រថភ្លើង​ថៃ​បើក​មក​ដល់​ព្រំដែន​ ខណៈ​ផ្លូវដែក​ខាង​កម្ពុជា​កំពុង​សម្រុក​សាងសង់​ឲ្យ​រួចរាល់​នា​ចុង​ឆ្នាំ​២០១៦

រថភ្លើង​ថៃ​បើក​មក​ដល់​ព្រំដែន​ ខណៈ​ផ្លូវដែក​ខាង​កម្ពុជា​កំពុង​សម្រុក​សាងសង់​ឲ្យ​រួចរាល់​នា​ចុង​ឆ្នាំ​២០១៦



បន្ទាយមានជ័យ​ ៖​ ខណៈ​ផ្លូវដែក​កម្ពុជា​ស្ថិត​ក្នុង​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ​កំពុង​ស្ថាបនា​ឡើងវិញ ត​ភ្ជាប់​ជាមួយ​ថៃ, រថភ្លើង​របស់​ថៃ​បាន​ចរាចរ​មកដល់​លើ​ស្ពាន​នៃ​អូរ​ព្រំដែន​កម្ពុជា​ថៃ ខាងជើង​ស្ពាន​មិត្តភាព​កម្ពុជា​ថៃ​នៃ​ច្រក​ទ្វា​អន្តរជាតិ​ប៉ោយប៉ែត កាលពី​ថ្ងៃ​ទី៣​ ខែ​កក្កដា​ ឆ្នាំ​២០១៦។

ជាមួយ​ផ្លូវដែក​របស់​ថៃ ដែល​មាន​រថភ្លើង​របស់​ថៃ​បើក​មក​លើ​ស្ពាន​រថភ្លើង​កម្ពុជា​ថៃ ស​បញ្ជាក់ថា ខាង​ភាគី​ថៃ​បាន​ស្ថាបនា​ផ្លូវ​រថភ្លើង​រួចរាល់​ហើយ។ តែ​ជាមួយ​គ្នានេះដែរ ខាង​កម្ពុជា​ក៏​កំពុង​សម្រុក​ធ្វើ​ទាំង​យប់​ទាំង​ថ្ងៃ ធ្វើ​យ៉ាង​ណា​ឲ្យ​រួចរាល់​នៅ​ចុង​ឆ្នាំ​២០១៦ ដោយមាន​ក្រុមហ៊ុន ស៊ី​ណូ​ហាយ​ទ្រូ ជា​អ្នកទទួល​ម៉ៅការ​ ដោយ​ត​ភ្ជាប់​ផ្លូវដែក​ពី​ស្ពាន​ព្រំដែន​កម្ពុជា​ថៃ​មក ខាង​កម្ពុជា​ប្រមាណ​​​៦​គីឡូម៉ែត្រ កំពុង​បង្ក​​ការ​កកស្ទះ​ចរាចរ​ដល់​ការ​ចេញ​ចូល​របស់​ភ្ញៀវ​ទេសចរ​ ការ​ដឹក​ទំនិញ​ចេញចូល​តាមរយៈ​រថយន្ត​ធុន​ធំ​ជាដើម។

ជាមួយ​នឹង​ការ​មមាញឹក​នៃ​ការ​ធ្វើ​នេះ​ផង​ដែរ​គឺ​ឃើញ​ថា ក្រុម​គណៈកម្មការ​អន្តរក្រសួង​របស់​ខាង​កម្ពុជា ជាមួយ​អាជ្ញាធរ​ខេត្ត ក៏បាន​ចុះ​សហការ​រួមគ្នា ធ្វើ​យ៉ាង​ណា​សម្របសម្រួល​ផល​ប៉ះពាល់​ជាមួយ​ប្រជាពលរដ្ឋ និង​ធ្វើ​ចរាចរ​ដល់​ការ​សាងសង់​ផ្លូវដែក​នេះ​ផង​ដែរ។

ផ្លូវដែក​ដែល​កំពុង​ស្ថាបនា​ភ្ជាប់​ជាមួយ​ថៃ​គឺ​ធ្វើ​កាត់​ចំ​កណ្ដាល​រង្វង់​មូល​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ហើយ​ឆ្ពោះ​ទៅ​ព្រំដែន​កម្ពុជា​ថៃ ពីមុខ​កាស៊ីណូ​ជាច្រើន។

លោក គឹម សុវណ្ណ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​បន្ទាយមានជ័យ បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​០៣ ខែ​កក្កដា ឆ្នាំ​២០១៦ នេះ​ថា ចំពោះ​បញ្ហា​ស្ថាបនា​ផ្លូវដែក​នេះ ខាង​លោក​ពុំ​ដឹង​ព័ត៌មាន​​​ជាក់លាក់​នោះ​ទេ ដោយ​គ្រាន់តែ​ដឹង​ថា តាម​ការ​គ្រោង​ទុក​ធ្វើ​យ៉ាងណា​ឲ្យ​រួចរាល់​នៅ​ចុង​ឆ្នាំ​២០១៦​នេះ​តែ​ម្តង ហើយ​ចំពោះ​បញ្ហា​ផ្សេងៗ គឺ​លោក​សូម​ឲ្យ​ទំនាក់ទំនង​សួរ​ខាង​នាយកដ្ឋាន​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​កម្ពុជា។

គួរ​រំលឹក​ថា ផ្លូវដែក​កម្ពុជា​ពី​ក្រុង​សិរីសោភ័ណ នៃ​ទី​រួម​ខេត្ត​បន្ទាយមានជ័យ​ ទៅ​ស្រុក​អូរជ្រៅ​ព្រំដែន​កម្ពុជា​ថៃ បច្ចុប្បន្ន​ជា​ក្រុង​ប៉ោយប៉ែត ត្រូវ​បាន​ខូចខាត​តាំង​ឆ្នាំ​១៩៧៩ ហើយ​ត្រូវ​បាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​រើ​យក​ទៅ​លក់​ដើម្បី​ដូរ​អំបិល។ តែ​ដោយឡែក​ផ្លូវដែក​ពី​ក្រុង​សិរីសោភ័ណ ទី​រួម​ខេត្តបន្ទាយមានជ័យ ទៅ​ខេត្ត​បាត់ដំបង គឺ​ត្រូវបាន​ឈប់​ដំណើរការ​អំឡុង​ឆ្នាំ​២០០១-២០០២៕
រថភ្លើង​ថៃ​បើក​មក​ដល់​ព្រំដែន​ ខណៈ​ផ្លូវដែក​ខាង​កម្ពុជា​កំពុង​សម្រុក​សាងសង់​ឲ្យ​រួចរាល់​នា​ចុង​ឆ្នាំ​២០១៦

រថភ្លើង​ថៃ​បើក​មក​ដល់​ព្រំដែន​ ខណៈ​ផ្លូវដែក​ខាង​កម្ពុជា​កំពុង​សម្រុក​សាងសង់​ឲ្យ​រួចរាល់​នា​ចុង​ឆ្នាំ​២០១៦