធ្នូ បាន​ប្រកាស​យល់ព្រម​ទទួលយក​ប្លង់​ពហុ​កីឡដ្ឋាន​អូ​ឡាំ​ពិ​ក​ឆ្នាំ​២០២០​ដែល​ជ្រើសរើស​ដោយ​ក្រុមប្រឹក្សា​កីឡា​ជប៉ុន ។

ពហុ​កីឡដ្ឋាន​ដ៏​ទំនើប​មួយ​នេះ​រចនាប្លង់​ដោយ​ស្ថាបត្យករ​មក​ពី​ក្រុមហ៊ុន Taisei Corp ដែល​ត្រូវ​ចំណាយ​ប្រាក់​សាងសង់​អស់​១៤៩​ពាន់​លាន​យ៉េន​ស្មើនឹង​ប្រមាណ​១,២៣​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ខណៈ​ប្លង់​ទី​១​ដែល​ចាញ់​ការ​ដេញថ្លៃ​នោះ​គឺ​ធ្វើ​ឡើង​ដោយ​ស្ថាបត្យករ​របស់​ក្រុមហ៊ុន​Takenaka Corp, Shimizu Corp និង​Obayashi Corp​ដែល​ត្រូវ​ចំណាយ​ប្រាក់​សាងសង់​១៤៩,៧​ពាន់​លាន​យ៉េន ស្មើនឹង​១,២៧​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ។

កីឡដ្ឋាន​អូ​ឡាំ​ពិ​ក​ថ្មី​របស់​ជប៉ុន​ដែល​គូ​ប្លង់​ដោយ​ស្ថាបត្យករ​មក​ពី​ក្រុមហ៊ុន​Taisei Corp នេះ​មាន​លក្ខណៈ​ពិសេស​ដូច​ជា​ការ​ច្របាច់​បញ្ចូល​គ្នា​បែប​ប្រពៃណី​ជប៉ុន​ជាមួយនឹង​ភាព​ទំនើប​ទាន់សម័យ ហើយ​ព័ទ្ធ​ជុំវិញ​ដោយ​សម្រស់​ព្រៃ​បៃតង ។ ពហុ​កីឡដ្ឋាន​ដ៏​ធំ​នេះ​គ្រោង​បញ្ចប់​ការ​សាងសង់​នៅ​ខែវិច្ឆិកា ឆ្នាំ​២០១៩ គឺ​២​ខែ​មុន​ការ​កំណត់​របស់​គណៈកម្មាធិការ​អូ​ឡាំ​ពិ​ក​អន្តរជាតិ ខណៈ​ព្រឹត្តិការណ៍​អូ​ឡាំ​ពិ​ក​២០២០ នឹង​ចាប់ផ្ដើម​នៅ​ខែកក្កដា ។ ពហុ​កីឡដ្ឋាន​នេះ​អាច​ផ្ទុក​ទស្សនិកជន​បាន​៦៨.០០០​នាក់ និង​អាច​ពង្រីក​ដល់​៨០.០០០​នាក់​នៅ​ពេល​ខាង​មុខ ៕