Man United ប្រមាញ់ទិញ Pogba ក្នុងតម្លៃ៨៤លានផោន ប៉ុន្តែ Real នាំមុខការប្រជែង

Paul Pogba នឹងចូលរួមជាមួយនឹងក្លិប Manchester United លុះត្រាតែជម្រើសទីមួយរបស់គេក្នុងការផ្ទេរទៅកាន់ក្លិប Real Madrid មិនអាចទៅរួច។ ក្តីសង្ឃឹមរបស់លោក Jose Mourinho ក្នុងការចុះហត្ថលេខាជាមួយនឹងខ្សែបម្រើអន្តរជាតិបារាំងដ៏មានឥទ្ធិពលរូបនេះ កំពុងតែពឹងផ្អែកទៅលើការឈប់ដេញថ្លៃរបស់ក្លិបអេស្ប៉ាញ និងការយល់ព្រមទៅលើការទាមទារប្រាក់បៀរវត្សរ៍របស់ Pogba ក្នុងទឹកប្រាក់ចំនួន៣០ម៉ឺនអឺរ៉ូ (ស្មើនឹង៣៣,៤លានដុល្លារអាមេរិក) ក្នុងមួយសប្តាហ៍។

pogba

ក្លិប Man United និង Real Madrid សុទ្ធសឹងចង់បាន Pogba បើទោះបីក្លិប Juventus មិនចង់បាត់បង់ខ្សែបម្រើអន្តរជាតិបារាំងរូបនេះក៏ដោយ ក្រោយពីរូបគេក៏បានស៊ុតបាល់បញ្ចូលទីផងដែរ ក្នុងពេលក្រុមជម្រើសជាតិរបស់គេទទួលជ័យជម្នះ ៥-២ លើក្រុមជម្រើសជាតិអ៊ីស្លង់ ក្នុងការប្រកួតវគ្គ៨ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ Euro ឆ្នាំ២០១៦ កាលពីថ្ងៃ អាទិត្យ។ នេះមានន័យថាក្លិបទាំងពីរ ត្រូវតែឆ្លើយតបទៅនឹងការកំណត់តម្លៃខ្លួនរបស់ Juventus ក្នុងទឹកប្រាក់៨៤លានផោន (ស្មើនឹង១១១,៥លានដុល្លារអាមេរិក) មុននឹងធ្វើការប្រជែងដេញថ្លៃ។

ប្រសិនបើ Man United ផ្តល់សំណើក្នុងទឹកប្រាក់ខ្ពស់ជាងក្លិប Real ហើយសំណើនេះត្រូវបានទទួលយក លោក Mourinho ត្រូវតែដោះស្រាយលើបញ្ហាមួយទៀត ខណៈដែល Pogba ចង់ផ្ទេរទៅកាន់ Real ជាង Man United។ គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់រូបនេះ សង្ឃឹមថា ការយល់ព្រមទៅលើការទាមទារប្រាក់បៀរវត្សរ៍របស់ Pogba អាចនឹងនាំឲ្យមានការផ្ទេរនេះកើតឡើង ហើយភ្នាក់ងាររបស់កីឡាកររូបនេះគឺលោក Mino Raiola ក៏អាចជាកត្តាមួយទៀតផងដែរ៕

ប្រភពព័ត៌មាន៖ The Guardian