ហ្វីលីពីន​៖ លទ្ធិ​ប្រជាធិបតេយ្យ​ផុយ​ស្រួយ

ថ្ងៃនេះ ហ្សង់-ហ្វ្រង់ស័រ តាន់សូមបន្តចាប់អារម្មណ៍ទៅលើភូមិសាស្ត្រនយោបាយនៃភូមិភាគអាស៊ីអាគ្នេយ៍តទៅទៀត ដោយសូមលើកឡើងអំពីរបបនយោបាយនៃប្រទេស ហ្វីលីពីន។ តាំងពីរបបផ្តាច់ការរបស់ម៉ារកូស(Marcos)បានដួលរលំនៅឆ្នាំ១៩៨៦ រហូតមកទល់សព្វថ្ងៃ ប្រធានាធិបតីហ្វីលីពីនបន្តបន្ទាប់គ្នា បាននិងកំពុងបន្តខ្នះខ្នែងបោសសំអាតកាកសំណល់នៃរបបចាស់ និងពង្រឹងប្រព័ន្ធប្រជាធិបតេយ្យនៃប្រទេស។ ក៏ប៉ុន្តែ លទ្ធិប្រជាធិបតេយ្យហ្វីលីពីន នៅតែមានលក្ខណៈផុយស្រួយមែនទែន។
លទ្ធិប្រជាធិបតេយ្យហ្វីលីពីន បានលេចចេញជាពន្លកឡើង នៅខែកុម្ភៈឆ្នាំ១៩៨៦។ កាលនោះ សហរដ្ឋអាមេរិក ក្រោមអាណត្តិប្រធានាធិបតីរបស់រីហ្កាន(Reagan) បានបង្ខំឱ្យ ម៉ារកូសដែលជាអ្នកកាន់អំណាចផ្តាច់ការដុះស្លែនៅហ្វីលីពីន រៀបចំបោះឆ្នោតដោយសេរី។ ជោគជ័យស្រាប់តែបានទៅលោកស្រីកូរី អាគីណូ(Cory Aquino) ភរិយាមេម៉ាយរបស់មេដឹកនាំគណបក្សប្រឆាំង លោកបេនីញ៉ូ អាគីណូ(Benigno Aquino) លោក បេនីញ៉ូ អាគីណូដែលត្រូវបានគេធ្វើឃាត នៅឆ្នាំ១៩៨៣។

ក៏ប៉ុន្តែ ម៉ារកូសមិនព្រមចុះចេញពីអំណាច ជាហេតុបាន បង្កឱ្យមានមហាបាតុកម្មដែលគេប្រសិទ្ធនាមឲ្យថា បដិវត្តន៍សីលធម៌។ នៅទីបំផុត ម៉ារកូស បានបង្ខំចិត្តនិរទេសទៅស្រុកក្រៅ ក្រោយពីត្រូវបានវិហារកាតូលិក កងទ័ព និងសហរដ្ឋអាមេរិកឈប់គាំទ្រហើយបោះបង់ចោល។

តាំងពីពេលនោះមក លទ្ធិប្រជាធិបតេយ្យបានក្លាយជាការពិតនៅហ្វីលីពីន ស្តែងចេញតាមរយៈការអនុម័តរដ្ឋធម្មនុញ្ញមួយថ្មីនៅឆ្នាំ១៩៨៧ និងតាមរយៈការផ្លាស់ប្តូរប្រធានាធិបតីបន្តបន្ទាប់គ្នាតាំងពីពេលនោះមក៖ រួមមានលោកស្រីកូរី អាគីណូ ពីឆ្នាំ១៩៨៦ដល់ឆ្នាំ១៩៩២ លោកហ្វីឌែល រ៉ាមូស(Fidel Ramos) ពីឆ្នាំ១៩៩២ដល់ឆ្នាំ១៩៩៨ លោកអេស្រ្តាដា(Estrada) ពីឆ្នាំ១៩៩៨ដល់ឆ្នាំ២០០១ លោកស្រី អារ៉ូយ៉ូ(Aroyo) ពីឆ្នាំ២០០១ដល់ឆ្នាំ២០១០ និងលោក បេនីញ៉ូ ណូយណូយ អាគីណូ(Benigno Noynoy Aquino) ពីឆ្នាំ២០១០ មកទល់សព្វថ្ងៃ។ ស្ថាប័ននយោបាយបច្ចុប្បន្ននៃប្រទេសហ្វីលី្លពីន មានលក្ខណៈស្រដៀងគ្នាទៅនឹងប្រព័ន្ធនយោបាយអាមេរិក៖មានប្រធានាធិបតី អនុប្រធានាធិបតីព្រឹទ្ធសភានិងសភាអ្នកតំណាង។

យ៉ាងណាមិញ លទ្ធិប្រជាធិបតេយ្យហ្វីលីពីននៅតែមានមូលដ្ឋានផុយស្រួយមែនទែន។ មូលហេតុមានច្រើនយ៉ាង។ មូលហេតុទីមួយ គឺបណ្តាលមកពីអំណាចមួយភាគធំបានធ្លាក់ទៅក្នុងកណ្តាប់ដៃរបស់ពួកអ្នកមានជាងគេបង្អស់មួយក្រុមនិងរបស់ក្រុមគ្រួសារពួកគេ ជាភាសាបារាំង គេហៅថា Oligarchie។ បានន័យថា ត្រកូលគ្រួសារអស់ទាំងនេះមិនធ្លាក់ខ្លួនក្រ និងនៅតែបន្តមានអំណាចធំតរហូតមកទល់សព្វថ្ងៃ ទោះបីជាម៉ារកូសនិងបក្សពួករបស់ម៉ារកូស ឈប់គ្រប់គ្រងប្រទេសហ្វីលីពីន ជាងម្ភៃប្លាយឆ្នាំកន្លងមកហើយក៏ដោយ។

ត្រកូលគ្រួសារមហាសេដ្ឋីអស់ទាំងនេះមានឥទ្ធិពលនៅក្នុងព្រឹទ្ធសភា ក្នុងសភាអ្នកតំណាងនិងនៅក្នុងសាលាក្រុងធំៗ។ និយាយបែបផ្សេង ពួកគេមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយថ្នាក់ដឹកនាំនៃប្រទេស បន្តគាបសង្កត់និងអូសទាញរដ្ឋាភិបាលហ្វីលីពីនជាបន្តបន្ទាប់គ្នា ឲ្យអនុវត្តនយោបាយណា ដែលអាចជួយបង្កើនផលប្រយោជន៍របស់ពួកគេតទៅទៀត។

មូលហេតុទីពីរនៃលទ្ធិប្រជាធិតេយ្យផុយស្រួយនៅហ្វីលីពីន គឺបណ្តាលមកពីថ្នាក់ដឹកនាំនៃប្រទេសនិងក្រុមគ្រួសាររបស់ថ្នាក់ដឹកនាំជាបន្តបន្ទាប់ក្រោយសករាជអំណាចផ្តាច់ការរបស់ម៉ារកូស នៅបន្តចាត់ទុកសម្បត្តិសាធារណៈខ្លះ ថាជាកម្មសិទ្ធិផ្ទាល់ខ្លួនរបស់ពួកគេ ជាភាសាបារាំង គេហៅថា Patrimonialisme។

វត្តមាននៃបាតុភាពOligarchie និងបាតុភាពPatrimonialisme នៅក្នុងប្រព័ន្ធនយោបាយហ្វីលីពីន បង្កឱ្យមានអំពើពុករលួយខ្លាំងដែលតែងបណ្តាលឱ្យប្រជាពលរដ្ឋខឹងសម្បារនិងចុះធ្វើបាតុកម្មតាមផ្លូវ។

ធ្ងន់ធ្ងរជាងនេះទៅទៀត វត្តមាននៃបាតុភាពOligarchie និងបាតុភាពPatrimonialismeនៅក្នុងប្រព័ន្ធនយោបាយហ្វីលីពីន ក៏បង្កឱ្យមានភាពអសកម្មនៅក្នុងរដ្ឋបាលនិងក្នុងប្រព័ន្ធគ្រប់គ្រងជាតិទៀតផង។ ពីព្រោះវាធ្វើឱ្យអាជ្ញាធរថ្នាក់ជាតិនិងថ្នាក់មូលដ្ឋានទន់ជ្រាយ និងជម្រុញឱ្យមន្រ្តីរដ្ឋការដែលមិនអព្យាក្រឹតទាល់តែសោះ អត់គោរពច្បាប់ ហើយមិនអនុវត្តច្បាប់ ពេលត្រូវប្រឈមមុខនឹងអ្នកមានឬអ្នកមានអំណាចម្តងៗ។

គឺបាតុភាពOligarchie និងបាតុភាពPatrimonialismeនេះហើយ ដែលបានបង្កឲ្យមានអំពើពុករលួយ និងនៅទីបំផុតបានបណ្តាលឲ្យលោកអេស្រ្តាដាដួលរលំពីតំណែងប្រធានាធិបតី នៅឆ្នាំ២០០១។ អេស្រ្តាដាជាតួឯកកុនម្នាក់ ដែលបានជាប់ឆ្នោតជាប្រធានាធិបតី នៅឆ្នាំ១៩៩៨ ដោយសារតែល្បីឈ្មោះខ្លាំង។ ក៏ប៉ុន្តែ បន្តិចម្តងៗ អេស្រ្តាដាដែលត្រូវរ៉ូវគ្នាជាមួយត្រកូលគ្រួសារអ្នក មានស្តុកស្តម្ភតាំងពីជំនាន់ម៉ារកូសមក បានទទួលប្រាក់សំណូកពីពួកអ្នកទាំងនោះ ហើយដើម្បីសងគុណពួកគេវិញ បានប្រើអំណាចជួយពួកគេឲ្យរកស៊ីកាន់តែមានបាន។

នៅក្នុងចំណោមពួកអ្នកមានដែលបានស៊ុមគ្រលំជាមួយរដ្ឋអំណាចអេស្រ្តាដា រួមមានជាអាទិ៍ Lucio TAN។ តាមរយៈអភិក្រមនៃឯកជនភាវូបនីយកម្មមិនស្របច្បាប់មួយ Lucio TAN បានទិញភាគហ៊ុននៃធនាគារPhilippine National Bank បានរហូតដល់ទៅ៤៦% ហើយដោយសារតែអន្តរាគមន៍របស់ប្រធានាធិបតីអេស្រ្តាដា Lucio TAN បានពង្រឹងយ៉ាង មាំល្អ ឥទ្ធិពលរបស់ខ្លួននៅក្នុងក្រុមប្រឹក្សាភិបាលនៃធនាគារទៀតផង។

អ៊ីចឹងហើយ បានជាបន្តិចម្តងៗ អ្នកនយោបាយឆ្វេងនិយមដែលជាចន្ទល់មួយដ៏សំខាន់របស់អេស្រ្តាដា បានបែរខ្នងដាក់គាត់ ឈប់គាំទ្រគាត់ ជាពិសេសក្រោយពីសភាហ្វីលីពីន បានចាប់ផ្តើមតុបតែងនីតិក្រមដើម្បីទំលាក់គាត់ចេញពីតំណែងប្រធានាធិបតី។ នៅឆ្នាំ២០០១ អេស្រ្តាដាបានបង្ខំចិត្តលាលែងចេញពីតំណែង និងប្រគល់អំណាចទៅឲ្យលោកស្រី
អារ៉ូយ៉ូដែលជាអនុប្រធានាធិបតី កាន់កាប់វិញម្តង។

ចំណុចខ្សោយមួយទៀតនៃលទ្ធិប្រជាធិបតេយ្យហ្វីលីពីន គឺការប៉ុនប៉ងធ្វើរដ្ឋប្រហារមិន ស្វាងពីសំណាក់កងទ័ព។ ឧទាហរណ៍ជាក់ស្តែង នៅក្រោមអាណត្តិប្រធានាធិបតីរបស់
កូរី អាគីណូ ពីឆ្នាំ១៩៨៦ដល់ឆ្នាំ១៩៩២ មានច្រើនណាស់ការប៉ុនប៉ងធ្វើរដ្ឋប្រហារ ក្នុងនោះមានរដ្ឋប្រហារចំនួនពីរដែលវិះតែបានទទួលជោគជ័យ។

ក្រោយមកទៀត ក៏ដូចគ្នាអ៊ីចឹងដែរ លោកស្រីប្រធានាធិបតីអារ៉ូយ៉ូ ក៏ត្រូវប្រឈមមុខមិនស្វាង នឹងការប៉ុនប៉ងធ្វើរដ្ឋប្រហារដែរ។ នៅខែកុម្ភៈឆ្នាំ២០០៦ អារ៉ូយ៉ូបានសម្រេចចិត្តប្រកាសដាក់ប្រទេសទាំងមូលក្នុងភាពអាសន្ន ដើម្បីទប់ស្កាត់កុំឱ្យ« រដ្ឋប្រហាររបស់ពួកសកម្មជនឆ្វេងនិយមនិងរបស់ពួកយោធាផ្សងព្រេងនិយម» កើតឡើងទាន់។ ក៏ប៉ុន្តែ ពួកអ្នកប្រឆាំងបាននាំគ្នាចោទថាអារ៉ូយ៉ូ បានធ្វើដូចនេះ ក្នុងគោលដៅពង្រឹងអំណាចរបស់លោកស្រីតែប៉ុណ្ណោះ។

ពីឆ្នាំ២០១០រហូតដល់ឆ្នាំ២០១៦ ណូយណូយ អាគីណូ កូនប្រុសរបស់លោកស្រីអតីតប្រធានាធិបតីកូរី អាគីណូជាអ្នកដឹកនាំប្រទេសហ្វីលីពីន។ ណូយណូយ អាគីណូ ចង់កំចាត់អំពើពុករលួយនិងចង់កំចាត់ភាពក្រីក្រ។ ប៉ុន្តែ ប្រធានាធិបតីរូបនេះ នៅតែជំនះអំពើពុករលួយមិនបាន។ ជាក់ស្តែង នៅចុងខែសីហាឆ្នាំ២០១៣ ប្រជាពលរដ្ឋហ្វីលីពីនរាប់ម៉ឺននាក់បាននាំគ្នាធ្វើបាតុកម្មប្រឆាំងនឹងអំពើពុករលួយដែលមានលក្ខណៈជាប្រព័ន្ធនៅទូទាំងប្រទេសរួចស្រេចទៅហើយ។

តាមពិតទៅ ណូយណូយ អាគីណូ ហាក់បីដូចជាមិនសូវខុសពីប្រធានាធិបតីមុនៗដែរ គេចមិនផុតពីបាតុភាពបក្សពួកនិយម និងគ្រួសារនិយម។ មូលហេតុ គឺមកពីនៅហ្វីលីពីន អំណាចនយោបាយ ក៏ដូចអំណាចសេដ្ឋកិច្ច សុទ្ធតែឋិតនៅក្នុងកណ្តាប់ដៃរបស់គ្រួសារអ្នកមាននិងអ្នកមានឈ្មោះល្បីល្បាញមួយក្រុមដដែលជាដដែល ទោះបីជាប្រទេសនេះបានឆ្លងចេញផុតពីសករាជអំណាចផ្តាច់ការរបស់ម៉ារកូស តាំងពីឆ្នាំ១៩៨៦ក៏ដោយ។

នៅឆ្នាំ២០១៦ ប្រធានាធិបតីថ្មីគឺ រូឌ្រីហ្គូ ឌុយតែរតឺ(Rodrigo Duterte) ។ ប្រធានាធិបតីហ្វីលីពីនរូបនេះ មិនមែនជាអ្នកនៅខាងក្នុងបណ្តាញខ្សែរយៈនយោបាយ និងមិនមែនចេញពី ក្រុមអ្នកមានអំណាចធំៗនៅហ្វីលីពីនទេ។ ជ័យជំនះដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ រូឌ្រីហ្គូ ឌុយតែរ តឺ ដែលជាមនុស្សមាត់ឆៅចូលចិត្តប្រើពាក្យអសុរស ស្តែងចេញជាពិសេសពីការនឿយណាយរបស់ប្រជាជនហ្វីលីពីនដែលមិនចង់ឃើញតែមនុស្សមកពីក្រុមបក្សពួកនិយមដដែលៗមកដឹកនាំប្រទេស។ លើកនេះ ប្រជាជនហ្វីលីពីនប្រថុយប្រថានបោះឆ្នោតឱ្យមនុស្សថ្មីម្តង។

និយាយពីសេដ្ឋកិច្ចវិញ ២៦%នៃប្រជាជនទាំង៩០លាននាក់នៃប្រទេសហ្វីលីពីន បន្តរស់នៅក្រោមបន្ទាត់នៃភាពក្រីក្រ។ តួលេខនេះមិនបានធ្លាក់ចុះសោះ ទោះបីជារដ្ឋាភិបាលរបស់ណូយណូយ អាគីណូបានអនុវត្តកម្មវិធីផ្តល់ប្រាក់ឧបត្ថម្ភរហូតដល់ទៅ៤០ដុល្លារក្នុងមួយខែដល់បណ្តាក្រុមគ្រួសារក្រីក្រក៏ដោយ។

ប្រជាជនហ្វីលីពីននៅតែក្រ ផ្ទុយទៅវិញរដ្ឋហ្វីលីពីនបែរជាធូរធារគ្រាន់បើឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ។ សេដ្ឋកិច្ចនៃប្រទេសកើនបាន៦,៦% នៅឆ្នាំ២០១២ រីឯរដ្ឋហ្វីលីពីនវិញមានប្រាក់នៅក្នុងដៃររហូតដល់ទៅ៨ម៉ឺនលានដុល្លារ។ មិនតែប៉ុណ្ណោះ នៅដើមឆ្នាំ២០១៣ ធនាគារពិភពលោកបានវាយតម្លៃប្រទេសហ្វីលីពីនថា ជាខ្លាសេដ្ឋកិច្ចថ្មីនៅអាស៊ីអាគ្នេយ៍៕

ប្រភពៈ RFI