និស្សិតនារីរបស់ខេមអេដ ផ្តួលក្រុមអាស៊ីអឺរ៉ុប ដើម្បីឈ្នះពានបាល់បោះឧត្តមសិក្សា

ក្រុមបាល់បោះនារីរបស់វិទ្យាស្ថានខេមអេដ បានផ្តល់កាដូយ៉ាងខកចិត្តមួយដល់ក្រុមសាកលវិទ្យាល័យអាស៊ីអឺរ៉ុប សម្រាប់ការប្រកួតកាត់សេចក្តីរកក្រុមលើកពានលើប្រភេទកីឡាបាល់បោះផ្នែកនារី នៅក្នុងការប្រកួតកីឡានិស្សិតឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសជ្រើសរើសជើងឯកទូទាំងប្រទេសប្រចាំឆ្នាំ២០១៦ ប៉ុន្តែខេមអេដ កំពុងបារម្ភលើការប្រកួតដណ្តើមពានបាល់បោះផ្នែកបុរស ដែលពួកគេត្រូវជួបអាស៊ីអឺរ៉ុប ទៀត។

camedsport1

នៅមុនឡើកមកជួបគ្នា ក្នុងការប្រកួតវិលជុំលើកទី៣ចុងក្រោយនេះ ក្រុមខេមអេដ និងអាស៊ីអឺរ៉ុប បានយកឈ្នះក្រុមមជ្ឈមណ្ឌលគរុកោសល្យខេត្តស្ទឹងត្រែង និងក្រុមវិទ្យាស្ថានអប់រំកាយ និងកីឡា ដូចគ្នា ហើយលទ្ធផលនេះបានធ្វើឲ្យការប្រកួតកាត់សេចក្តីកាលពីម្សិលមិញនោះ មានភាពតានតឹងបំផុត ខណៈការតវ៉ា និងការឌឺដងគ្នាដោយការប្រើពាក្យសំដី ក៏បានកើតមានឡើងផងដែរ តែមិនបង្កឲ្យមានជាជម្លោះនោះទេ។

camedsport2

យ៉ាងណាក៏ដោយ ក្រុមខេមអេដ នៅតែអាចរក្សាការមានប្រៀប និងយកឈ្នះក្រុមអាស៊ីអឺរ៉ុប ជាមួយពិន្ទុ ៥០-៤១ ដើម្បីក្លាយជាម្ចាស់ជើងឯកលើប្រភេទកីឡាបាល់បោះផ្នែកនារីនៅឆ្នាំនេះ តាមរយៈការប្រើប្រាស់និស្សិតដែលកំពុងសិក្សានៅវិទ្យាស្ថានខេមអេដទាំងអស់ ខណៈការប្រកួតកាលពីឆ្នាំ២០១៥ ក្រុមបាល់បោះនារីរបស់ខេមអេដ បានត្រឹមលេខ៥ ក្នុងចំណោមក្រុមចូលរួមសរុបចំនួន៦។

camedsport3

លោក អ៊ុំ សូផាណារ៉ូ គ្រូបង្វឹកក្រុមបាល់បោះនារីរបស់ខេមអេដ បាននិយាយក្រោយការប្រកួតថា៖«ការឈ្នះពាននៅឆ្នាំនេះ ក៏អាចមកពីចំនួនក្រុមចូលរួមមានការធ្លាក់ចុះផងដែរ (មាន៤ក្រុម) ប៉ុន្តែអ្វីដែលសំខាន់នោះ ក្រុមនិស្សិតរបស់យើង បានហាត់ត្រៀមជាង១ខែ រួមទាំងបានចូលរួមប្រកួតកីឡាបាល់បោះនារីជម្រើសជើងឯក ឆ្នាំ២០១៦ ដែលរៀបចំឡើងដោយវិទ្យាស្ថានខេមអេដ ផងដែរ ទើបធ្វើឲ្យក្រុមពួកគេ មានបច្ចេកទេសលេងរីកចម្រើនបែបនេះ។ ខ្ញុំអាចនិយាយបានថា បច្ចេកទេសលេងរបស់ពួកគេ មានការរីកចម្រើន៧០ភាគរយ បើប្រៀបធៀបកាលពីឆ្នាំមុន»។

camedsport4

ដោយឡែក ក្រុមបាល់បោះបុរសរបស់ខេមអេដ ដែលទទួលបានលេខ៣ កាលពីឆ្នាំ២០១៥នោះ នឹងត្រូវធ្វើការប្រកួតកាត់សេចក្តីយកពានជាមួយក្រុមអាស៊ីអឺរ៉ុប នៅថ្ងៃបិទកម្មវិធីប្រកួត នាថ្ងៃទី៧ ខែកក្កដា ខាងមុខនេះ ខណៈការប្រកួតវិលជុំ២លើកកន្លងមកនេះ ក្រុមទាំង២បានឈ្នះក្រុមមជ្ឈមណ្ឌលគរុកោសល្យខេត្តស្ទឹងត្រែង និងក្រុមវិទ្យាស្ថានអប់រំកាយ និងកីឡា ដូចគ្នា។

camedsport5

យ៉ាងណាក៏ដោយ លោក ហុន ចាន់ធឿន គ្រូបង្វឹកបាល់បោះផ្នែកបុរសរបស់ក្រុមខេមអេដ បានប្រាប់កាលពីម្សិលមិញថា៖«យើងមិនសូវសង្ឃឹមក្នុងការឈ្នះគេនោះទេ ព្រោះក្រុមអាស៊ីអឺរ៉ុប ប្រជុំដោយកីឡាករ និងអតីតកីឡាករជម្រើសជាតិ ដែលមានចំនួនរហូតដល់៥នាក់ឯណោះ ខណៈក្រុមយើងបានប្រើនិស្សិតសុទ្ធសាធ។ យ៉ាងណាក៏ដោយ យើងនឹងព្យាយាមលេង និងរៀបចំឲ្យបានល្អ នៅក្នុងការប្រកួតដ៏សំខាន់នោះ»៕