​ប្រពន្ធ​សារភាព បែក​ការណ៍​ផិតក្បត់​អន្ទង​សហាយ​ឱ្យ​ប្តី​សម្លាប់

​ប្រពន្ធ​សារភាព បែក​ការណ៍​ផិតក្បត់​អន្ទង​សហាយ​ឱ្យ​ប្តី​សម្លាប់



ខេត្តកណ្ដាល​៖ ផ្ដើម​ចេញពី​ស្នេហា​ត្រីកោណ ហើយ​បាន​បែក​ការណ៍​ដឹង​ដល់​បុរស​ជា​ប្ដី ស្ត្រី​ជា​ប្រពន្ធ​ហាក់ដូច​លួង​ចិត្តប្ដី​បានចិត្ត​ដាច់ រៀបចំ​ផែនការ​ជាមួយ​ប្ដីប្រើ​ល្បិច​កល​ហៅ​ប្រុស​សហាយ​របស់​ខ្លួន មក​ឱ្យ​ប្ដី​សម្លាប់​យ៉ាង​ព្រៃផ្សៃ រួច​យក​ច្រកចូល​ក្នុង​បាវ យកទៅ​បោះចោល​នៅ​ក្នុង​ទឹក​ត្រពាំង ។ ទោះបីជា​បែប​ណា ១០​ថ្ងៃ​ក្រោយមក សាកសព​ត្រូវ​បាន​គេ​ប្រទះ​ឃើញ និង​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង ។ ក្រោយ​ការ​ពិនិត្យ​សាកសព​ដោយ​សមត្ថកិច្ច បាន​បញ្ចប់​និង​ឆ្លង​តាម​ការ​ស្រាវជ្រាវ កម្លាំង​ជំនាញ​ស្រុក ប៉ុស្ដិ៍​សហការ​ជាមួយ​កម្លាំង​មន្ត្រី​ជំនាញ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ខេត្ត ក៏​បាន​ឈាន​ទៅ​កំណត់​បាន​មុខសញ្ញា​ជនសង្ស័យ​ពីរ​នាក់​ប្ដី​ប្រពន្ធ ដែល​ជាប់​ពាក់ព័ន្ធ ទើបត្រូវ​បាន​នគរបាល​ឃាត់ខ្លួន កាលពី​ថ្ងៃ​ទី​៣ ក​ក្ដ​ដា ។

មន្ត្រី​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ខេត្តកណ្ដាល បាន​ប្រាប់​ឱ្យ​ដឹង​ថា ជនសង្ស័យ​ជា​ឃាតករ​ដែល​បាន​ឃាត់ខ្លួន​ប្ដី​ឈ្មោះ ខេ​ម ខេ​ង អាយុ​២៩​ឆ្នាំ ប្រពន្ធ​ឈ្មោះ ចាប សុខ​ជឿន អាយុ​២៦​ឆ្នាំ ។ អ្នក​ទាំង​ពីរ​មានកូន​១​អាយុ​៣​ឆ្នាំ មុខរបរ​កសិករ​មាន​ទីលំនៅ​ភូមិ​តា​នូ ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង ។

តាម​រយៈ​ការ​ប្រើប្រាស់​មុខ​ជំនាញ​សួរ ចម្លើយ គួប​ផ្សំ​លទ្ធផល​ពិនិត្យ​លើ​អង្គហេតុ និង​ស្ដាប់​ចម្លើយ​សាក្សី​បំភ្លឺ ជនសង្ស័យ​ជា​ប្ដី​ឈ្មោះ ខេ​ម ខេ​ង បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​សម្លាប់​ឈ្មោះ លៃ លី​ន ពិតប្រាកដ​មែន ដោយ​មូលហេតុ​ឈ្មោះ លៃ លី​ន លប​លួច​ទាក់ទង​ស្នេហា​ជាមួយ​ប្រពន្ធ​របស់​ខ្លួន ហើយ​ខ្លួន​បាន​តាម​ទាន់​ពេល​អ្នក​ទាំង​ពីរ​កៀកកើយ​គ្នា​កន្លង​មក ហើយ​បាន​សួរ​ដេញដោល ប្រពន្ធ​សារភាព​ថា ខ្លួន​ចាញ់បោក​ការ​លួងលោម​របស់​គេ (​ជន​រង​គ្រោះ​) ។ បន្ទាប់​មក​ឈ្មោះ ខេ​ម ខេ​ង បាន​លួងលោម​ប្រពន្ធ ឱ្យ​ប្រើ​ល្បិច​កល់​ទូរ​សព្ទ័​ហៅ​ទៅ​ឈ្មោះ លៃ លី​ន ឱ្យមក​ជួប​នៅផ្ទះ ដើម្បី​សម្លាប់ ។

បាន​សារភាព​បានឱ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​២៣ មិថុនា ខែ​កន្លង​មកនេះ វេលា​ម៉ោង​៩​យប់ ខ្លួន​បាន​ឲ្យ​ប្រពន្ធ​ទូរស័ព្ទ​ណាត់​ហៅ​ឈ្មោះ លៃ លី​ន មក​ជួប​នៅផ្ទះ ហើយ​ខ្លួន​បាន​រៀបចំ ចរន្តអគ្គិសនី​ដើម្បី​ត្រៀម​ឆក់ ពេល​ឈ្មោះ លៃ លី​ន មក​ដល់​ផ្ទះ​របស់​ខ្លួន ។ តាម​ផែនការ​គឺ​បាន​សម្រេច​ដូច​ការ​ខិតខំ​ទុកជា​មុន ដោយ​ខ្លួន​បាន​លប​យក​ប្រដាប់​ឆក់ ទៅ​ឆក់​លើ​ឈ្មោះ លៃ លី​ន បណ្ដាល​ឲ្យ​សន្លប់​ភ្លាម ក៍​យក​ត្បូងចប​វាយ​លើ​ក្បាល​បន្ថែម​ទៀតរ​ហួត​ដល់​ស្លាប់ ។ បន្ទាប់​មក​ក៍​យក​ថង់​ប្លា​ស្ទិ​ច​ច្រក​ក្បាល និង​យក​កៅស៊ូ​រិ​ត​កង់ ម​ករិត​ក​បន្ថែម កុំ​ឲ្យ​ចេញ​ឈាម និង​យក​ការុង​មាន​ថង់​ប្លា​ស្ទី​ច​ខាងក្នុង ច្រក​សាកសព​សែង​ពីរ​នាក់​ប្ដី​ប្រពន្ធ យក​មក​ទម្លាក់​ចោល​នៅ​ត្រពាំង​តា​ណែម ដែល​មាន​ចម្ងាយ​ប្រហែល​២០០​ម៉ែត្រ​ពី​ផ្ទះ រួច​ងូតទឹក​ចូល​ដេក​ជា​ធម្មតា ដោយ​គិត​ថា មិន​មាន​នរណា​ដឹង​ថា ខ្លួន​សម្លាប់​មនុស្ស​នោះ​ទេ​។ ចំណែក​ចបកាប់​ទុក​ក្នុង​រោង​គោ ខ្សែភ្លើង​ដែក​មាន​ដង​ឬ​ស្សី ទុក​នៅ​ក្រោម​គ្រែ​ក្នុងផ្ទះ ។

ចំណែក​ស្ត្រី​ជា​ប្រពន្ធ​ដែល​រួមគំនិត​ជាមួយ​ប្ដី​សម្លាប់​ប្រុស​សហាយ​ ឈ្មោះ ចាប សុខ​ជឿន បាន​សារភាព​ថា ខ្លួន​បាន​ទាក់ទង​ស្នេហា​លួចលាក់​ជាមួយ​ឈ្មោះ លៃ លី​ន ក្នុង​ខែមេសា ឆ្នាំ​២០១៦ កន្លង​មក ហើយ​បាន​រួមមេត្រី​លួចលាក់​ជាមួយ​គ្នា​ចំនួន​២​ដង ក៍​បែក​ការណ៍​ដឹង​ដល់​ប្ដី​សួរនាំ​ពី​រឿង​នេះ ។

ការ​សារភាព​បន្ត​ថា នៅ​ថ្ងៃ​ទី​២២ មិថុនា វេលា​ម៉ោង​៤​រសៀល ប្ដី​បាន​ឲ្យ​នាង​ទូរស័ព្ទ​ទៅ​ទាក់ទង​ហៅ​ឈ្មោះ លៃ លី​ន ឱ្យមក​ជួប​នៅផ្ទះ​។ លុះដល់​ថ្ងៃ​ទី​២៣ មិថុនា វេលា​ម៉ោង​៧​យប់ ឈ្មោះ លៃ លី​ន បាន​ទាក់ទង​តាម​ទូរស័ព្ទ​មក​ខ្លួន​សួរ​ថា ប្ដី​អូន​ឯង​នៅផ្ទះ​ឬ​អត់ ? បាន​ឆ្លើយ​ថា គាត់​អត់​នៅទេ ចាំ​ម៉ោង​៩ ឬ​ម៉ោង​១០​ចាំ​មក (​ពេល​និយាយ​ប្ដី​នៅ​ក្បែរ​ដែរ​) ។ ពេល​ឈ្មោះ លៃ លី​ន មក​ជិត​ដល់ បាន​ទូរស័ព្ទ​មក​ប្រាប់​ថា ដល់​ឥឡូវ​ហើយ ។ ពេល​ឈ្មោះ លៃ​លី​ន មក​ដល់ ប្ដី​របស់​ខ្លួន​ឈរ​ក្បែរ​ទ្វារ​រោង​បាយ ចំណែក​ខ្លួន​បាន​ឡើង​ដេក​លើ​គ្រែ គ្រ​លំ​ភួយ​ធ្វើ​ជា​ដេក ។ ភ្លាម​នោះ​ឭ​សូរ​សំឡេង​បើកទ្វារ និង​សំឡេង​ឈ្មោះ លៃ លី​ន ស្រែក ក៍​ស្ងាត់បាត់​ទៅ ។ នាង​ក៍​ងើបឡើង បញ្ចាំង​ភ្លើង​ទូរស័ព្ទ​ទៅ​ឃើញ​ឈ្មោះ​លៃ លី​ន ដេក​នៅ​លើ​ដី ដោយសារ​ត្រូវ​ប្ដី​ឆក់​សន្លប់ ហើយ​វាយ​និង​ចបកាប់​ថែម​ទៀត និង​បាន​ហៅ​ខ្លួន​ឱ្យ​រក​បាវ ។ ពេល​បាន​បាវ​ខ្លួន​ក៍បាន​ជួយ​ច្រក​សព ហើយ​សែង​ពីរ​នាក់​ប្ដី យក​សព​ទៅ​បោះចោល​នៅ​ត្រពាំង​តា​ណែម  ។

ក្រោយ​ការ​ឃាត់ខ្លួន វត្ថុ​តាង​ដែល​រក​ឃើញ​នៅផ្ទះ​ជនសង្ស័យ​មាន​១​ចបកាប់ ដង​ឬ​ស្សី​១ រ៉ូ​ឡូ​ខ្សែភ្លើង ពណ៌​ក្រហម ចំនួន​០១ មាន​ខ្សែភ្លើង ប្រវែង​៦​ម៉ែត្រ ខ្សែ​ភ្លើងពណ៌​ស ប្រវែង​៥,៤​ម៉ែត្រ​-​ឬ​ស្សី​ដង​ឆក់ ប្រវែង​១​ម៉ែត្រ​-​ដែក​កង មាន​រង្វង់​ផ្ចិត​៥២​ស​.​ម ចំនួន​០១ ។

មន្ត្រី​នគរបាល​បាន​បញ្ជាក់​ឱ្យ​ដឹង​ទៀត​ថា នេះ​ជា​ករណី​ឃាតកម្ម​ដោយ​មានការ​គ្រោង​រៀបចំ​គិត​ទុកជា​មុន ផ្ដើម​ចេញពី​អំពើ​ផិតក្បត់​ក្នុង​គ្រួសារ បង្ក​ឲ្យ​មាន​គំនុំសងសឹក ទើប​រៀបចំ​គម្រោងការ​សម្លាប់ ដោយ​ត្រៀម​រៀបចំ​ឧបករណ៍ ដើម្បី​ធ្វើ​សកម្មភាព​សម្លាប់ ដើម្បី​ដោះស្រាយ​គំនុំ និង​បញ្ចប់វិបត្តិ​ស្នេហា​ត្រីកោណ ។ ជនសង្ស័យ​ពីរ​នាក់​ប្ដី​ប្រពន្ធ ត្រូវ​បាន​នគរបាល​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​បន្ត​តាម​ នីតិវិធី ។

គួរ​រំលឹក​ថា សាកសព​ជន​រង​គ្រោះ ត្រូវ​បាន​អ្នក​ភូមិ​ទៅ​ឃ្វាលគោ​ប្រទះ​ឃើញ កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២ កក្កដា  គឺ​ក្រោយ​កើតហេតុ​ចំនួន​១០​ថ្ងៃ នៅ​ចំណុច​ក្នុង​ត្រពាំង​ទឹក ទំហំ​៤០​គុណ​៥០ ជម្រៅ​ត្រឹម​ចង្កេះ មនុស្ស​ចាស់ ស្ថិត​នៅ​ក្នុងភូមិ​តា​នូ ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង ។ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ភូមិ​ទៅ​ចោម​ង​រោម​មើល និង​រាយការណ៍​ប្រាប់​នគរបាល​ទៅ​ពិនិត្យ​សាកសព ខណៈ​មាន​សភាព ហើម​ស្អុយ​ទៅ​ហើយ​នោះ ។

មន្ត្រី​នគរបាល​បច្ចេកទេស និង​វិទ្យាសាស្ដ្រ ស្រុក​ស្អាង និង​ខេត្ត ដែល​ទៅ​ពិនិត្យ​សាកសព​បានឱ្យ​ដឹង​ថា សាកសព​ជន​រង​គ្រោះ ត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​ឈ្មោះ លៃ លី​ន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ នៅ​លីវ មុខរបរ​កម្មករ​សំណង់ មាន​ទីលំនៅ​ភូមិ​តា​នូ ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង ។ ការ​ពិនិត្យ​សាកសព​ជន​រង​គ្រោះ​ឈ្មោះ លៃ លី​ន ឃើញ​ថា សព​ត្រូវ​ច្រក​ក្នុង ការុង​ពណ៌​ខៀវ ចងខ្សែ​លួស ស្នាម​មុត​ត្រចៀក​ខាងឆ្វេង ប្រវែង​៥​ស​.​ម ជម្រៅ​ដល់​ឆ្អឹង ។ ស្នាម​មុត​នៅ​ចុង​ចិញ្ចើម​ខាងស្ដាំ មាន​រាង​មូល​ទំហំ​១​ស​.​ម ជម្រៅ​ដល់​ឆ្អឹង ។ ស្នាម​មុត​ចំហៀង​ខាងឆ្វេង លើ​ចង្កេះ​ទំហំ​១៤​ស​.​ម គុណ​៦​ស​.​ម ដាច់​ឆ្អឹង ។

ស្នាម​មុត​ពីក្រោយ​ចំ​កូយ​ក្បាល​ផ្នែក​ខាងក្រោយ ប្រវែង​២​ស​.​ម ចំនួន​២​កន្លែង ក្បាល​សព​មាន​ច្រក​ថង់​ប្លា​ស្ទិ​ច​ខ្មៅ ហើយ​នៅ​នឹង​ក មាន​រឹត​កៅស៊ូ​យឺត​៦​ជុំ ប្រវែង​១៥០​ស​.​ម ។ សម្ភារៈ​ជន​រង​គ្រោះ​មាន​កាបូប​សម្រាប់​ដាក់​លុយ​១ អត្តសញ្ញាណ​ប​ណ្ណ័​ពីរ​សន្លឹក និង​ទូរ​សព្ទ័​មួយ​គ្រឿង ៕