ទើប​រៀប​ការ ! ក្លាយជា​ឃាតករ​សម្លាប់​ប្រពន្ធ​ខ្លួនឯង

ខេត្តកំពង់ធំ ៖ បុរស​វ័យក្មេង​ជា​ប្តី​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​វាយ​ខ្នោះ​បន្ទាប់​ពី​ប្រពន្ធ​ទើប​រៀប​ការ​របស់​ខ្លួន​បាន​ស្លាប់​យ៉ាង​អា​ណោ​ច​អាធ័ម​ជាទី​បំផុត​ដោយសារ​គ្រាប់កាំភ្លើង​កែ​ច្នៃ​របស់​ប្តី ។ ករណី​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​ល្ងាច​ថ្ងៃ​ទី​០៣ ខែកក្កដា ឆ្នាំ​២០១៦ នៅ​តំបន់​អូរ​ដា ក្នុង​ខ្ទម​ចាំចម្ការ​ចម្ងាយ​ប្រហែលជា​១៥​គីឡូម៉ែត្រ​ពី​ភូមិ​ត្រពាំង​ព្រីង ឃុំ​សា​គ្រាម ស្រុក​ប្រាសាទ​បល្ល័ង្ក ខេត្តកំពង់ធំ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា បុរស​ជា​ប្តី​ឈ្មោះ តឿន រុំ អាយុ​២១​ឆ្នាំ ចំណែក​ស្ត្រី​រង​គ្រោះជា​ប្រពន្ធ​ឈ្មោះ យ៉ុ​ង តឿ អាយុ​២០​ឆ្នាំ អ្នក​ទាំង​២​នាក់​រស់នៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ ។

បុរស​ជា​ប្តី​បាន​ប្រាប់​ឲ្យ​ដឹង​ថា ពួក​គេ​ទាំង​២​នាក់​ទើបតែ​រៀប​ការ ហើយ​មិន​ទាន់​មានកូន​នោះ​ទេ នៅ​ថ្ងៃ​កើតហេតុ​រូបគេ​បាន​យក​កាំភ្លើង​កែ​ច្នៃ​១​ដើម​មក​ធ្វើការ​កែ​ច្នៃ​បន្ថែម​ទៀត​ដើម្បី​ដើរ​ឆ្លុះ​បាញ់​សត្វ ចំណែក​ប្រពន្ធ​របស់​គេ​ន​ក៏​បាន​យក​គ្រាប់​កឹ​បម​ក​ឲ្យ ហើយ​ក៏​ដើរទៅ​ដេក​នៅ​លើ​អង្រឹង ស្រាប់តែ​នៅ​ពេល​ចាប់ផ្តើម​ធ្វើ​រូបគេ​ពិនិត្យ​ឃើញ​កៃកាំភ្លើង​នោះ​រាង​វៀច​ក៏​ពត់​តម្រង់ ខណៈនោះ​កាំភ្លើង​ក៏​ផ្ទុះ​កឹ​ប​ផូង​បណ្ដាល​ឲ្យ​គ្រាប់​របស់​វា​ដែល​ជា​គ្រាប់កង់​ហោះ​ទៅ​ចំ​បំពង់ក​របស់​ប្រពន្ធ​ខ្លួន​ដែល​ដេក​នៅ​លើ​អង្រឹង​ក្រោម​ខ្ទម​ចម្ងាយ​ប្រហែល​២​ម៉ែត្រ​ស្លាប់​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ហើយ​រឿង​នេះ​ក៏​ដឹង​ដល់​សមត្ថកិច្ច​តែ​ម្តង ។

បន្ទាប់​ពី​ធ្វើក​កោសល្យ​វិ​ច្ច័​យ​រួចរាល់ សមត្ថកិច្ច​ក៏​ធ្វើការ​ចាប់​វាយ​ខ្នោះ​ជនសង្ស័យ​បញ្ជូន​មក​កាន់​អធិការដ្ឋាន​ស្រុក​ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ចំណែក​សព​ស្ត្រី​ជា​ប្រពន្ធ​ត្រូវ​បាន​ប្រគល់​ជូន​សាច់ញាតិ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕