កូនធម៌​លេង​មួយ​ក្បាច់ បះសក់​ម៉ែធម៌

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ជា​ម៉ែធម៌​ម្នាក់​ និង​ បុរស​អ្នក​រត់​កង់​បី​ម្នាក់​ទៀត ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្ដិ៍​ចោម​ចៅ​ធ្វើការ​ចាប់ខ្លួន​តាម​បណ្តឹង​របស់​បុរស​ម្ចាស់​ម៉ូតូ​ម្នាក់ បន្ទាប់​ពី​កូនធម៌​ពឹង​ឲ្យ​ជូន​ទៅ​ទិញ​ម៉ូតូ​ហើយ​ជិះ​សាក​ទៅ​បាត់​មិន​វិល​មក​វិញ ។ ហេតុការណ៍​ខាងលើ​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២ និង​៥០​នាទី​រសៀល ថ្ងៃ​ទី​០៤ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្ទះ​លក់​ម៉ូតូ​តាម​បណ្ដោយ​ផ្លូវ​ចូល​ទៅ​រោងចក្រ QMI ស្ថិត​ក្នុងភូមិ​ជម្ពូ​វ័ន សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ថា អ្នក​ដែល​ត្រូវ​នគរបាល​ឃាត់ខ្លួន​នោះ ១-​ឈ្មោះ សំ ធា​រ៉ា​ក់ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​រត់​ម៉ូតូ​កង់​បី មាន​ទីលំនៅ​ភូមិ​ព្រៃ​ល្ងរ សង្កាត់​ចោម​ចៅ និង​មានស្រុក​កំណើត​នៅ​ភូមិ​ខ្ទរ ដ​ង្កា​ត់​ព្រែក​លៀប ខណ្ឌ​ជ្រោយចង្វារ ។ ២-​ឈ្មោះ ខាន់ ធឿ​ន ភេទ​ស្រី អាយុ​៤១​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល​ក្នុងភូមិ​ព្រៃ​សណ្តែក សង្កាត់​ចោម​ចៅ ទើបបាន​រយៈពេល​៣​ថ្ងៃ​ប៉ុណ្ណោះ និង​មានស្រុក​កំណើត​នៅ​ក្នុងភូមិ​ស្មោង ឃុំ​សំឡាញ់ ស្រុក​អង្គ​ជ័យ ខេត្តកំពត ស្រី​រូប​នេះ​គឺជា​ម៉ែធម៌​របស់​ឈ្មោះ សុខ សុ​វ​ណ្ណា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ស្នាក់​នៅ​បន្ទប់​ជួល​ជាប់​ស្ត្រី​ជា​ម៉ែធម៌​នោះ​ដែរ ជន​នេះ​បាន​គេចខ្លួន​បាត់​ដោយ​បាន​យក​ម៉ូតូ​របស់​គេ​១​គ្រឿង ម៉ាក ហុងដា ឌ្រី​ម សេ​១២៥ ស៊េរី​ឆ្នាំ​២០១៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1DG-1160 ទៅ​ជាមួយ​ផង ដែរ ។

សមត្ថកិច្ច​នគរបាល​បាន​ឲ្យ​ដឹង​ថា ស្ត្រី​ឈ្មោះ ខាន់ ធឿ​ន និង​ជនសង្ស័យ​ឈ្មោះ សុខ សុ​វ​ណ្ណា បាន​យក​គ្នា​ធ្វើ​ជា​ម្ដាយធម៌​កូនធម៌ ១​ខែ​កន្លង​មក​ហើយ មិនតែប៉ុណ្ណោះ​ជន​នោះ​នៅ​ធ្លាប់​បាន​ទៅ​លេង​ដល់​ស្រុក​កំណើត​ម៉ែធម៌​ថែម​ទៀត​ផង ។ ក្រោយ​ពេល​បាន​ក្លាយទៅជា​កូនធម៌​ម៉ែធម៌​រួច​មក ជនសង្ស័យ​រូប​នោះ​បាន​និយាយ​បញ្ចុះបញ្ចូល និង​លួងលោម​ឲ្យ​ស្ត្រី​ជា​ម៉ែធម៌​មាន​ទំនុកចិត្ត ហើយ​ក៏​បាន​សន្យា​នឹង​រក​ការងារ​ឲ្យ​ម្ដាយធម៌​ធ្វើ​ទៀត ។ ដោយឡែក​នៅ​រសៀល​ថ្ងៃ​ទី​០៤​កក្កដា ជនសង្ស័យ​បាន​លួងលោម​ឲ្យ​ស្ត្រី​នោះ​ជូន​ដើរ​រក​ទិញ​ម៉ូតូ​សម្រាប់​ទុក​ជិះ​ទៅ​ធ្វើការ ហើយដោយ​កូនធម៌​ពឹង​ឲ្យ​ជូន​ហើយ ស្ត្រី​រូប​នោះ​ក៏​បាន​យល់ព្រម និង​បាន​នាំ​គ្នា​ហៅ​ម៉ូតូ​កង់​បី​របស់​ឈ្មោះ សំ ធា​រ៉ា​ក់ ជិះ​ទៅ​កាន់​កន្លែង​លក់​ម៉ូតូ​មួយ​កន្លែង ស្ថិត​នៅ​តាម​ផ្លូវ​ចូល​រោងចក្រ QMI ហើយ​បាន​តថ្លៃ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា ឌ្រី​ម សេ​១២៥ ស៊េរី​ឆ្នាំ​២០១៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1DG-1160 ដោយ​ត្រូវរ៉ូវ​គ្នា​ក្នុង​តម្លៃ​១៤៥០​ដុល្លារ ។

សមត្ថកិច្ច​នគរបាល​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា ខណៈនោះ​បុរស​អ្នក​រត់​ម៉ូតូ​កង់​បី​បាន​សុំ​ជិះ​សាក​មុនគេ លុះ​ជិះ​បាន​បន្តិច​ក៏​បាន​ត្រឡប់​ទៅ​កាន់​កន្លែង​ដើម​វិញ ហើយ​ជនសង្ស័យ​ដែល​ជា​កូនធម៌​ឈ្មោះ សុខ សុ​វ​ណ្ណា ជិះ​សាក​ម្តង ហើយ​ក៏​ទៅ​បាត់​រហូត​បាត់​ស្រមោល​លែង​វិល​វិញ​តែ​ម្ដង ។ បន្ទាប់​ពី​ចាំ​បាត់​ៗ អ្នកលក់​ម៉ូតូ​ក៏​បាន​ឃាត់ខ្លួន​ស្ត្រី​ជា​ម៉ែធម៌ និង បុរស​ដែល​ជា​អ្នក​រត់​ម៉ូតូ​កង់​បី​នោះ​មិន​ឲ្យ​ទៅ​ណា រួច​ទើប​ប្ដឹង​ឲ្យ​នគរបាល​ប៉ុស្ដិ៍​ចោម​ចៅ​ចុះ​ទៅ​ចាប់ខ្លួន​នាំ​ទៅ​សាកសួរ​នៅ​ប៉ុស្ដិ៍ ដើម្បី​ដោះស្រាយ​គ្នា​តាម​ច្បាប់ ប៉ុន្តែ​ប្រសិនបើ​អ្នក​ទាំង​ពីរ​នាក់​នោះ​មាន​លុយ​សង​ថ្លៃ​ម៉ូតូ​អាច​នឹង​រួចខ្លួន ប៉ុន្តែ​បើ​មិន​មាន​ទេ​នឹង​ត្រូវ​ចាត់ការ​តាម​និ​តិ​វិធី​ហើយ ៕