Crystal បង្កើនការដេញថ្លៃ Benteke ពី Liverpool ក្នុងទឹកប្រាក់៣១,៥លានផោន

ក្លិប Crystal Palace កំពុងមានពោរពេញដោយក្តីសង្ឃឹមថា ការបង្កើនតម្លៃខ្លួនក្នុងសំណើដេញថ្លៃជាកំណត់របស់ក្លិបនេះក្នុងទឹកប្រាក់៣១,៥លានផោន (ស្មើនឹង៤១,៨លានដុល្លារអាមេរិក) នឹងបញ្ចុះបញ្ចូលឲ្យក្លិប Liverpool ចែកផ្លូវជាមួយនឹងខ្សែប្រយុទ្ធ Christian Benteke ខណៈដែលលោក Alan Pardew សម្លឹងរកការជួសជុលក្រុមរបស់លោក នៅមុនពេលយុទ្ធនាការថ្មីនៃក្របខ័ណ្ឌ Premier League ចាប់ផ្តើម។

benteke

កាលពីសប្តាហ៍មុន សំណើដេញជាលើកទី១ក្នុងទឹកប្រាក់២៥លានផោន ត្រូវបានច្រានចោលដោយ Liverpool សម្រាប់ខ្សែប្រយុទ្ធអន្តរជាតិបែលហ្ស៊ិករូបនេះ ដែលមានតម្លៃខ្លួន៣២,៥លានផោន នៅពេលដែលរូបគេបានផ្ទេរចេញពីក្លិប Aston Villa កាលពីរយៈពេលមួយឆ្នាំមុន។ សំណើថ្មីរបស់ក្លិប Crystal Palace ត្រូវបានគេយល់ឃើញថា នឹងមានតម្លៃខ្លួនជាបឋមចំនួន២៧លានផោន មុននឹងបូកនឹងប្រាក់ឧបត្ថម្ភបន្ថែមទៀតដូចជាការបង្ហាញខ្លួនក្នុងការប្រកួត ការសម្រេចសមិទ្ធផលផ្សេងៗរបស់ក្លិប និងសមត្ថភាពរបស់ក្លិបក្នុងការឈ្នះកៅអីទៅកាន់ក្របខ័ណ្ឌអឺរ៉ុប។

លក្ខខណ្ឌផ្ទាល់ខ្លួនមិនត្រូវបានរំពឹងទុកថា ក្លាយជាកត្តាជះឥទ្ធិពលឡើយ ពីព្រោះ Benteke ពិតជាចង់ធ្វើឲ្យអាជីពរបស់គេធ្វើដំណើរទៅកាន់ភាពល្អប្រសើរឡើងវិញ បើទោះបីការចរចាផ្សេងៗកំពុងតែបន្តលើសិទ្ធិលក់រូបភាពរបស់កីឡាកររូបនេះក៏ដោយ។ Benteke បានស៊ុតបាល់បញ្ចូលទី១០គ្រាប់ក្នុងការបង្ហាញខ្លួន៤២លើករបស់គេសម្រាប់ក្លិប Liverpool ក្រោយពីចូលរួមក្រោមការដឹកនាំរបស់លោក Brendan Rodgers ប៉ុន្តែ មិនបានធ្វើឲ្យលោក Jurgen Klopp មានការជឿជាក់ថា រូបគេនឹងក្លាយជាកីឡាករដ៏សំខាន់ម្នាក់ក្រោមដឹកនាំរបស់គ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់រូបនេះឡើយ៕

ប្រភពព័ត៌មាន៖ The Guardian