កូរ៉េ​ខាងត្បូង​នឹង​សាងសង់​ថ្មប៉ប្រះទឹក​នៅ​ក្នុង​សមុទ្រ​លឿង

ប្រទេសកូរ៉េខាងត្បូងមានផែនការនឹងសាងសង់ថ្មប៉ប្រះទឹកសិប្បនិម្មិតចំនួន៨០នៅក្បែរព្រំដែនទឹកដែលកូរ៉េខាងត្បូងអះអាងដោយខ្លួនឯង នៅជាប់ប្រទេសកូរ៉េខាងជើង ក្នុងកិច្ចខិតខំប្រឹងប្រែងមួយដើម្បីបង្អាក់ដល់អ្វីដែលរដ្ឋាភិបាលក្រុងសេអ៊ូលហៅថា ជាការនេសាទត្រីដោយខុសច្បាប់របស់ទូកនេសាទចិន។

ទីភ្នាក់ងារសារព័ត៌មាន Yonhap បានឲ្យដឹងថា ថ្មប៉ះប្រះទឹកសិប្បនិម្មិតទាំងនេះនឹងត្រូវសាងសង់នៅក្នុងសមុទ្រលឿង នៅក្បែរបន្ទាត់កំណត់ដែនទឹកភាគខាងជើងដែលមានជម្លោះ ក្នុងទឹកប្រាក់ប្រមាណ៧លានដុល្លារ។

ថ្មប៉ប្រះទឹកថ្មីនេះនឹងត្រូវសាងសង់ឡើង ក្នុងខណៈពេលដែលកូរ៉េខាងត្បូងគិតថា ត្រូវតែធ្វើឡើងជាបន្ទាន់ដើម្បីបញ្ឈប់នាវានេសាទរបស់ចិន ដែលរដ្ឋាភិបាលក្រុងសេអ៊ូលនិយាយថា បានចូលទៅកាន់ដែននេសាទរបស់កូរ៉េដោយខុសច្បាប់។ ទីភ្នាក់ងារសារព័ត៌មាន Yonhap បានឲ្យដឹងថា នាវានេសាទទាំងនោះហាក់ដូចជាកំពុងតែទាញយកផលប្រយោជន៍ពីការស្ទាក់ស្ទើរបស់កងយាមល្បាតកូរ៉េខាងត្បូងក្នុងការបង្ក្រាបនាវានេសាទរបស់ចិននៅក្បែរព្រំប្រទល់នោះ ដែលអាចធ្វើមានការប៉ះទង្គិចដោយចៃដន្យជាមួយនឹងកូរ៉េខាងជើង។ រដ្ឋាភិបាលក្រុងPyongyang មិនបានទទួលស្គាល់ព្រំដែនទឹកនេះជាផ្លូវការនោះទេ។

កាលពីខែមុន អ្នកនេសាទក្នុងស្រុកម្នាក់បានអូសទូកនេសាទរបស់ចិនចំនួនពីរគ្រឿង ដែលកំពុងតែចាប់ក្តាមនៅជិតប៉ែកខាងត្បូងបន្ទាត់កំណត់ដែនទឹកភាគខាងជើង និងបានប្រគល់ទូកនេសាទទាំងនោះទៅឲ្យអាជ្ញាធរកូរ៉េខាងត្បូង៕

ប្រភពៈ VOA