មួយប៉ប្រិចភ្នែក​បាត់​កូន ពេល​រក​ឃើញ ស្រែក​ទ្រហោយំ

ខេត្តឧត្តរមានជ័យ ៖ ក្មេង​ស្រី​អាយុ​១៧​ខែ​ម្នាក់​ខណៈ​ម្តាយ​កំពុង​ជាប់​ធ្វើ​កិច្ចការ​ផ្ទះ​តែ​មួយប៉ប្រិចភ្នែក​សោះ​ស្រាប់តែ​បាត់​រក​មិនឃើញ ពេល​តាម​រក​ឃើញ​ស្រាប់តែ​ម្តាយ​ស្រែក​ទ្រហោយំ ព្រោះ​បាន​លង់ទឹក​ថ្លុក​រណ្ដៅ​ដែល​គេ​ជីក​សម្រាប់​ចាក់​គ្រឹះ​សាងសង់​ផ្ទះ​ស្លាប់​បាត់​ទៅ​ហើយ ។ ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​រសៀល​ថ្ងៃ​ទី​០៤ ខែកក្កដា ឆ្នាំ​២០១៦ ស្ថិត​នៅ​ក្នុងភូមិ​កណ្ដាល​លើ ឃុំ​អន្លង់​វែង ស្រុក​អន្លង់​វែង ខេត្ត​ឧត្ត​មាន​ជ័យ ។

ក្មេង​ស្រី​រង​គ្រោះ​ឈ្មោះ ស្រុក ស្រី​រដ្ឋ មាន​អាយុ​ទើបតែ​បាន​១៧​ខែ​ប៉ុណ្ណោះ មាន​ឪពុក​ឈ្មោះ អ៊ូ និល ជាម​ន្ដ្រី​យោធា​នៅ​អង្គភាព​កងពលតូច​អន្តរាគមន៍​លេខ​៦ ម្តាយ​ឈ្មោះ វន រតនា រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ។

បើ​តាម​ការ​ឲ្យ​ដឹង​ពី​ម្ដាយ​ក្មេង​ស្រី​រង​គ្រោះ​បាន​រៀបរាប់​ថា គាត់​កំពុង​តែ​ជាប់រវល់​ធ្វើ​កិច្ច​ការងារ​នៅ​ក្នុងផ្ទះ ហើយ​ក៏​ភេ​ច​ខ្លួន​តែ​មួយប៉ប្រិចភ្នែក បាត់​កូន​រក​មិនឃើញ ពេល​រក​ឃើញ​ស្រាប់តែ​ឃើញ​អណ្ដែត​ទឹក​ក្នុង​ថ្លុក​រណ្ដៅ​ដែល​គេ​ជីក​បម្រុង​ចាក់​គ្រឹះ​សម្រាប់​សាងសង់​ផ្ទះ​តែ​មិន​ទាន់​ធ្វើ​នៅ​ក្បែរ​របង​ផ្ទះ​ខ្លួនឯង ស្លាប់​បាត់បង់​ជីវិត​ទៅ​ហើយ ។

ក្រោយ​ពី​ស្លាប់ ឪពុក​ម្តាយ​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​ចុះ​ទៅ​ពិនិត្យ និង​ធ្វើ​កោសល្យ​វិ​ច្ច័​យ រួចរាល់​ក៏​បាន​ប្រគល់​សព​ដល់​ក្រុម​គ្រួសា​យក​ទៅ​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី ៕