ម៉េ​ង កែវ​ពេ​ជ្ជ​តា​មិន​ញញើតការ​គំរាម​ប្តឹង​របស់​ដេ​នី ខ្វាន់

រាជធានី​ភ្នំពេញ ៖ អ្នក​នាង​ម៉េ​ង កែវ​ពេ​ជ្ជ​តា មិន​ខ្លាច​ការ​ប្តឹង​របស់​នាង​ដេ​នី ខ្វាន់​ទេ​និង​បដិសេធ​មិន​សុំ​ទោស​តាម​ការ​គំរាម​របស់​នាង​ទេ ។

នា​ពេល​ថ្មី​ៗ​កន្លង​មក នាង​ដេ​នី ខ្វាន់ បាន​ព្រមាន​ចាត់វិធានការ​តាម​ផ្លូវច្បាប់ និង​ទាមទារ​ឱ្យ​អ្នក​នាង​ម៉េ​ង កែវ​ពេ​ជ្ជ​តា សុំ​ទោស​ជា​សាធារណៈ​ដោយ​លើក​ហេតុផល​ថា បាន​ចោទប្រកាន់​នាង​គ្មាន​មូលដ្ឋាន​ច្បាស់លាស់ ។

តារាចម្រៀង​អ្នក​នាង​ម៉េ​ង កែវ​ពេ​ជ្ជ​តា បាន​បង្ហោះ​សារ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក កាលពី​ថ្ងៃ​ទី​៤ ខែកក្កដា ឆ្នាំ​២០១៦​ថា «​យើង​ឱ្យ​នាង​ប្តឹង តែ​យើង​មិន​សូមទោស​នាង​ជា​ដាច់ខាត ! នាង​ខុស​នៅ​ថ្លោស​ទៀត កុំ​ស្រមៃ​! មួយ​ម៉ាត់​ប្តឹង ពីរ​ម៉ាត់​ប្តឹង ងាក​ប្តឹង ! ងាក​ប្តឹង ! គំរាម​រហូត​ហ្មង​នាង​អស្ចារ្យ ! មានអី​ប្តឹង​ទៅ​នាង​មាន​សិទ្ធិ​តើ កុំ​បាច់​ទុក​ពេល កុំ​បាច់​សម្តែង​ក្តី​អាណិត​យើង​ស្អី គួរ​អាណិត​ខ្លួន​នាង​វិញ​ចុះ​។ តែបើ​ពួក​នាង​និយាយ​តែ​ពី​រឿង​ប្តឹង​មិន​ចង់​សន្តិភាព យើង​ក៏​តាម ព្រោះ​យើង​មាន​សិទ្ធិ​ប្តឹង​បាន​ដូច​គ្នា ។ ការ​លួច​យក​សំឡេង​សារ​ផ្ទាល់ខ្លួន​របស់​គេ (Private inbox chatting) ទៅ​បង្ហោះ​ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​ម្ចាស់​សំឡេង គឺជា​រឿង​ខុសច្បាប់ វា​មិនមែន​ជា​កិច្ច​សម្ភាស​រវាង​អ្នក​សារព័ត៌មាន​ជាមួយ​តារា​ទេ ។ យើង​ក៏​មិនមែន​ជា​អ្នកនយោបាយ ឬ​ឧក្រិដ្ឋជន ដែល​ចាំបាច់​ត្រូវ​យក​សំឡេង​ទៅ​ស្តាប់ ឬ​ផ្សព្វផ្សាយ​ជា​សាធារណៈ​ស្រេច​តែ​ចិត្ត​ដែរ ។ មាន​ហេតុ​ទើប​មាន​ផល ។ មិនមែន​ឮ​សំឡេង​តែ​ប៉ុណ្ណេះ​ហៅ​ថា​គ្រប់គ្រាន់​ឡើយ ។ សារ​មិនមែន​មាន​តែ​មួយ គឺ​នៅ​មាន​ច្រើន​ទៀត​។ ខ្ញុំ​អាច​បង្ហាញ​បើ​មានការ​ចាំបាច់​ណាមួយ​។

សារ​នេះ​ជាង​មួយ​ខែ​ហើយ យើង​ទេ​ដែល​ជា​ជន​រង​គ្រោះ​ត្រូវ​ប្តឹង​នាង តែ​យើង​មិន​ប្តឹង​ផង បែរជា​នាង​មក​ឈឺចាប់​ស្រែក​រក​យុត្តិធម៌​ស្អី​នៅ​ពេល​នេះ ?
ក្របី​អាច​វង្វេង​បឹង តែ​ជង់​មិន​ភ្លេច​កុក​ទេ ។ កាន់តែ​រើ​កាន់តែ​តឹង​ដូច​ក្រពើ​រមិលគុណ​ជាប់​ចំណង​តាប​រទេះ ។ មែនហើយ ខ្ញុំ​មិនមែន​ជា​អ្នកចេះ​ដឹង ខ្ញុំ​ក៏​ចង់​សួរ​ទៅ​អ្នក​ច្បាប់​ដែរ​ថា ហេតុផល​នាង​ចង់​ប្តឹង​ខ្ញុំ និង​ហេតុផល​ខ្ញុំ​ប្តឹង​ពួក​នាង តើ​មួយ​ណា​មាន​ស្ថាន​ទម្ងន់​ក្នុង​ផ្លូវច្បាប់​ជាង? ហើយ​តើ​មានទោស​កម្រិត​ណា​ក្នុង​ការ​បំពាន​សិទ្ធិ​យក​សំឡេង​ផ្ទាល់ខ្លួន​គេ​ទៅ​ផ្សព្វផ្សាយ​សាធារណៈ​ដោយ​គ្មាន​ការ​អនុញ្ញាត ? កាន់តែ​រើ​កាន់តែ​តឹង​» ។

តាម​រយៈ​សារ​របស់​អ្នក​នាង​ម៉េ​ង កែវ​ពេ​ជ្ជ​តា នេះ​បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​កម្តៅ​នៃ​ជម្លោះ​របស់​នាង​ជាមួយ​ដេ​នី ខ្វាន់ កើនឡើង​មួយ​កម្រិត​ទៀត បន្ទាប់​ពី​រឿង​អ្នក​នាង​ម៉េ​ង កែវ​ពេ​ជ្ជ​តា រិះគន់​នាង​ដេ​នី ខ្វាន់ ចំពោះ​ការ​ស្លៀកពាក់​សិច​ស៊ី ។ កម្តៅ​នៃ​ជម្លោះ​មួយ​នេះ​បាន​ថមថយ​ទៅ​វិញ​បាន​មួយ​រយៈ​ក្រោយ​ពី​នាង​ដេ​នី ខ្វាន់ សុំ​ទោស​អ្នក​នាង​ម៉េ​ង កែវ​ពេ​ជ្ជ​តា និង​ទទួល​ការ​ណែនាំ​ពី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ។ កម្តៅ​ជម្លោះ​បាន​ឆេះ​ឡើង​វិញ​ជា​ថ្មី បន្ទាប់​ពី​អ្នក​នាង​ម៉េ​ង កែវ​ពេ​ជ្ជ​តា និយាយ​ប្រាប់​សារព័ត៌​មាននៅ​ក្នុងស្រុក​មួយ​ថា​នាង​ដេ​នី ខ្វាន់ ស្ថិត​នៅ​ពីក្រោយ​ការ​គំរាម​សុវត្ថិភាព​ផ្ទាល់ខ្លួន​របស់​នាង ។ បន្ទាប់​មក​នាង​ដេ​នី ខ្វាន់ បដិសេធ និង​ព្រមាន​ចាត់វិធានការ​ផ្លូវច្បាប់​លើ​អ្នក​នាង​ម៉េ​ង កែវ​ពេ​ជ្ជ​តា និង​បាន​ទាមទារ​ឲ្យ​តារាចម្រៀង​រូប​នេះ​សុំ​ទោស​នាង​ជា​សាធារណៈ​ទៀត​ផង ៕