រ៉ូស្ស៊ី៖ រកឃើញយន្ដហោះដែលបាត់ខ្លួន តែគ្មានអ្នកនៅរស់

យន្ដហោះដឹកជញ្ជូនយោធា ដែលត្រូវបានកៃខៃ ឲ្យក្លាយជាយន្ដហោះ ដើម្បីពន្លត់អគ្គិភ័យឆេះព្រៃ បាន​បាត់​ខ្លួន​កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ សប្ដាហ៍កន្លងទៅ នៅក្នុងភ្នក់ភ្លើងដ៏សន្ធោរសន្ធៅ នាតំបន់ស៊ីប៊េរី (Sibérie) ភាគខាងជើង​ប្រទេស​រ៉ូស្ស៊ី។ យន្ដហោះ​ទើប​នឹង​ត្រូវ​បាន​​រក​ឃើញ​​មក​វិញ កាលពីរសៀលថ្ងៃអាទិត្យម្សិលម៉ិញ តែនៅក្នុង​យន្ដហោះ មិននៅមាន​អ្នក​រស់​រាន​​មាន​ជីវិតទេ។
រ៉ូស្ស៊ី៖ រកឃើញយន្ដហោះដែលបាត់ខ្លួន តែគ្មានអ្នកនៅរស់

យន្ដហោះពន្លត់អគ្គិភ័យ ប្រភេទ «Ilyushin IL-76» ។ (រូបថតឯកសារ)

ក្រុមអ្នកជួយសង្គ្រោះ បានរកឃើញតួយន្ដហោះនេះ​មកវិញ កាលពីរសៀលថ្ងៃអាទិត្យ បន្ទាប់ពីយន្ដហោះ បាន​បាត់ខ្លួនសូន្យ​ឈឹង ពីប្រព័ន្ធត្រួតពិនិត្យផ្លូវអាកាស កាលពីព្រឹកថ្ងៃសុក្រ​​សប្ដាហ៍មុន ខណៈ​យន្ដហោះ​បាន​ហោះ​ចេញ ដើម្បីចូលរួមក្នុងយុទ្ធនាការ ពន្លត់អគ្គិភ័យឆេះព្រៃ​ដ៏សន្ធោ​សន្ធៅ​មួយ នាខេត្ត​ស៊ីប៊េរី (Sibérie) ភាគ​ខាង​ជើង​នៃប្រទេសរ៉ុស្ស៊ី។ នេះបើតាមការប្រកាសឲ្យដឹង របស់ប្រភពផ្លូវការរ៉ូស្ស៊ី។

ប្រភពបានដឹងទៀតថា បុគ្គលិកដែលស្ថិត​នៅលើយន្ដហោះ ទាំង១០នាក់ បានស្លាប់បាត់បង់ជីវិតទាំងអស់។

យន្ដហោះប្រភេទ «Ilyushin IL-76» នេះ ដែលជាយន្ដហោះដឹកជញ្ជូន នៅក្នុងវិស័យយោធារ៉ូស្ស៊ី ត្រូវ​បាន​កៃឆ្នៃ​ឲ្យក្លាយជាយន្ដហោះ ពន្លត់អគ្គិភ័យឆេះព្រៃ។ អ្នកជួយសង្គ្រោះបានរកឃើញ កន្ទុយយន្ដហោះ នៅមាន​សភាពអាចនៅចំណាំបាន និងសាកសពបុគ្គលិក៤នាក់។ ក្រៅពីនេះ តួខ្លួនផ្សេងទៀតនៃយន្ដហោះ ត្រូវ​បាន​ឆេះ​ខ្លោចទាំងអស់។ ផ្សែង ដែលបណ្ដាលមកពីភ្លើងឆេះព្រៃ បានបង្កការរំខានដល់អ្នកជួយសង្គ្រោះ មិនអាច​រក​ឃើញ​​សាកសព​របស់បុគ្គលិក ផ្សេងទៀតនៅឡើយ។

ទីភ្នាក់ងារព័ត៌មានរ៉ូស្ស៊ី «Tass» បានស្រង់ប្រភព​​ដែលស្និត​​នឹង​ការស៊ើប​អង្កេត មកបញ្ជាក់ថា យន្ដហោះ​ទំនង​ជា​បានជួប នឹងខ្យល់ក្ដៅខ្លាំង ខណៈពេលដែលយន្ដហោះ កំពុងព្យាយាមបាញ់ម្សៅ​ផ្សែង ដើម្បីពន្លត់​ភ្លើង​ឆេះ​ព្រៃ។ ខ្យល់ក្ដៅនេះ បានធ្វើម៉ាស៊ីនប្រតិកម្មរបស់យន្ដហោះ មិនអាចបង្កើតសម្ពាធ ដើម្បីរុញយន្ដហោះ ឲ្យ​ហោះ​ឡើងលើវិញបាន ទើបបណ្ដាលឲ្យយន្ដហោះ បានធ្លាក់​មកលើដើមឈើទាំងឡាយ។ រូបភាពបង្ហាញ​ពី​ទិដ្ឋភាព នៃកន្លែងដែលយន្ដហោះធ្លាក់៖

រ៉ូស្ស៊ី៖ រកឃើញយន្ដហោះដែលបាត់ខ្លួន តែគ្មានអ្នកនៅរស់

តាំងពីច្រើនសប្ដាហ៍មកហើយ តំបន់«Irkoutsk»  នៃខេត្ត«Sibérie» របស់ប្រទេសរ៉ុស្ស៊ី បានរង​អគ្គិភ័យ​ឆេះ​ព្រៃ ដែលបានបំផ្លាញព្រៃឈើ អស់ប្រមាណជា ៩០០០ហិចតា។ ជារៀងរាល់ឆ្នាំ ប្រទេសរ៉ូស្ស៊ី តែងបានស្គាល់​​នូវ​គ្រោះ​អគ្គិភ័យ​បែបនេះ រហូតដល់ទៅជាង ១៨ ០០០ដង។ មូលហេតុ​ដែល​បង្កឲ្យភ្លើង​ឆេះ​ព្រៃ​នេះ ប្រមាណ​ជា​៨០% បណ្ដាលមកពី​សកម្មភាព​របស់មនុស្ស ជាពិសេសបណ្ដាលមក ពីការដុតកំទេច ដើម្បីយកដី​ធ្វើការ​ដាំ​ដុះ៕