ទីតាំង​គោរព​បូជា​ក្បែរ​ច្រក​តន់​ហន់ វៀតណាម​លួច​ប្រក់​ដំបូល

ទីតាំង​គោរព​បូជា​ក្បែរ​ច្រក​តន់​ហន់ វៀតណាម​លួច​ប្រក់​ដំបូល



រាជធានី​ភ្នំពេញ ៖ ទីតាំង​សម្រាប់​គោរព​បូជា​មួយ​នៅ​ជាប់​បន្ទាត់​ព្រំដែន​ជិត​ផ្សារ​តន់​ហន់ ស្ថិត​ក្នុងស្រុក​កំពង់ត្រាច កាលពី​ពេល​ថ្មី​ៗ​នេះ ភាគី​វៀតណាម​បាន​លួច​ឡើង​ប្រក់​ដំបូល​នៅ​ពេល​យប់ ខណៈ​ពេល​អាជ្ញាធរ​ខ្មែរ​ដេក​លក់ ។​

តាម​ប្រភព​បានឱ្យ​ដឹង​ថា កន្លង​មក​នៅ​ទីតាំង​អាស្រម​សម្រាប់​គោរព​បូជា​ដែល​ស្ថិត​នៅ​លើ​ខ្សែបន្ទាត់​ព្រំដែន​នោះ អាជ្ញាធរ​ខ្មែរ បាន​ហាម​ថា​មិន​ឱ្យ​ភាគី​វៀតណាម​ធ្វើ​អ្វី​ៗ​ទាំងអស់ ព្រោះ​នៅ​ចន្លោះ​ទីនោះ​មិន​ទាន់​បាន​បោះបង្គោល​ព្រំដែន​ឱ្យ​បាន​ច្បាស់លាស់​នៅឡើយ​ទេ ហើយ​ក៏​មិនដឹង​ថា ទីតាំង​សក្ការៈបូជា​នេះ ស្ថិត​លើ​ទឹកដី​កម្ពុជា ឬ​វៀតណាម​នៅឡើយ ។ ក៏​ប៉ុន្ដែ​ភាគី​វៀតណាម​នៅ​តែ​លួច​រុះរើ រៀបចំ​សាងសង់​ជា​ថ្មី​ទាល់តែ​អាជ្ញាធរ​ខ្មែរ​ប្រាប់​ថា បើ​បាន​រុះរើ​ហើយ​ក៏​រុះ​ចុះ តែ​មិន​ឱ្យ​ប្រក់​ទេ រក្សា​ទុក​ភាព​ដើម ។ ភ្លៀង​ធ្លាក់​ជា​បន្ដបន្ទាប់ ស្រាប់តែ​ភាគី​វៀតណាម​បាន​លួច​ឡើង​ប្រក់ នៅ​វេលា​យប់​ស្ទើរ​ជិត​រួចរាល់​ទៅ​ហើយ ។

ទោះបីជា​បែប​ណា លោក ទួ​ច សារី មេបញ្ជាការ​វរ​សេនា​តូច​លេខ​៦០១ នគរបាល​ការពារ​ព្រំដែន​គោក បាន​ប្រាប់​ឱ្យ​ដឹង​ដោយ​មិន​ច្បាស់​ថា ទីកន្លែង​គោរព​បូជា​ដែល​នៅ​ជាប់​បន្ទាត់​ព្រំដែន​នេះ មិនដឹង​ថា ប្រជាជន​វៀតណាម ឬ​ប្រជាជន​ខ្មែរ​ទេ​ដែល​លួច​ឡើង​ទៅ​ប្រក់​ដំបូល​នោះ ។ លោក​និយាយ​ថា ពួក​គាត់​ឡើង​ប្រក់​ដំបូល​នេះ គឺ​ធ្វើ​នៅ​ពេល​យប់​ហើយ​អាជ្ញាធរ​យើង​មិន​បានដឹង ។

លោក ជួន ម៉ា​រ៉ា​ឌី មេបញ្ជាការ​វរ​សេនា​តូច​លេខ​៣០២ ទាហាន​ការពារ​ព្រំដែន​គោក បាន​ប្រាប់​ឱ្យ​ដឹង​ថា នៅ​កន្លែង​គោរព​បូជា​នោះ បន្ទាប់​ពី​ភាគី​វៀតណាម​រុះរើ​ដំបូល​ចេញ អាជ្ញាធរ​ខ្មែរ​មិន​ឱ្យធ្វើ​អ្វី​ទាំងអស់ ដោយ​រក្សា​ទុក​ឱ្យ​មាន​សភាព​ដូច​ដើម​សិន មុន​ពេល​ដែល​បន្ទាត់​ព្រំដែន​ត្រូវ​កំណត់​រួចរាល់​ជា​ផ្លូវការ ស្រាប់តែ​ខាង​វៀតណាម លួច​ប្រក់​ពេល​យប់​ទៅ​វិញ ។ លោក ជួន ម៉ា​រ៉ា​ឌី មេបញ្ជាការ​រង​ព្រំដែន កំពុង​សួរនាំ​គ្នីគ្នា​ក្នុង​អង្គភាព​ថា តើ​ជន​ណា​លួច​ប្រក់​ដំបូល​នៅ​កន្លែង​ដែល​ហាមឃាត់​នេះ ។

ចំណែក​មតិ​ខាងក្រៅ​បាន​ធ្វើការ​រិះគន់​ដល់​ស្ថាប័ន​ដទៃ​ទៀត មាន​នគរបាល​អន្ដោប្រវេសន៍​ដែល​ឈរជើង​ប្រចាំការ​ទាំង​យប់​ទាំង​ថ្ងៃ ហេតុ​អ្វី​មិន​មើល​ផង ព្រោះ​ការ​ដឹក​សម្ភារ​យក​មក​ធ្វើ​មិន​អាច​ស្ងាត់កំបាំង​បាន​ទេ ហើយ​បើ​គេ​ឆ្លង​ដែន​មក​ធ្វើ​អ្វីមួយ​នោះ ក៏​នគរបាល​ត្រូវ​តែ​ឆេ​ក​ឆេរ​ដែរ តែ​ទើប​ភ្ញាក់ផ្អើល​ពេល​ឃើញ​កន្លែង​សក្ការៈ​នេះ​ត្រូវ​បាន​គេ​លួច​ប្រក់​ដំបូល​ក្បឿង​ថ្មីចែស ។

ទីតាំង​គោរព​បូជា​នេះ ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​កន្លះ​គីឡូ​មែ​៉​ត្រ​ពី​ចំណុច​ផ្សារ​តន់​ហន់ ចំណែក​ខាង​វៀតណាម​វិញ ទាល់តែ​ឆ្លង​ព្រែក​ទើប​មក​ដល់ គឺ​ឆ្ងាយ​ជាង​កម្ពុជា ។ តាម​ភូមិសាស្ដ្រ​នេះ​បាន​បង្ហាញ​ថា គេ​ព្យាយាម​តស៊ូ​ណាស់​ដោយ​បាន​ដឹក​ជញ្ជូន​ក្បឿង​ចូល​មក​លួច​ប្រក់​កណ្ដាល​យប់ ។

នៅ​ចាំ​បាន​ថា ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ កង​វិស្វកម្ម​កម្ពុជា​បាន​ធ្វើ​ផ្លូវ​ចេញពី​ច្រក​តន់​ហន់ ប្រមាណ​ត្រឹមតែ​៣០០​ម៉ែត្រ ក៏​ត្រូវ​បាន​ភាគី​វៀតណាម​ហាមឃាត់ ហើយ​ចេតនា​ធ្វើ​ផ្លូវ​នោះ​ក៏​បាន​ផ្អាក​ឱ្យ​នៅ​មេម៉ាយ​មក​ដល់​បច្ចុប្បន្ន​នេះ ។ រីឯ​ទីតាំង​សក្ការៈ​នេះ ច្រើន​តែ​ពលរដ្ឋ​វៀតណាម​នាំ​គ្នា​មក​គោរព​បូជា ទោះបី​ជាទី​សក្ការៈ​នេះ ទំនង​ស្ថិត​នៅ​លើ​ដី​ខ្មែរ​ក្ដី តែ​ជាទី​តាំង​ជាទី​គោរព​បូជា តកូនតចៅ​រហូត​មក ។ សូ​ម្បី​តែ​ពលរដ្ឋ​ខ្មែរ​ដែល​ជាប់សែស្រឡាយ​វៀតណាម​ក៏​បាន​ទៅ​គោរព​បូជា​នៅ​អាស្រម​នេះ​ដែរ ៕