លោក សុខ អាន ជួប​ប្រតិភូ​ក្រុម​ស្ត្រី​ជិះ​ម៉ូតូ​ធំ មក​ពី​ឥណ្ឌា​ពិភាក្សា​ការ​លើកកម្ពស់​កូនស្រី

រាជធានី​ភ្នំពេញ ៖ លោក​បណ្ឌិត​សភាចា​រ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី នៅ​ថ្ងៃ​ទី​៤ ខែកក្កដា បាន​អនុញ្ញាត​ឲ្យ​ក្រុម​ស្ត្រី​ឥណ្ឌា​ដែល​ជិះ​ម៉ូតូ​ធំ​មួយ​ក្រុម ​(Biking Queens) ចូល​ជួប​សម្តែង​ការ​គួរសម​នៅ​វិមាន​មិត្តភាព ទីស្តីការគណៈរដ្ឋមន្ត្រី និង​បាន​ពិភាក្សា​លើ​យុទ្ធនាការ​លើកកម្ពស់​ការ​អប់រំ​កូនស្រី​នៅ​លើក​ពិភពលោក ។

ក្រុម​ស្ត្រី​ជិះ​ម៉ូតូ​ធំ​នេះ បាន​មក​ដល់​កម្ពុជា​កាលពី​ថ្ងៃ​ទី​៣ ខែកក្កដា តាម​ច្រក​បា​វិត ព្រំដែន​កម្ពុជា​-​វៀតណាម ហើយ​គ្រោង​នឹង​ឆ្លងកាត់​១០​ប្រទេស​រួម​មាន ប្រទេស​នេ​ប៉ា​ល់ ប្រទេស​ឥណ្ឌា ប្រទេស​ប៊ូ​តាន ប្រទេស​មី​យ៉ា​ន់​ម៉ា ប្រទេស​ថៃ ប្រទេស​ឡាវ ប្រទេស​កម្ពុជា ប្រទេស​វៀតណាម ប្រទេស​ម៉ា​ឡេ​ស៊ី និង​ប្រទេស​សិង្ហ​បូ​រី ដើម្បី​យុទ្ធនាការ​លើកកម្ពស់​ការ​អប់រំ​សម្រាប់​កូនស្រី​ទូទៅ​នៅ​ក្នុង​ពិភពលោក ។

លោក ឯក ថា អ្នកនាំពាក្យ​អង្គភាព​ព័ត៌មាន​និង​ប្រតិកម្ម​រហ័ស​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី បាន​ឲ្យ​ដឹង​ថា យុទ្ធនាការ​ដែល​ធ្វើ​ឡើង​ដោយ​ស្ត្រី​ឥណ្ឌា​មួយ​ក្រុម​នេះ គឺ​ដើម្បី​ចូលរួម​ផ្សព្វផ្សាយ​អំពី​ការ​សង្គ្រោះ និង​ការ​អប់រំ​សម្រាប់​កូនស្រី ដែល​ជា​ទិស​ដៅ​របស់​រដ្ឋាភិបាល​ឥណ្ឌា ក្នុង​ការ​បង្កើន​ការ​យល់​ដឹង​និង​ប្រសិទ្ធភាព​នៃ​ការ​ផ្តល់​សេវា​សុខុមាលភាព​សម្រាប់​ស្រី្ត ។

លោក ឯក ថា បន្ត​ថា គម្រោង​នេះ​បាន​ដាក់​ឲ្យ​អនុវត្ត​ដោយ​លោក Narendra Modi នាយក​រដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ឥណ្ឌា កាលពី​ថ្ងៃ​ទី​២២ ខែមករា ឆ្នាំ​២០១៥ ដោយ​មាន​ថវិកា​ផ្តួចផ្តើម​ប្រមាណ​១៥​លាន​ដុល្លារ​អា​មេរិ​ក ។ ពួក​គេ​នឹង​ទៅ​កាន់​ប្រាសាទ​អង្គរ រួច​បន្តដំណើរ​ទៅ​កាន់​ទីក្រុង​បាងកក តាម​ច្រក​ប៉ោយ​ប៉ែ​ត ព្រំដែន​កម្ពុជា​-​ថៃ នៅ​ថ្ងៃ​ទី​៥ ខែកក្កដា ឆ្នាំ​២០១៦ និង​ប្រទេស​ជា​បន្តបន្ទាប់​ទៀត ដែល​មាន​១០​ប្រទេស​ក្នុង​អាស៊ី​នេះ ។

ជាមួយ​គ្នា​នេះ លោក​បណ្ឌិត​សភាចា​រ្យ សុខ អាន បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​យុទ្ធនាការ​ផ្សព្វផ្សាយ​របស់​ស្ត្រី​ឥណ្ឌា​មួយ​ក្រុម​នេះ ដើម្បី​បង្កើន​ការ​យល់​ដឹង​និង​ប្រសិទ្ធភាព​នៃ​ការ​ផ្តល់​សេវា​សុខុមាលភាព​សម្រាប់​ស្រី្ត​ទូទៅ​នៅ​ក្នុង​ពិភពលោក ។ លោក​ឧបនាយករដ្ឋមន្ត្រី​ថ្លែង​ថា រាជរដ្ឋាភិបាល​កម្ពុជា ក៏​បាន​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង​ចំពោះ​បញ្ហា​សម្រាប់​កូនស្រី​នេះ ដោយ​ចាត់​ទុក​ថា ស្ត្រី​ជា​មាតា​ពិភពលោក និង​ស្ត្រី​ជា​ឆ្អឹងខ្នង​នៃ​កិច្ច​អភិវឌ្ឍន៍​សង្គម​ជាតិ ដែល​រាល់​កិច្ចការ​នានា​ដំណើរការ​ទៅ​មុខ គឺ​មិន​អាច​ខ្វះ​ស្ត្រី​បាន​ឡើយ ។ ដូចនេះ ការ​គិតគូរ​ពី​បញ្ហា​ស្ត្រី គឺជា​កត្តាចាំបាច់​បំផុត ។

លោកស្រី Sarika Mehta តំណាង​ប្រតិភូ​បាន​ថ្លែងអំណរគុណ​លោក​បណ្ឌិត​សភាចា​រ្យ សុខ អាន ដែល​បាន​ឲ្យ​តម្លៃ​ខ្ពស់​ដល់​ស្ត្រី​និង​ក្មេង​ស្រី ពិសេស​បាន​គិតគូរ​ទាំង​សុខភាព និង​ចំណេះដឹង​ដល់​ស្ត្រី​នៅ​កម្ពុជា ដោយ​បាន​ផ្តល់​ឱកាស​ឲ្យ​ក្មេង​ស្រី​និង​ស្ត្រី បាន​រៀនសូត្រ​និង​បាន​ចូលរួម​ក្នុង​កិច្ចការ​សង្គម​យ៉ាងច្រើន ៕