ជុំ លីណូ បើក​ឆាក​​វ៉ុល​ដំបូង​​របស់​​ផលិតកម្ម​ថ្មី

ក្រោយ​ពី​ស្ងប់​ស្ងាត់​មួយ​រយៈ​លោក ជុំ លីណូ ប្រាប់​ថា ​ឥឡូវ​លោក​​កំពុង​​ជ្រក​ក្នុង​​ផលិត​កម្ម​ សាស្រ្តា ​(Sastra Film) ដោយ​កុង​ត្រា​រយៈ​ពេល​៣​ឆ្នាំ​ មិន​តែ​ប៉ុណ្ណោះ​នឹង​មាន​បទ​ថ្មីៗ​សម្រាប់​បើក​វ៉ុល​ដំបូង​របស់​​​ផលិត​កម្ម​ទៀត​ផង។

 

​លីណូ ថ្លែង ៖ “បទ​ថ្មី​របស់​បង​ នឹង​មាន​ចេញ​ក្នុង​វ៉ុល​ដំបូង​របស់​ផលិត​កម្ម​តែ​ម្តង​ ព្រោះ​កន្លង​មក ​​ខាង​ផលិតកម្ម​ប្រាប់​ថា​ មិន​ទាន់​មាន​ចេញ​​ជា CD​លក់​​នៅ​លើ​ទី​ផ្សារ​ទេ”។

 

យ៉ាង​ណា​មិញ​ ទន្ទឹម​នឹង​ការ​រីក​ចម្រើន​ខាង​ផ្នែក​ស្នាដៃ​និពន្ធ​ថ្មី​ ជុំ លីណូ ប្រាប់​ថា​​ លោក​នឹង​មាន​បទ​ថ្មី​ៗ​សម្រាប់​ចែក​ជូន​បងប្អូន​ស្ដាប់​កម្សាន្ត​ប៉ុន្តែ​មិន​មែន​ជា​បទ​ Original​ សុទ្ធ​សាធ​​នោះ​ទេ។

 

ជុំ លីណូ បើក​ឆាក​​វ៉ុល​ដំបូង​​របស់​​ផលិតកម្ម​ថ្មី


តារា​និយម​លេង​ស្ទីល​តាម​ក្បាច់​រាំ​របស់ Michael Jackson បន្ថែម៖ “បទ​ទាំង​អស់​ មិន​មែន​សុទ្ធ​តែ​ស្នាដៃ​និពន្ធ​ថ្មី​សុទ្ធ​ទេ​អូន ក្នុង​នោះ​មាន​យក​បទ​ខ្មែរ​យើង​ច្នៃ​ថ្មី​វិញ​ខ្លះៗ ប៉ុន្តែ​ខាង​ក្រុម​ការងារ​ទាំង​អស់​គ្នា​ នឹង​ព្យាយាម​ផលិត​បទ​ស្នាដៃ​និពន្ធ​ថ្មីៗ​ឲ្យ​បាន​ច្រើន​សម្រាប់​បំពេញ​តម្រូវ​ការ​បងប្អូន​ទាំង​អស់​គ្នា”។

 

បើ​ទោះ​ជា​បទ​ទាំង​អស់​ មិន​មែន​ជា​ស្នាដៃ​និពន្ធ​ថ្មី​សុទ្ធ​សាធ​ក៏​ដោយ​ ប៉ុន្តែ​តារា​ចម្រៀង​ខាង​លើ​មាន​ក្តី​សង្ឃឹម​លើ​ផលិត​កម្ម​ថ្មី​ថា ​នឹង​អាច​មាន​ប្រជា​ប្រិយ​ភាព​ជាង​មុន​ ដោយ​លោក​សម្គាល់​តាម​រយៈ​ការ​ផុស​បទ​ចម្រៀងលោក​​​ក្នុង​បណ្ដាញ​សង្គមនាពេល​​ថ្មីៗកន្លង​មក​នេះ៕

 

អត្ថបទ៖ ថា​ ម៉ាលីដា