​ជីវិត​​​ដល់​​ទី​បំផុត រវាង​​គូសង្សាររួមដៃ​គ្នា ​​សម្លាប់​​​មនុស្សយ៉ាងព្រៃ​ផ្សៃ​​

រាជធានី​ភ្នំពេញ ​៖ ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​ លោក​ជួន សុរា​សី ប្រធាន​ប្រឹក្សា​ ​កាលពី​រសៀល​ថ្ងៃ​ទី​៤ កក្កដា ២០១៦ បាន​​ប្រកាស​សាលក្រម​ក្នុង​សំណុំរឿង «ឃាតកម្ម​គិត​ទុកជា​មុន» តាម​មាត្រា​២០០​នៃ​ក្រមព្រហ្មទណ្ឌ ប្រព្រឹត្ត​នៅ​ចំណុច​វាលស្មៅ​ព្រៃ​ត្រែង ស្ថិតក្នុង​ដី​ឡូ​ត៍​មួយ​កន្លែង​ ខាងកើត​ស្ពាន​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ​កាលពី​ថ្ងៃ​ទី​៤ ធ្នូ ២០១៥ ។

ជនជាប់ចោទ​ឈ្មោះ អ៊ូច ស្រី​រ័​ត្ន ភេទ​ស្រី​ អាយុ​១៩​ឆ្នាំ ​ជា​ស្រី​ខារ៉ាអូខេ ចៅក្រម​សម្រេច​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​កំណត់​រយ​:​ពេល​៣៥​​ឆ្នាំ ។ ចំណែក​​ជនជាប់ចោទ​​ឈ្មោះ​ធឿ​ន គី​ម ភេទ​ប្រុស ​អាយុ​២២​ឆ្នាំ ត្រូវ​ជា​សង្សារ និង​បុគ្គលិក​សន្តិសុខ​ក្រុមហ៊ុន​ ISA​ សម្រេច​​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​អស់​មួយ​​ជីវិត និងបង្គាប់​ឱ្យ​សង់ជំងឺចិត្ត​ទៅដើមបណ្តឹង​ ម្តាយ​ជន​រង​គ្រោះ​​ឈ្មោះ សិម​ ស្រី​អាន​ចំនួន​​៣​ម៉ឺន​ដុល្លារ ។

សូម​ជម្រាប​ថា ​សវនាការ​នេះ​ធ្វើការ​ជម្រះ​​ កាលពី​ព្រឹក​ថ្ងៃ​ទី​១៧ មិថុនា កន្លងមក ជនជាប់ចោទ​ឈ្មោះអ៊ូច ស្រី​រ័​ត្ន ភេទ​ស្រី ​អាយុ​១៩​ឆ្នាំ​ បាន​ឆ្លើយ​សារភាព​ថា ​ខ្លួន​បាន​ស្គាល់​ជន​រង​គ្រោះ​ឈ្មោះយ៉ុ​ន តុលា (​ស្លាប់​) ហើយ​​ជន​រង​គ្រោះ​​បាន​បបួល​ខ្ញុំ​ទៅ​ច្រៀង​ខារ៉ា​អូ​ខេ​នៅ​ម្តុំ​ជ្រោយចង្វា​រ តែ​ខ្ញុំ​មិន​ទៅ ។ ហើយ​ពេល​នោះ​ខ្ញុំ​បាន​បបួល​ជន​រង​គ្រោះ​​ទៅ​​រួម​ភេទ ពេល​នោះ​​ជន​រ​ង​គ្រោះ​បាន​បបួល​ខ្ញុំ​ដេក​ផ្ទះសំណាក់ ​តែ​ខ្ញុំ​ប្រាប់​ថា​ ទៅ​ព្រៃ​ត្រែង​ស្ងាត់​​ជាង ។ ហើយ​ពេល​នោះ​ សង្សារ​ខ្ញុំ​ឈ្មោះ​ធឿ​ន គី​ម បាន​មក​វាយ​ជន​រង​គ្រោះ​បួន​ប្រាំ​​ដំបង គម្រោង​នេះ​ ខ្ញុំនិងសង្សារ​​បាន​រៀបចំ​រយ​:​ពេល​ជាង​កន្លះ​ខែ​មក​ហើយ ​ដើម្បី​ប្លន់​យក​ម៉ូតូ​C១២៥ 1-G4022​ ព្រៃវែង​ យក​មក​លក់​ចែក​លុយ​គ្នា​ ។

ជនជាប់ចោទ​ឈ្មោះធឿ​ន គី​ម ភេទ​ប្រុស ​អាយុ​២២​ឆ្នាំ​ ​បាន​ឆ្លើយ​សារភាព​ដែរថា ខ្លួន​ពិតជា​បាន​វាយ​ជន​រង​គ្រោះ​បួន​-ប្រាំ​ដំបងពិត​មែន ​ដោយ​ឈ្មោះ​ស្រី​រ័​ត្ន​ បាន​ឱ្យ​ខ្លួន​វាយ​​សម្លាប់ ។